អន្តរជាតិ
សង្ក្រាន្តថៃចូលក្នុងបញ្ជីយូណេស្កូផ្លូវការ ដោយកាសែតថៃថា ពិធីនេះមានតាំងពីសម័យចក្រភពខ្មែរ
06, Dec 2023 , 4:12 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អង្គការយូណេស្កូ នៅថ្ងៃទី៦ ខែធ្នូ បានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការ។ ក្រៅពីលើកឡើងថា ការលេងស្រង់ទឹកទទួលឥទ្ធិពលពីហិណ្ឌូ និងពុទ្ធសាសនា កាសែត The Nation ទទួលស្គាល់ថា ពិធីសង្ក្រាន្តថៃនេះ ត្រូវបានប្រារព្ធឡើងតាំងពីសម័យចក្រភពខ្មែរ នាអំឡុងសតវត្សរ៍ទី១១។

 
ពីទីក្រុងKasane ប្រទេសបុតស្វាណា នៅថ្ងៃទី៦ ខែធ្នូ អង្គការយូណេស្កូ បានប្រកាសដាក់ពិធីចូលឆ្នាំសង្រ្កាន្តនៅថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី។
 
បន្ថែមពីនេះ អង្គការយូណេស្កូ ក៏បានសម្រេចលើបេក្ខភាពចំនួន ៤៤ទៀត របស់បណ្តាប្រទេសផ្សេងក្នុងថ្ងៃដដែលនោះផងដែរ។ 
 
ពិធីសង្រ្កាន្ត ជាពិធីប្រពៃណីរបស់ថៃទី៤ហើយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ។ កន្លងមក ថៃបានដាក់ របាំ Khon, របៀបម៉ាស្សាបែបថៃ, និងរបាំNora។ នៅថ្ងៃទី៧ ខែធ្នូ ថៃនឹងរៀបចំពិធីអបអរសាទរនៅក្នុងក្រុងបាងកក ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីនផងដែរ។
 
កាសែត The Nation បានលើកឡើងពីសាវតារនៃពិធីសង្ក្រាន្តរបស់ខ្លួន ដែលប្រារព្ធឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ជារៀងរាល់ឆ្នាំ។ ទទួលឥទ្ធិពលពីសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ កាសែតដ៏ល្បីល្បាញរបស់ថៃ បានបញ្ជាក់ថា សង្ក្រាន្តជាពិធីដែលត្រូវបានប្រារព្ធឡើងតាំងពីសម័យចក្រភពខ្មែរ នាអំឡុងសតវត្សរ៍ទី១១មកម្ល៉េះ។
 
«នាសម័យចក្រភពខ្មែរ ប្រជាជនតែងស្រង់ទឹក ក្នុងអំឡុងពេលសង្រ្កាន្ត ដោយសារពួកគេជឿថា ការស្រង់ទឹកបែបនេះ នឹងជួយសម្អាតគ្រោះអាក្រក់ និងបញ្ជូនវិញ្ញាណបុព្វបុរសទៅកន្លែងដើមវិញ។ ជំនឿបែបនេះ បានធ្វើឱ្យពិធីស្រង់ទឹក ក្លាយជាផ្នែកមួយនៃការអបអរសង្រ្កាន្ត»។ នេះជាការគូសបញ្ជាក់របស់ The Nation។
 
ក្រៅពីថៃ ហ្វីលីពីន បានដាក់របៀបត្បាញ Aklan piña, ឥណ្ឌូណេស៊ី បានដាក់ថ្នាំបុរាណ Jamu និងឡាវបានចុះបញ្ជីរបៀបត្បាញក្បាច់នាគបែបបុរាណរបស់សហគមន៍ឡាវទៅក្នុងបញ្ជីនេះផងដែរ៕

Tag:
 ថៃ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com