ជាតិ
សង្គមជាតិ
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនអ្នកលក់អនឡាញ៥នាក់ ដោយសារនិយាយអាសអាភាស
04, Dec 2023 , 4:29 pm        
រូបភាព
អ្នកលក់អនឡាញទាំង៥នាក់ ដែលប្រើពាក្យអាសអាភាស។ រូបពី ស្ងនការដ្ឋាននរគបាលខេត្តកណ្ដាល
អ្នកលក់អនឡាញទាំង៥នាក់ ដែលប្រើពាក្យអាសអាភាស។ រូបពី ស្ងនការដ្ឋាននរគបាលខេត្តកណ្ដាល
ភ្នំពេញ៖ អ្នកលក់ផលិតផលអនឡាញ៥នាក់ នៅសង្កាត់ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល​ ត្រូវបានតុលាការសម្រេចឃុំខ្លួន ព្រោះប្រើពាក្យអាសអាភាស។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចេញផ្សាយ។

 
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាកម្លាំងជំនាញ ស្រាវជ្រាវនិងឃាត់ខ្លួនបុរសស្រ្តី៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម មានលក្ខណៈញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឱ្យការរើសអើង និងសញ្ចារកម្ម។ 
 
ការចុះឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៧វិច្ឆិកា ហើយបានដកហូតទូរស័ព្ទដៃ៧គ្រឿង។ ក្រុមអ្នកលក់អនឡាញទាំងនេះ បានឡាយវីដេអូ ដោយមានម្នាក់ជាអ្នកនិយាយឬស្រែក លក់ផលិតផល ហើយម្នាក់ទៀតជាអ្នកស្រែកបន្ទរ។ ហើយក្នុងនោះ អ្នកខ្លះយកផលចំណេញជាភាគរយពីការលក់។ 
 
ជាក់ស្ដែង កាលពីថ្ងៃ២៧វិច្ឆិកា ក្រុមលក់អនឡាញទាំងនោះ​ បានប្រើពាក្យ អាសអាភាសធ្ងន់ធ្ងរ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ហេតុនេះ ទើបសមត្ថកិច្ច ចុះឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ ហើយបញ្ជូនទៅតុលាការ។ 
 
ក្រោយមកចៅក្រមសម្រេចឃុំខ្លួនពួកគេទាំង៥ ដាក់ពន្ធនាគារ ដោយចោទពីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com