ជាតិ
ឱកាស! អាហារូបករណ៍ឆ្នាំ២០២៤ទៅរៀន​នៅចិន ជប៉ុន ហុងគ្រី គុយបា វៀតណាម ឡាវ ថៃ..
06, Dec 2023 , 7:59 am        
រូបភាព
សាកលវិទ្យាល័យ Dali University របស់ចិន ផ្តល់អាហារូបករណ៍ថ្នាក់​បរិញ្ញាបត្រ១០កន្លែង
សាកលវិទ្យាល័យ Dali University របស់ចិន ផ្តល់អាហារូបករណ៍ថ្នាក់​បរិញ្ញាបត្រ១០កន្លែង
ភ្នំពេញ៖ នាយក​ដ្ឋានទំនាក់​ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ពី​គម្រោង​ប្រឡង​ជ្រើស​រើសនិស្សិតអាហារូបករណ៍ទៅ​សិក្សា​នៅ​បរទេសឆ្នាំ​២០២៤។ អាហារូបករណ៍​ទាំងនោះ​មាន​ប្រមាណ ៣០០កន្លែង ក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា ឧត្តមសិក្សា បរិញ្ញាបត្រ ស្រាវជ្រាវ បរិញ្ញាបត្រខ្ពស់ ដោយសិក្សា​នៅ​ចិន ជប៉ុន ហុងគ្រី គុយ​បា​ វៀតណាម ឡាវ ថៃ និងប្រទេស ផ្សេងទៀត។

 
នៅ​ចិន អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​មហាមិត្តមួយនេះ មាន​ចំនួន​៦០​កន្លែង សម្រាប់​ការសិក្សានៅ​កម្រិត​ក្រោយឧត្តមសិក្សា ឧត្តមសិក្សា ដែល​ត្រូវ​ប្រឡងនាខែមករា ឆ្នាំ២០២៤។ ១០កន្លែងទៀត​ក្នុងកម្រិត​ដូចគ្នា គឺស្ថិតនៅគ្រឹះស្ថាន​សិក្សា​ក្នុងខេត្ត​ក្វាងស៊ី ដែលត្រូវ​ប្រឡង​នាខែមិថុនា។
 
នៅចិន​ដដែល សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន១០កន្លែង ដែល​ត្រូវប្រឡងនាមីនា។ ​សាកល​វិទ្យាល័យ Dali University ផ្តល់​អាហារូបករណ៍​១០​កន្លែង​ផ្សេងទៀត សម្រាប់ថ្នាក់​បរិញ្ញាបត្រដូចគ្នា ហើយ​ត្រូវ​ប្រឡង​នា​ខែកក្កដា។
 
នៅ​ជប៉ុនឯណោះវិញ ឱកាស​អាហារូបករណ៍គឺ​សម្រាប់​បណ្តុះបណ្តាល​ការ​ស្រាវជ្រាវ​ សម្រាប់​គ្រូបង្រៀន (Teacher Training) ដែលមាន​៥កន្លែង ហើយ​គ្រោង​ប្រឡងនៅ​ខែកុម្ភៈ។ ចំណែក​ក្រសួង​អប់រំជប៉ុន នឹងផ្តល់​អាហារូបករណ៍​ដល់ទៅ​៥០​កន្លែង សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា ឧត្តមសិក្សា មធ្យមសិក្សា​ និងបច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ​កាល​បរិច្ឆេទ​ប្រឡង​គឺ​នៅខែមិថុនា ឆ្នាំក្រោយ។
 
អាហារូបករណ៍ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ក៏មាន​ដែរពី​ប្រទេសហុងគ្រី សម្រាប់​និស្សិត​៣០នាក់ ហើយ​ត្រូវប្រឡង​នៅ​ខែកុម្ភៈ។ សាធារណរដ្ឋគុយបា មាន​អាហារូបករណ៍​២កន្លែង​សម្រាប់សិស្ស-និស្សិត​កម្ពុជា លើ​ការ​ស្នាក់​ថ្នាក់ឧត្តមសិក្សា ហើយ​ត្រូវ​ប្រឡង​នា​ខែ​ឧសភា។
 
ប្រទេសជិតខាងឯណេះវិញ ក៏មានអាហារូបករណ៍​ផងដែរក្នុង​ឆ្នាំ​២០២៤ ខាងមុខនេះ។ សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ វៀតណាម មាន​ដល់ទៅ​១០០កន្លែង ហើយត្រូវ​ប្រឡង​នៅ​ខែមិថុនា ឡាវ មាន​១៥កន្លែង ដែល​នឹង​ត្រូវប្រឡង​នា​ខែសីហា។ ចំណែកថា មាន​អាហារូបករណ៍ថ្នាក់​បណ្ឌិត បរិញ្ញា​ជន់​ខ្ពស់ និង​បរិញ្ញាបត្រ ចំនួន​១០​កន្លែង ដោយកាល​បរិច្ឆេទប្រឡង​ស្ថិតក្នុង​ខែ​វិច្ឆិកា។
 
តាម​សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ ​លោក ចាប សោភ័ណ ប្រធាននាយក​ដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ តាំងពីថ្ងៃទី​២៤ ខែវិច្ឆិកា ចំនួន​អាហារូបករណ៍​ អាចមាន​ការប្រែប្រួល​តាម​ការជាក់ស្តែង ហើយ​ប្រទេស​មួយ​ចំនួននឹងផ្តល់​អាហារូបករណ៍​ឥតគ្រោងទុក។
 
សម្រាប់សិស្ស និស្សិត ដែលចង់ដឹងព័ត៌មានបន្ថែម ត្រូវទាក់ទងទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)៕

Tag:
 អប់រំ
  និស្សិត
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com