ជាតិ
សង្គមជាតិ
លោក អុឹម ហាច ដែលអះអាងជាអ្នកកាសែត និងពលរដ្ឋមួយក្រុម ព្រមព្រៀងគ្នា ទទួលកំហុសរៀងខ្លួន
04, Dec 2023 , 3:29 pm        
រូបភាព
លោក អុឹម ហាច ដែលត្រូវគេចាប់ចងដៃចងជើង។ រូបពី បណ្ដាញសង្គម
លោក អុឹម ហាច ដែលត្រូវគេចាប់ចងដៃចងជើង។ រូបពី បណ្ដាញសង្គម
ភ្នំពេញ៖ លោក​ អ៊ឹម ហាច ហៅ ជាង ហាច និងក្រុមពលរដ្ឋ ដែលបានចាប់រូបលោកចង ហើយថតបង្ហោះវីដេអូ បានព្រមព្រៀមគ្នា ទទួលស្គាល់កំហុសរៀងខ្លួន និងដកពាក្យបណ្ដឹង ដោយសន្យាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ទៀតឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។

 
លោក អ៊ឹម ហាច ដែលបានអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន «សានព្រហ្ម» ត្រូវបានពលរដ្ឋមួយក្រុម មានលោក អួន គីមអាង, លោក អ៊ឹម ផែន, លោក សោ ចាន់ណារី និងលោក ម៉ាង គីមហ៊ាន់ ចាប់ខ្លួន ហើយចងដៃចងជើងរូបលោក កាលថ្ងៃទី២ធ្នូ នៅឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ 
 
ករណីនេះ លោក អ៊ឹម ហាច បានចោទថា ក្រុមពលរដ្ឋខាងលើគុំគួននឹងលោក ដែលបានថតវីដេអូដឹកឈើរបស់ពួកគេ។ លុះដល់យប់ឡើង ក្រុមពលរដ្ឋដឹកឈើទាំងនោះ បានដេញតាមផ្ដួលម៉ូតូ និងចាប់លោកទៅផ្ទះលក់គឿងសំណង់យីយោ លី សេងហុង។ ប៉ុន្តែ តាមការបំភ្លឺរបស់ក្រុមពលរដ្ឋទាំង៤រូបខាងលើ អះអាងថា លោក អ៊ឹម ហាច បានចូលផ្ទះពួកគេ ដោយគ្មានការអនុញ្ញាត នៅពេលយប់ ហើយថតទីកន្លែងទុកដាក់ឈើ។ 
 
ក្រោយពីសមត្ថកិច្ច និងតុលាការ ខេត្តកំពង់ចាម បានសាកសួរ និងប្រមូលភស្តុតាង រកឃើញថា លោក អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាព CNM ហើយត្រូវអង្គភាពនេះ បញ្ឈប់ពីការងារ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីក្រសួងព័ត៌មាន បុគ្គល អ៊ឹម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។ 
 
ចំពោះ​ករណីចាប់លោក អ៊ឹម ហាច ចងវិញ រដ្ឋបាលខេត្តកំពង់ចាមបកស្រាយដូច្នេះ៖ «ករណីនេះ គឺជាបញ្ហាជម្លោះដែលកើតឡើងរវាងបុគ្គលនិងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅចាប់ចង ឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងប្រមូល និងចងក្រងសំណុំរឿង ដើម្បីផ្ដល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង»។ 
 
ទាក់ទិននឹងសកម្មភាពដឹកឈើ ដែលលោក អ៊ឹម ហាច បានថតផ្សាយវិញ រដ្ឋបាលខេត្ត អះអាងថា ជាឈើដែលប្រជាពលរដ្ឋទិញពីដេប៉ូស្របច្បាប់​ អនុញ្ញាតរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ 
 
ក្រោយសមត្ថកិច្ចនិងតុលាការ បានសាកសួរលោក អ៊ឹម សាច បានសារភាពថា ខ្លួនពិតជាបានចូលទៅបរិវេណគេហដ្ឋានភាគីពលរដ្ឋខាងលើ ដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ចំណែក ភាគីខាងក្រុមពលរដ្ឋទាំង៤វិញ ក៏សារភាពថា ពួកគេបានព្យាយាមប្រតាយប្រតប់ ដើម្បីចាប់ជនសង្ស័យ ហើយនាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចពិតមែន ប៉ុន្តែមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្ម ផ្លូវកាយលើលោក អ៊ឹម ហាច ឡើយ។ 
 
ជាលទ្ធផលនោះ ភាគីទាំងពីរបានព្រមព្រៀងទទួលកំហុស និងសុំដកពាក្យបណ្ដឹង។ ក្រោយពីបើកការស៊ើបអង្កេតចប់ តុលាការក៏អនុញ្ញាតដោះលែងជនសង្ស័យទាំងអស់ ត្រឡប់ទៅផ្ទះវិញ។
 
យ៉ាងណា ករណីនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅហាត់ថា ខេមបូចា យល់ថា ករណីចាប់មនុស្សចងដៃចងជើងខាងលើ ជាករណីហិង្សានិងឃោរឃៅធ្ងន់ធ្ងរ។ ដូច្នេះ អ្នកអនុវត្តច្បាប់គួរណាស់ ចាត់វិធានការឱ្យបានតឹងរឹង និងស្រាវជ្រាវឱ្យបានម៉ត់ចត់។ 
 
«ក្នុងសង្គមយើង នៅមានអំពើអយុត្តិធម៌បែបហ្នឹងកើតឡើងទៀត វាបង្កភាពអយុត្តិធម៌ ភាពប្រេះឆាក្នុងសង្គមធ្ងន់ធ្ងរ ដោយសាររងគ្រោះពីការធ្វើទារុកម្ម បើសិនអ្នកប្រព្រឹត្តបទល្មើសបែរជា មិនត្រូវបានស៊ើបអង្កេតនិងរួចខ្លួនទៅវិញ»។ លោក ណុប វី ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទបែបនេះ ដោយលោក ទទូចឱ្យស្ថាប័នជំនាញពាក់ព័ន្ធ គួរស៊ើបករណីខាងលើឱ្យមានឯករាជ្យភាព ដើម្បីកងសាងទំនុកចិត្តពីពលរដ្ឋ និងឈានដល់ការបញ្ចប់និទណ្ឌភាព៕ 

© រក្សាសិទ្ធិដោយ thmeythmey.com