ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
គួរចាប់អារម្មណ៍ពីចំណុចទាំងនេះ បើអ្នកមានបញ្ហាក្លិនមាត់
05, Dec 2023 , 4:29 pm        
រូបភាព
សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ថែទាំ ព្រោះវានឹងបង្កផលរំខានជាច្រើន នៅពេលដែលអ្នកមិនសម្អាតបានស្អាតល្អ។ បញ្ហាមួយដែលមនុស្សភាគច្រើនតែងតែជួបប្រទះជាញឹកញាប់នោះគឺ បញ្ហាក្លិនមាត់មិនល្អ ខ្យល់ដង្ហើមមិនស្រស់ថ្លាដែលបណ្ដាលមកពីការថែរក្សាសុខភាពមាត់ធ្មេញមិនបានដិតដល់។



អ្នកគួរក្រឡេកមកមើលពីកត្តាមួយចំនួនខាងក្រោមនេះ ដើម្បីបំបាត់នូវបញ្ហាក្លិនមាត់មិនល្អ៖
 
១. សម្អាតធ្មេញជាប្រចាំបានស្អាតល្អ៖ ត្រូវតែសម្អាតធ្មេញឱ្យបានស្អាតល្អ ២ដងក្នុងមួយថ្ងៃ និងមិនត្រូវរំលងការសម្អាតអណ្ដាតនោះទេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានសរសៃទន់ល្អ ហើយត្រូវឧស្សាហ៍ផ្លាស់ប្ដូរច្រាសរៀងរាល់ ៣ ទៅ ៤ខែម្ដង ព្រោះច្រាសដែលរេចរឹលមិនអាចសម្អាតធ្មេញបានស្អាតល្អនោះទេ ដែលអាចធ្វើឱ្យកំណកកំបោរកកជាប់ធ្មេញ ក៏ដូចជាមានបាក់តេរី ដែលអាចធ្វើឱ្យមានក្លិនមាត់។ 
 
២. ប្រើប្រាស់ទឹកខ្ពុលមាត់៖ ជម្រើសដែលល្អប្រសើរបន្ទាប់ពីការដុសធ្មេញគឺការលាងសម្អាតមាត់ធ្មេញជាមួយនឹងទឹកខ្ពុលមាត់។ ទឹកខ្ពុលមាត់មានអត្ថប្រយោជន៍ច្រើនទៅតាមប្រភេទនីមួយៗ គឺជួយកាត់បន្ថយនូវបាក់តេរី និងកាកសំណល់ដែលនៅសល់បន្ទាប់ពីការដុសធ្មេញ អាចរក្សាអនាម័យមាត់ធ្មេញ ចៀសផុតពីបញ្ហារលាកអញ្ចាញធ្មេញ ក៏ដូចជាធ្វើឱ្យមាត់មានក្លិនប្រហើរ និងបំបាត់ក្លិនមាត់។ 
 
៣. ត្រូវសង្កេតមើលអាហារដែលអ្នកបរិភោគ៖ ដោយសារតែអាហារខ្លះអាចនឹងធ្វើឱ្យមាត់មានក្លិនមិនល្អ ដូចជាខ្ទឹមបារាំង ខ្ទឹមស។ ជាតិអាល់កុលក៏អាចជះឥទ្ធិពលដល់ក្លិនមាត់ដែរ ព្រោះវាអាចធ្វើឱ្យមាត់មានសភាពស្ងួតដែលអាចឱ្យបាក់តេរីមិនល្អអាចកកើតឡើង។ យើងក៏ត្រូវកាត់បន្ថយអាហារ ដែលមានជាតិស្ករខ្លាំងដែរ ដោយសារស្ករអាចជាចំណីដែលចិញ្ចឹមបាក់តេរីនៅក្នុងមាត់របស់យើង។ 
 
៤. រក្សាសំណើមក្នុងមាត់ជានិច្ច៖ ឧស្សាហ៍ទទួលទានទឹកជាប្រចាំដើម្បីកុំឱ្យមាត់មានសភាពស្ងួត។ នៅពេលដែលថយចុះការផលិតទឹកមាត់ វាមិនអាចសម្អាតមាត់ដោយជម្រះកាកសំណល់ដែលបន្សល់ពីចំណីអាហារបានទេ។
 
៥. ពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្ដង៖ ពេទ្យធ្មេញអាចនឹងពិនិត្យមើលស្ថានភាពមាត់ធ្មេញរបស់អ្នក មើលពីបញ្ហានានាដែលអាចកើតមាន។ ជំងឺរលាកអញ្ចាញធ្មេញក៏អាចជាកត្តាធ្វើឱ្យមានបញ្ហាខ្យល់ដង្ហើមដែរ ដែលតម្រូវឱ្យមានការព្យាបាល។ មួយវិញទៀត ពេទ្យធ្មេញអាចនឹងធ្វើការសម្អាតកំណកកំបោរដែលនៅជាប់ធ្មេញរបស់អ្នកដែលមិនអាចសម្អាតបានដោយការដុសធ្មេញធម្មតា។ 
 
៦. ចៀសវាងការជក់បារី៖ ការជក់បារីអាចឱ្យអ្នកស្ងួតមាត់ខ្លាំង និងធ្វើឱ្យអ្នកមានបញ្ហាខ្យល់ដង្ហើម ធុំក្លិនមាត់។ វាក៏អាចមានផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញទាំងមូលផងដែរ។ 
 
ប្រភព៖
 


សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង​ លីណ្ណា ជិញជិញ

© រក្សាសិទ្ធិដោយ thmeythmey.com