អន្តរជាតិ
វៀតណាម លក់អង្ករបានតម្លៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុង៦៦៣ដុល្លារ ក្នុងមួយតោន
06, Dec 2023 , 7:29 pm        
រូបភាព
កសិករប្រមូលចំបើងនៅក្នុងស្រែ។ រូបភាព AFP
កសិករប្រមូលចំបើងនៅក្នុងស្រែ។ រូបភាព AFP
តម្លៃអង្ករនាំចេញរបស់វៀតណាម បានហក់ឡើងដល់ ៦៦៣ដុល្លារ ក្នុងមួយតោន នៅថ្ងៃទី៤ ខែធ្នូ។ នេះជាតម្លៃដ៏ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ខណៈថៃ ដែលជាប្រទេសប្រកួតប្រជែងមួយនៅក្នុងតំបន់ លក់បានត្រឹម ៦២៥ដុល្លារប៉ុណ្ណោះ។

 
ក្នុងពេលបច្ចុប្បន្ន តម្រូវការអង្ករ កំពុងហក់ឡើងយ៉ាងខ្លាំង ក្រោយពេលឥណ្ឌាបានបិទទីផ្សារនាំចេញអង្ករមិនមែនប្រភេទ Basmati ចាប់តាំងពីខែកក្កដា។ ជុំវិញបញ្ហានេះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្វះស្វែងរកការទិញទីផ្សារនៅក្នុងតំបន់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ខ្លួន។
 
ដោយសារតម្រូវការខ្ពស់ និងការកាត់បន្ថយការផ្គត់ផ្គង់ វាបានធ្វើឱ្យវៀតណាម អាចលក់អង្ករបានក្នុងតម្លៃដ៏ខ្ពស់បំផុត ក្នុងទីផ្សារពិភពលោក។ តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express តម្លៃអង្ករនាំចេញរបស់វៀតណាម នៅថ្ងៃទី៤ ខែធ្នូ បានកើនដល់ ៦៦៣ដុល្លារ ក្នុងមួយតោន ដោយកើនឡើងតម្លៃចំនួន ២ភាគរយ។ ចំណែកថៃ ដែលជាប្រទេសប្រកួតប្រជែង អាចលក់បានក្នុងតម្លៃ ៦២៥ដុល្លារ ក្នុងមួយតោន ពោលគឺកើនតម្លៃ ៨ភាគរយ។ ដោយឡែក អង្កររបស់ប៉ាគីស្ថាន កើនឡើងតម្លៃ៩ភាគរយ និងអាចលក់បានក្នុងតម្លៃ ៦០០ដុល្លារ។ 
 
ការកើនឡើងតម្លៃអង្ករខាងលើ អាចបណ្តាលមកពីការរឹតត្បិតលើពាណិជ្ជកម្ម និងបាតុភូតធម្មជាតិ El Nino ដែលបានធ្វើឱ្យប្រទេសជាច្រើនទិញអង្ករស្តុកទុក។ 
 
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ វៀតណាម អាចនាំចេញអង្ករបានរហូតដល់ទៅ៨លានតោន នៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ១១ខែកន្លងមកនេះ វៀតណាម បាននាំចេញអង្ករបាន ៧,៧៥តោន ដោយគិតជាទំហំទឹកប្រាក់ប្រមាណ ៤,៤ពាន់លានដុល្លារ។ ហ្វីលីពីន ឥណ្ឌូណេស៊ី និងចិន ជាទីផ្សារដ៏ធំរបស់ប្រទេសមួយនេះ។
 
កន្លងមក អង្ករវៀតណាម ST25 ទទួលបានចំណាត់ថ្នាក់លេខមួយសម្រាប់ពាន World’s Best Rice 2023 ខណៈអង្កររបស់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២ និងឥណ្ឌាទទួលបានចំណាត់ថ្នាក់លេខ ៣៕ 
 

Tag:
 វៀតណាម
  ថៃ
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com