ជាតិ
សង្គមជាតិ
ស.ស.យ.ក សហការជាមួយធនាគារវីង ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជន
06, Dec 2023 , 11:04 am        
រូបភាព
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. និងធនាគារវីង Wing Bank Cambodia បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជន និងសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។



លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានបញ្ជាក់នាពិធីចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី៥ ខែធ្នូថា គោលបំណងនៃកិច្ចសហការនេះ គឺជាការ​ស្វែងរកឱកាសបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សមាជិកស.ស.យ.ក ការជួយសម្របសម្រួលកម្មសិក្សានៅធនាគារវីង ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមដល់យុវជនជាច្រើន​ទៀត​ដែរ។

សម្រាប់ លោក ហ៊ុន ម៉ានី​ កិច្ចសហការនេះ ក៏ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់ ស.ស.យ.ក ក្នុងការជំរុញសក្តានុពលលើចំណេះដឹងហិរញ្ញវត្ថុរបស់យុវជនកម្ពុជាដែរ។ «តាមរយៈកិច្ចសហការនេះ យើងផ្តល់ឲ្យសមាជិករបស់យើងនូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន​ ម៉ានី។
  


លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ​បានប្ដេជ្ញាជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា។ លោក គិត ម៉េង ជឿជាក់ថា​ តាមរយៈគំនិតផ្តួចផ្តើមរួមគ្នា​នេះ ​នឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងរឹងមាំផ្នែកហិរញ្ញវត្ថុ។
ទាំងស.ស.យ.ក. និងធនាគារ វីង សុទ្ធតែមានសុទិដ្ឋិនិយមថា ​កិច្ចសហការនេះ នឹងក្លាយជាកម្លាំងសាមគ្គី ដែលនឹងជួយឱ្យយុវជនកម្ពុជាមានចំណេះ ជំនាញ ដែលអាចជួយអភិវឌ្ឍន៍​សហគមន៍កាន់តែប្រសើរ។ ស.ស.យ.ក ក៏បន្តប្តេជ្ញា​ចូលរួមបំប៉ននចំណេះដឹង និងជំនាញចាំបាច់នានា ដល់យុវជន ដើម្បីឱ្យពួកគេក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ​ជួយ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត៕




Tag:
 ស.ស.យ.ក.
© រក្សាសិទ្ធិដោយ thmeythmey.com