សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
យន្តហោះ C919 នឹងហោះចេញពីចិនដីគោកជាលើកដំបូង
06, Dec 2023 , 8:29 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
យន្តហោះចិនប្រភេទ C919 នឹងមានជើងហោះហើរចេញពីចិនដីគោកដំបូងរនសប្តាហ៍ក្រោយ ដើម្បីទៅចូលរួមការតាំងពិពណ៌នៅហុងកុង។

 
នាយកប្រតិបត្តិតំបន់ហុងកុងលោក ចន លី នៅថ្ងៃទី៥ ខែធ្នូ បាននិយាយថា​ យន្តហោះប្រភេទ C919 និង ARJ-21 របស់សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) នឹងចូលរួមក្នុងការតាំងពិព័រណ៍នៅហុងកុងចាប់ពីថ្ងៃទី ១២ដល់១៧ ខែធ្នូ ។ យន្តហោះទាំងពីរនេះ នឹងត្រូវដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ 
អំឡុងពេលនោះ យន្តហោះ C919 ក៏នឹង​​ហោះហើរ​សាកល្បង​នៅ​លើ​កំពង់ផែ Victoria ដែរ។
 
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលហុងកុង (CAD) និងអាជ្ញាធរអាកាសយានដ្ឋានហុងកុង (AAHK)​ ដើម្បីលើកកម្ពស់សមិទ្ធិផលរបស់ចិនដីគោកក្នុងការផលិតយន្តហោះ និងពង្រឹងជំហររបស់ហុងកុងជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។
 
នេះជាលើកទីមួយហើយដែលយន្តហោះប្រភេទ C919 ហោះចេញពីចិនដីគោក ក្រោយអភិវឌ្ឍ១៤ឆ្នាំ និងហោះហើរសាកល្បងកាលពីចុងខែកញ្ញា ឆ្នាំ២០២២ ហើយកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មស្រាប់ដែរ។ នេះ​ជា​គំរូ​យន្តហោះ​រាង​តូច​ល្មមដែលអាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី ១៥៨ ទៅ ១៦៩ នាក់ និងអាចហោះបាន​រយៈ​ចម្ងាយ​ជាង ៥៥០០ គីឡូម៉ែត្រ។ C919 ជាដៃគូប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus 320។
 
ទីក្រុងប៉េកាំងរំពឹងថា C919 នឹងជួយចិនកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ។  រដ្ឋាភិបាលរបស់ប្រទេសនេះមានគោលបំណងចង់ឱ្យ C919 មានចំនួន ១០ភាគរយនៃចំណែកទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៥។
 
យន្តហោះ C919 ត្រូវបានផ្តើមគំនិតឡើងដោយប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីឆ្នាំ២០១៧ ។ លោកបានហៅវាថាជាកម្លាំងជំរុញនៅពីក្រោយនៃគំរូអភិវឌ្ឍន៍ថ្មីរបស់ចិន រួមជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត។ យន្តហោះ C919 ក៏ជួយឲ្យចិនស្ថិតក្នុងបញ្ជីប្រទេសមួយចំនួនដែលអាចរចនា និងផលិតយន្តហោះផ្ទាល់ខ្លួនបានរួមមានអាម៉េរិក រុស្ស៊ី ប្រេស៊ីល កាណាដា អង់គ្លេស បារាំង និងអាល្លឺម៉ង់។
 
អ្នកវិភាគយល់ឃើញថា Comac ចង់ប្រើព្រឹត្តិការណ៍នៅហុងកុងដើម្បីផ្សព្វផ្សាយឈ្មោះរបស់ខ្លួន និងស្វែងរកអតិថិជនអន្តរជាតិសម្រាប់យន្តហោះប្រភេទ C919 ។ យន្តហោះប្រភេទ ARJ-21 មានប្រតិបត្តិការរួចហើយនៅឥណ្ឌូណេស៊ី ខណៈ C919 មិនមានអតិថិជនបរទេសណាមួយបញ្ជាទិញទេ។
 
មកទល់ពេលនេះ C919 បានទទួលការបញ្ជាទិញច្រើនជាង ១ពាន់គ្រឿងដែលសុទ្ធសឹងតែជាក្រុមហ៊ុនហោះហើរក្នុងស្រុក។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជាអតិថិជនដំបូងគេ។ នៅខែកញ្ញាក្រុមហ៊ុននេះបានបញ្ជាទិញ ១០០គ្រឿងទៀតពី Comac ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ៕ 

Tag:
 C919
  យន្តហោះ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com