កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola៖ Spurs, Liverpool រីកចម្រើន តែ Man City នៅតែឈ្នះ Premier League
06, Dec 2023 , 3:33 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ាការទូទៅ Manchester City មើលឃើញថាទម្រង់លេងរបស់ក្រុម Tottenham Hotspurs និង Liverpool មានការរីកចម្រើនខ្លាំងនៅរដូវកាលនេះ។ ទោះយ៉ាងនេះក្តី អ្នកចាត់ការអេស្ប៉ាញ នៅតែជឿជាក់កូនក្រុម Man City នៅតែការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤។


 
៣ ប្រកួតចុងក្រោយរបស់ក្រុម Man City បានប្រកួតស្មើទាំងអស់ទល់នឹងក្រុម Chelsea, Liverpool និង Tottenham Hotspur ដែលបណ្តាលឱ្យក្រុមការពារជើងឯកធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៣។ 
យ៉ាងណាមុនការប្រកួតទល់នឹង Aston Villa នាថ្ងៃទី៦ ខែធ្នូ លោក Guardiola បង្ហាញការជឿជាក់ថាក្រុមលោកនឹងឈ្នះពានរង្វាន់លើកទី៤ ជាប់គ្នា។
 
«អារម្មណ៍របស់ខ្ញុំ ថ្ងៃនេះគឺជាថ្ងៃដែលយើងនឹងត្រូវឈ្នះ Premier League។ ប្រសិនបើយើងបន្តលេងនៅកម្រិតបែបនេះ ពេលទល់នឹងក្រុម Liverpool និង Tottenham យើងនឹងអាចឈ្នះវាម្តងទៀត ពេលខ្លះមនុស្សគ្រប់គ្នាមិនជឿទេថាវានឹងអាចកើតឡើងរួចរាល់ បន្ទាប់ពីយើងមានអារម្មណ៍ថាយើងនឹងធ្វើវាម្តងទៀត។ យើងដឹងថាវាមិនងាយស្រួល ព្រោះមិនទាន់មានក្រុមណាធ្វើបានទេការឈ្នះពាន Premier League ៤លើកជាប់គ្នា។»។ លោក Pep Guardiola បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
ការប្រកួតទល់នឹងក្រុមចំណាត់ថ្នាក់លេខ ៤ Aston Villa ក្រុមរហស្សនាមមេឃខៀវ នឹងត្រូវប្រកួតដោយគ្មានវត្តមានរបស់កីឡាករសំខាន់ៗដូចជា Rodri និង Jack Grealish ដែលជាប់បម្រាម ខណៈដែល Jeremy Doku ស្ថិតក្នុងបញ្ហារបួស។ ការបាត់បង់ Rodri នៅតំបន់បម្រើក៏នឹងអាចក្លាយជាបញ្ហាធំមួយផងដែរសម្រាប់ក្រុម Man City។
 
ទៅលើបញ្ហានេះលោក Guardiola បានអះអាងថាក្រុមរបស់លោកដឹងច្បាស់ថានឹងជួបបញ្ហា ប៉ុន្តែក្រុមរបស់លោកត្រូវរកដំណោះស្រាយសម្រាប់ប្រកួតប្រជែងទល់នឹងក្រុម Aston Villa៕
 

Tag:
 Pep Guardiola
  Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com