អន្តរជាតិ
ជំនាញអាន និងគណិតវិទ្យារបស់មនុស្សវ័យជំទង់ធ្លាក់ចុះមិនធ្លាប់មាន ដោយសារទូរសព្ទ និងខ្វះគ្រូបង្រៀន
07, Dec 2023 , 8:39 am        
រូបភាព
សិស្សសាលារបស់តៃវ៉ាន់ទទួលបានលទ្ធផលល្អខ្លាំងលើមុខវិជ្ជាគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ រូបភាព AFP
សិស្សសាលារបស់តៃវ៉ាន់ទទួលបានលទ្ធផលល្អខ្លាំងលើមុខវិជ្ជាគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ រូបភាព AFP
ជំនាញអាន និងគណិតវិទ្យារបស់មនុស្សវ័យជំទង់ មានការធ្លាក់ចុះ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងបណ្តាប្រទេស និងតំបន់ជាច្រើន។ អង្គការ OECD បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែធ្នូ ដោយបន្តថា ការប្រើប្រាស់ទូរសព្ទ និងកង្វះខាតគ្រូបង្រៀន ជាមូលហេតុដ៏សំខាន់មួយ ដែលធ្វើឱ្យជំនាញអាន និងគណិតវិទ្យារបស់មនុស្សវ័យជំទង់ធ្លាក់ចុះ។



រៀងរាល់៣ឆ្នាំម្តង អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) តែងធ្វើតេស្តលើក្មេងវ័យ ១៥ឆ្នាំ ទាក់ទិននឹងជំនាញគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ ក្នុងការធ្វើតេស្តនៅឆ្នាំ២០២២ មនុស្សវ័យជំទង់ចំនួន៧០ម៉ឺននាក់ បានចូលរួមដោយអ្នកទាំងនោះមកពីបណ្តាប្រទេស និងតំបន់ចំនួន៣៧ដែលជាសមាជិករបស់អង្គការ OECD និងប្រទេស និងតំបន់មិនមែនសមាជិកចំនួន៤៤។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ចាប់ផ្តើមធ្វើតេស្តបែបនេះ តាំងពីឆ្នាំ២០០០ មក។ 
 
ក្នុងការស្រង់ទិន្នន័យលើកចុងក្រោយនេះ ដោយធៀបនឹងនឹងឆ្នាំ២០១៨ ជំនាញអាន ធ្លាក់ចុះចំនួន១០ពិន្ទុ ដោយគិតជាមធ្យម និងថយ១៥ពិន្ទុនៅក្នុងមុខវិជ្ជាគណិតវិទ្យា។ ទិន្នន័យដដែល បានបង្ហាញថា ក្នុងប្រទេស និងតំបន់ចំនួនពាក់កណ្តាល ពិន្ទុនៅក្នុងមុខវិជ្ជាគណិតវិទ្យា គឺថយចុះយ៉ាងខ្លាំង។ ប្រទេសទាំងនោះ មានដូចជាអាល្លឺម៉ង់ ន័រវេស ហូឡង់ និងប៉ូឡូញ។ កន្លងមក មុខវិជ្ជាគណិតវិទ្យា និងការអាន មិនធ្លាប់ធ្លាក់លើសពី ៥ពិន្ទុឡើយ។ 
 
បើតាមរបាយការណ៍ខាងលើ លទ្ធផលថ្មីនេះ បានបង្ហាញពីការធ្លាក់ចុះមិនធ្លាប់មាននៅក្នុងមុខវិជ្ជាគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត។ 
 
ពាក់ព័ន្ធនឹងការស្រង់ទិន្នន័យដដែល អង្គការ OECD បានបញ្ជាក់ថា ជាមធ្យមនៃបណ្តាប្រទេសចូលរួម មនុស្សវ័យជំទង់ចំនួន ១ភាគ៤ មានទទួលបានលទ្ធផលទាបក្នុងជំនាញគណិតវិទ្យា, ការអាន, និងវិទ្យាសាស្រ្ត។ បានសេចក្តីថា មនុស្សវ័យជំទង់ទាំងនោះ មិនចេះពីមូលដ្ឋាននៃគណិតវិទ្យា និងពាក្យសាមញ្ញៗ។
 
ជាមួយការធ្លាក់ចុះមិនធ្លាប់មាននេះ អង្គការ OECD បានយល់ឃើញថា ការប្រើប្រាស់ទូរសព្ទនៅពេលទំនេរ និងសាលារៀនមួយចំនួន ខ្វះគ្រូបង្រៀន អាចជាហេតុផលដ៏សំខាន់លើលទ្ធផលដ៏ទាបនេះ។ អង្គការដដែល បានបន្តថា ជំងឺកូវីដ-១៩ និងការបិទសាលា ក៏អាចជាការចូលរួមចំណែកធ្វើឱ្យក្មេងជំទង់មានលទ្ធផលខ្សោយផងដែរ។ 
 
ចំណែកប្រទេស និងតំបន់ដែលទទួលបានលទ្ធផលល្អខ្លាំងមាន សិង្ហបុរី ម៉ាកាវ តៃវ៉ាន់ ហុងកុង ជប៉ុន និងកូរ៉េខាងត្បូង ខណៈកាណាដា និងអេស្តូនី ទទួលបានលទ្ធផលល្អ។ 
 

Tag:
 គណិតវិទ្យា
  ទូរសព្ទ
  គ្រូបង្រៀន
  សិង្ហបុរី
  OECD
© រក្សាសិទ្ធិដោយ thmeythmey.com