កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time
06, Dec 2023 , 2:59 pm        
រូបភាព
Lionel Messi បានជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្តី Time បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានផ្លាស់ទៅកាន់ Inter Miami ក្លិបស្ថិតនៅក្នុងក្របខណ្ឌអាម៉េរិក Major League Soccer។


 
ក្រៅពីប្រធានក្រុមជម្រើសជាតិជាតិអាហ្សង់ទីន ដែលជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time អត្តពលិកផ្សេងទៀតដូចជាកីឡាការិនីផ្នែកកាយសម្ព័ន្ធ Simone Biles, Michael Phelps កីឡាករហែលទឹកដ៏ល្បីរបស់អាម៉េរិក និងកីឡាករបាល់បោះដ៏ល្បី LeBron James ក៏ត្រូវបានជ្រើសរើសសម្រាប់ពានប្រចាំឆ្នាំនេះដែរ។ ចំណែកក្រុមល្អប្រចាំឆ្នាំបានទៅលើក្រុមបាល់ទាត់ជម្រើសជាតិនារីអាម៉េរិក។ 
 
Messi បានបង្ហាញខ្លួនលើកដំបូងនៅក្នុងក្លិបដែលស្ថិតក្នុងរដ្ឋផ្លរីដា កាលពីខែកក្កដា ហើយបន្ទាប់ពីគេបានចូលរួមជាមួយនឹងក្រុម Inter Miami រូបគេរកបានគ្រាប់បាល់ដំបូងដោយការស៊ុតបាល់ពិន័យ Freekick ក្នុងការប្រកួតលើកដំបូងរបស់គេ ហើយជួយក្រុមយកឈ្នះការប្រកួត។ ចាប់តាំងពេលនោះមក Messi បានជះឥទ្ធិពលយ៉ាងខ្លាំងទីលើលីគ MLS។
 
ជាមួយវត្តមានកីឡាករម្ចាស់ជើងឯក World Cup 2022 ក្រុម Inter Miami បានប្រកួតប្រជែងឈ្នះពានរង្វាន់ League Cup ដែលជាពានរង្វាន់លើកដំបូងបំផុត ដោយបានបំបាក់ក្រុម Nashville នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយដែល Messi ក៏រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី។ Messi រកបាន ១១គ្រាប់ពីការបង្ហាញខ្លួន ១៤លើក នៅរាល់ការប្រកួតដែលគេបានបង្ហាញខ្លួនក្នុងក្របខណ្ឌ MLS ហើយមិនតែប៉ុណ្ណោះ Messi ក៏ជាប់ឈ្មោះជាកីឡាករសម្រាប់រង្វាន់ MLS MVP award ផងដែរ។
 
កាលពីខែតុលា Messi បានឈ្នះពានរង្វាន់ដែលជាកំណត់ត្រាគឺ Ballon d’Or លើកទី៨ ក្នុងអាជីព ក្រោយគេជួយក្រុមអាហ្សង់ទីនឈ្នះ World Cup 2022 នៅក្នុងប្រទេសកាតា។
កីឡាករវ័យ ៣៦ឆ្នាំ ដំបូងឡើយរូបគេត្រូវបានគេរំពឹងថានឹងអាចវិលត្រឡប់ទៅកាន់ក្លិប Barcelona ឬក៏អាចផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីត មុនពេលដែលគេបានសម្រេចចិត្តជ្រើសរើសយកក្លិប Inter Miami ដែលទទួលបានតម្លៃត្រឹម ២២លានដុល្លារក្នុងមួយឆ្នាំ បូករួមជាមួយនឹងភាគហ៊ុនមួយចំណែករបស់ក្លិបនៅពេលដែលគេចូលនិវត្តន៍៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com