ជាតិ
អន្តរជាតិ
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ស្នើភាគីកម្ពុជាជួយប្រជាជនខ្លួនរៀនសូត្របានប្រសើរ និងគោរពច្បាប់កម្ពុជា
04, Dec 2023 , 6:59 pm        
រូបភាព
លោកស្រី Li Thi Thu Hang អនុរដ្ឋមន្រ្តីការបរទេសវៀតណាម(ឆ្វេង) ជាមួយលោកម៉ៅ ច័ន្ទតារា​ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែធ្នូ។ រូបភាពអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
លោកស្រី Li Thi Thu Hang អនុរដ្ឋមន្រ្តីការបរទេសវៀតណាម(ឆ្វេង) ជាមួយលោកម៉ៅ ច័ន្ទតារា​ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែធ្នូ។ រូបភាពអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
វៀតណាមសង្ឃឹមថា ភាគីកម្ពុជា ជាពិសេសអាជ្ញាធរតំបន់នៅគ្រប់ជាន់ថ្នាក់ ជួយប្រជាជនដើមកំណើតវៀតណាមរៀនបានប្រសើរ និងគោរពច្បាប់ ការណែនាំ និងគោលនយោបាយកម្ពុជា។ លោកស្រី Li Thi Thu Hang អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ បានសង្កត់ធ្ងន់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី៣ ខែធ្នូ។

 
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ លោកស្រី Li Thi Thu Hang អនុរដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបជាមួយរដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស លោក ស៊ា កុសល និងលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងមហាផ្ទៃ និងមន្រ្តីកម្ពុជាផ្សេងទៀត។ 
 
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោកស្រី Hang បានបង្ហាញក្តីសង្ឃឹមថា ភាគីកម្ពុជា ជាពិសេសអាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់ នឹងជួយប្រជាជនដើមកំណើតវៀតណាមឱ្យរៀនសូត្របានកាន់តែប្រសើរ និងគោរពច្បាប់ សេចក្តីណែនាំ និងគោលនយោបាយកម្ពុជា។ 
 
ទន្ទឹមនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម បានអរគុណដល់រដ្ឋាភិបាល និងប្រជាជន ដែលបានបង្កើតលក្ខខណ្ឌដ៏សមស្របមួយសម្រាប់សហគមន៍វៀតណាម ក្នុងការរស់នៅ និងធ្វើធុរកិច្ចនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសវៀតណាមរូបនេះ បានស្នើឱ្យកម្ពុជាយកចិត្តទុកដាក់ និងដោះស្រាយបញ្ហា ដែលប្រជាជនដើមកំណើតវៀតណាមកំពុងជួបប្រទះ។ 
 
ជាការឆ្លើយតប មន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានៅតែបន្តគោលនយោបាយក្នុងការបង្កើតលក្ខខណ្ឌដ៏សមស្របសម្រាប់ជនបរទេស និងប្រជាជនដើមកំណើតវៀតណាមដែលរស់នៅកម្ពុជា និងគោរពច្បាប់ប្រទេសរបស់ខ្លួន។ 
 
បន្ថែមពីនេះ​ មន្រ្តីកម្ពុជាបានជំរុញឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់ផ្លូវផ្លូវពីភ្នំពេញ-ប៉ាវិត និងផ្លូវ ក្រុងHCM-Moc Ba ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍។ 
 
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមមកកម្ពុជា ធ្វើឡើងមុនពេលខួប ៤៥ឆ្នាំនៃជ័យជម្នះរបស់កម្ពុជាលើរបបប៉ុល ពត ក្នុងឆ្នាំ១៩៧៩។ ភាគីវៀតណាម គ្រោងធ្វើពិធីអបអរជ័យជម្នះនេះ នៅក្រុងហាណូយផងដែរ៕ 

Tag:
 វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com