ជាតិ
សិង្ហបុរី បោះទុន១៤លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា
06, Dec 2023 , 7:59 pm        
រូបភាព
គំរូរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន CSNC សិង្ហបុរី។ រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
គំរូរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន CSNC សិង្ហបុរី។ រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន CSNC របស់សិង្ហបុរី បានបោះទុន១៤លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រោងចក្រមួយនេះ មានសមត្ថភាពផលិតរហូតដល់១៤០០០តោនក្នុងមួយឆ្នាំ។


 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៦ ខែធ្នូនេះថា ក្រុមហ៊ុន CSNC របស់សិង្ហបុរី បានចុះបញ្ជីវិនិយោគចំនួន២លានដុល្លារ និងទុនបង្វិល១២លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃស្វាយចន្ទីមួយកន្លែងក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 
 
រោងចក្រនេះ នឹងលេចចេញជារូបរាងនាពេលឆាប់ៗ លើផ្ទៃដី១១ហិកតា។ វានឹងក្លាយទៅជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពផលិតរហូតដល់៤០តោន ក្នុងមួយថ្ងៃ ឬស្មើ១៤៦០០តោន ក្នុងមួយឆ្នាំ។
 
ក្រុមហ៊ុន CSNC របស់សិង្ហបុរីនេះ បានចុះមកសិក្សា និងឈ្វែងយល់ពីសក្ដានុពលស្វាយចន្ទីកម្ពុជា តាំងពីមុនវិបត្តិកូវីដ-១៩ មកម្ល៉េះ។ ក្រោយសិក្សាយ៉ាងល្អិតល្អន់ ក្រុមហ៊ុននេះ បានជ្រើសរើសខេត្តកំពង់ធំ ជាទីតាំងសម្រាប់សាងសង់រោងចក្រ ដោយសារនៅទីនោះ ផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរហូតដល់ជាង១៥ម៉ឺនហិកតា ដោយអាចផលិតគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបាន១៥ម៉ឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង៣០ភាគរយ នៃផលិតស្វាយចន្ទីទូទាំងប្រទេស។ ម្យ៉ាងទៀត ខេត្តកំពង់ធំ ស្ថិតនៅតំបន់កណ្ដាល ដែលអាចស្រូបទាញគ្រាប់ស្វាយចន្ទី ពីខេត្តព្រះវិហារ សៀមរាប កំពង់ឆ្នាំង ស្ទឹងត្រែង និងក្រចេះ ថែមទៀត។ 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ លោក សែម វណ្ណា
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«មែនទែនទៅ ក្រុមហ៊ុនសិង្ហបុរីនេះ គាត់មកសិក្សាយូរហើយ តាំងពីមុនកូវីដ-១៩ មកម្ល៉េះ។ ក្រោយមកពួកគាត់នៅតែឃើញឱកាសល្អ ក្នុងការបើករោងចក្រនៅកម្ពុជាយើង ដូច្នេះ ទើបពួកគាត់សម្រេចចិត្តបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះឡើង»។ 
 
ប្រធានសមាគមស្វាយចន្ទីរូបនេះ ចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី លើវិស័យស្វាយចន្ទី នៅពេលនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យអ្នកវិនិយោគផ្សេងទៀត ចាប់អារម្មណ៍លើការកែច្នៃផលិតកសិកម្មកម្ពុជា ដែលរួមមានទាំង ដំឡូងមី ស្វាយកែវរមៀត និងសំបុកត្រចៀកកាំ ជាដើម។
 
«ការបើករោងចក្រនេះ គឺជាជំហានទី១ទេ ព្រោះថា នៅតំបន់នោះ(ខេត្តកំពង់ធំ) មានក្រុមហ៊ុនជាច្រើន ដែលអញ្ជើញមកពី៦ប្រទេស ដូចជាចិន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ។ ក្រុមហ៊ុនទាំងអស់នោះ ក៏បានមកសិក្សាដែរ ដូច្នេះ បើយើងជោគជ័យជាមួយក្រុមហ៊ុន សិង្ហបុរី ខ្ញុំជឿថា មានក្រុមហ៊ុនផ្សេងទៀតចូលមក ដែលមិនគេមិនមែនកែច្នៃតែស្វាយចន្ទីមួយមុខទេ គឺមានដំឡូងមី ស្វាយកែវរមៀត និងត្រចៀកកាំទៀត»។ នេះជាការបន្ថែមរបស់ លោក ស៊ីឡុត។ 
 
បច្ចុប្បន្ន កម្ពុជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ៤០កន្លែង ក្នុងនោះរោងចក្រមធ្យម៤កន្លែងប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងរឿងនេះ លោក អួន ស៊ីឡុត ថា កម្ពុជាត្រូវការរោងចក្រខ្នាតធំ យ៉ាងតិច៣០ទៀត ទើបធ្វើឱ្យគ្រាប់ស្វាយចន្ទីមានស្ថិរភាពផ្នែកទីផ្សារ និងតម្លៃសមរម្យ ព្រមទាំងជួយបង្កើតការងារដល់ប្រជាសហគមន៍ជុំវិញ៕ 
 
 

Tag:
 ស្វាយចន្ទី
  អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com