សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ​អនុម័ត​ថវិកា​២២៦លាន​ដុល្លារ​ដើម្បីជួយ​កសិករ​ដាំ​អំពៅ
04, Dec 2023 , 5:59 pm        
រូបភាព
រូបភាពពី Bangkok Post
រូបភាពពី Bangkok Post
រដ្ឋាភិបាលថៃបានអនុម័តថវិកាប្រមាណ២២៦លានដុល្លារ ដើម្បីលើកទឹកចិត្តកសិករដាំអំពៅកុំដុតបំផ្លាញដំណាំចោល។

 
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃទី៤ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះបានអនុម័តថវិកា៧,៩ពាន់លានបាត (២២៦,៣៦លានដុល្លារ) ក្នុងការលើកទឹកចិត្តដល់កសិករអំពៅមិនឱ្យដុតបំផ្លាញដំណាំរបស់ពួកគេ។
 
សារព័ត៌មាន Reuters បានដកស្រង់សម្តីលោកស្រី Radklao Inthawong Suwankiri ដោយបញ្ជាក់ថា ការលើកទឹកចិត្តនេះមិនផ្ទុយនឹងកាតព្វកិច្ចរបស់ថៃនៅក្រោមអង្គការពាណិជ្ជកម្មពិភពលោកទេ ដោយសារប្រទេសនេះមានគោលបំណងកាត់បន្ថយការបំពុលបរិយាកាស។
 
មូលហេតុដែលកសិករថៃចង់ដុតបំផ្លាញអំពៅទំនងដោយសារតែកង្វះកម្លាំងពលកម្ម។ការដុតចម្ការអំពៅអាចជួយសម្រួលកម្លាំងពលកម្មបានមួយផ្នែក ប៉ុន្តែវាផ្ដល់ផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ទន្ទឹមនេះ នៅខែវិច្ឆិការដ្ឋាភិបាលថៃ បានសម្រេចបន្ថែមស្ករទៅក្នុងបញ្ជីទំនិញគ្រប់គ្រងក្រោមច្បាប់ស្តីពីតម្លៃទំនិញ និងសេវាកម្មឆ្នាំ១៩៩៩ ។ ការណ៍នេះ បានធ្វើកសិករថៃមិនសូវពេញចិត្ត និងព្យាយាមធ្វើយ៉ាងណាដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលដូចជាកាត់បន្ថយការដាំអំពៅជាដើម។ 
 
បច្ចុប្បន្ន​​ថៃ​ជា​ប្រទេស​នាំ​ចេញ​ស្ករ​ធំ​ទី​២​របស់​ពិភពលោក។ នៅ​ឆ្នាំ​២០២៣ ប្រទេស​នេះ​គ្រោង​នាំ​ចេញ​ស្ករស​សម្រេច​ឲ្យបាន៨​លាន​តោន។ យ៉ាងណាមិញ ការនាំចេញស្ករសនៅឆ្នាំ២០២៤ ទំនងជានឹងថយចុះមកត្រឹម៦លានតោន ស្របពេលមានការព្យាករពីគ្រោះរាំងស្ងួតដោយសារបាតុភូត El Nino ដែលអាចបណ្តាលឱ្យទិន្នផលអំពៅនៅថៃធ្លាក់ចុះប្រហែល២០ភាគរយ ៕

Tag:
 អំពៅ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com