កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Rice តែតចុងម៉ោងជួយ Arsenal ឈ្នះ Lutton ទាំងប្រផិតប្រផើយ
06, Dec 2023 , 10:19 am        
រូបភាព
Declan Rice សម្រេចទីចុងម៉ោងនៅនាទី៩០+៧ ជួយ Arsenal ឈ្នះ Luton Town ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៤-៣ និងនាំក្រុមរហស្សនាមកាំភ្លើងធំ ដាច់៥ពិន្ទុ នៅកំពូលតារាង Premier League។



នាជំនួបលីគអង់គ្លេសសប្តាហ៍ទី១៥ រវាងម្ចាស់ផ្ទះ Luton និង Arsenal នៅរាត្រីថ្ងៃទី៥ ខែធ្នូ មានគ្រាប់បាល់កើតឡើងដល់ទៅ៧គ្រាប់។ Gabriel Martinelli​ សម្រេចគ្រាប់នាំមុខឱ្យកាំភ្លើងធំនៅនាទីទី២០ មុនពេល Gabriel Osho តាមស្មើឱ្យ Luton វិញនៅ៥នាទីបន្ទាប់។ ជិតចប់វគ្គទី១ទៅហើយ ពោលនៅនាទី៤៥ Gabriel Jesus បន្ថែមគ្រាប់នាំមុខជាថ្មីឱ្យ Arsenal។
 
ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន៤នាទី Elijah Adebayo រកបានគ្រាប់តាមស្មើវិញ មុនពេល Ross Barkley សម្រេចគ្រាប់នាំមុខ ៣-២ ឱ្យ Luton វិញនៅនាទី៥៧។ យ៉ាងណាក៏ដោយ គ្រាប់បាល់តាមស្មើរបស់ Kai Havertz នៅនាទី៦០ និង១គ្រាប់របស់ Declan Rice នៅនាទី៩០+៧ គ្រប់គ្រាន់ដើម្បីជួយ Arsenal ឈ្នះ Luton ៤-៣។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមលោក Mikel Arteta រក្សាចំណាត់ថ្នាក់កំពូលតារាងលីគកំពូលអង់គ្លេស ដោយនាំមុខគូប្រជែង Livepool ចំនួន៥ពិន្ទុ។ ឆ្លងកាត់ការប្រកួត១៥លើក កាំភ្លើងធំរកបាន ៣៦ពិន្ទុ ស្របពេល Liverpool ដែលទើបប្រកួត១៤លើក មាន៣១ពិន្ទុ។ Manchester City នៅលេខ៣មាន៣០ពិន្ទុ ខណៈ Aston Villa នៅលេខ៤មាន២៩ពិន្ទុ។
 
ជំនួបមួយគូទៀត Wolverhampton Wanderers ឈ្នះ Burnley ១-០។ Wolves ឡើងទៅឈរលេខ១២បណ្តោះអាសន្នដោយរកបាន១៨ពិន្ទុ ស្របពេល នៅលេខ១៩ តំបន់ត្រូវកាត់ចោល ដោយរកបានតែ៧ពិន្ទុប៉ុណ្ណោះ ពីការប្រកួត១៥លើក៕
 

Tag:
 Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com