សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី បានក្លាយជាទីផ្សារអង្ករធំជាងគេរបស់ថៃ
07, Dec 2023 , 9:59 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសនាំចូលអង្ករធំជាងគេរបស់ថៃ។ ១០ខែឆ្នាំនេះ បរិមាណអង្ករថៃដែលនាំចេញទៅឥណ្ឌូណេស៊ីមានចំនួន១,០៥លានតោនដែលមានតម្លៃ ៥២៣,៤៥លានដុល្លារ។

 
គ្រោះរាំងស្ងួតកំពុងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងលើតំបន់ដាំដុះស្រូវរបស់ឥណ្ឌូនេស៊ី ជាពិសេសនៅតំបន់កោះជ្វា និងផ្នែកខ្លះនៃភាគខាងត្បូងកោះស៊ូម៉ាត្រា។ កសិករមួយចំនួននៅតំបន់នោះ ត្រូវបង្ខំចិត្តដាំដំណាំដែលប្រើប្រាស់ទឹកតិចជាងដូចជាពោតជាដើម។ ដូច្នេះ ឥណ្ឌូណេស៊ី ត្រូវនាំចូលអង្ករច្រើនពីប្រទេសជាដៃគូដើម្បីផ្គត់ផ្គង់ក្នុងស្រុក។  
 
បើតាមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ Naphinthorn Srisanpang នៅឆ្នាំ ២០២២ ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី២០ ក្នុងបញ្ជីអ្នកនាំចូលអង្ករថៃច្រើនដោយបានបញ្ជាទិញអង្ករចំនួន៩១៧១៤តោនគិតជាតម្លៃ ៤២,២៤លានដុល្លារ។ 
 
ប៉ុន្តែរយៈពេល ១០ខែឆ្នាំនេះ បរិមាណអង្ករថៃដែលនាំទៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ១,០៥លានតោនបើគិតជាតម្លៃ ៥២៣,៤៥លានដុល្លារ ឈរនៅលំដាប់លេខ១ របស់ថៃ។ លោក Naphinthorn Srisanpang អះអាងថា អង្ករភាគច្រើនដែលនាំចូលទៅឥណ្ឌូណេស៊ីជាប្រភេទអង្ករស។
 
ចាប់ពីខែមករាដល់ខែតុលា ថៃបាននាំចេញអង្ករសរុបចំនួន ៦,៩២លានតោនគិតជាតម្លៃ ៣,៩៦ពាន់លានដុល្លារ។ ប្រទេសដែលជាដៃគូធំទាំង៥ រួមមាន ឥណ្ឌូណេស៊ី អាម៉េរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។
 
តម្រូវការអង្ករនៅឆ្នាំក្រោយ ទំនងជានឹងកើនឡើងដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់ El Niño លើផលិតកម្មស្រូវ។ ទន្ទឹមនេះ កង្វល់អំពីសន្តិសុខស្បៀងបានជំរុញឲ្យប្រទេសជាច្រើននាំចូលអង្ករដើម្បីបំពេញតម្រូវការក្នុងស្រុក។ 
 
ទន្ទឹមនេះ ដើម្បីបង្កើនការនាំចេញ និងផ្សព្វផ្សាយអង្ករថៃទៅដល់អតិថិជនថ្មី លោក Naphinthorn បានណែនាំឲ្យកសិករថៃត្រូវពន្លឿនការអភិវឌ្ឍពូជស្រូវរបស់ខ្លួន ដោយផ្តោតសំខាន់លើការប្រជែងទីផ្សារ និងបំពេញតម្រូវការដល់អ្នកប្រើប្រាស់។
 
លើសពីនេះ កសិករថៃគួរតែស្វែងរកព័ត៌មានជុំវិញដំណោះស្រាយការប្រែប្រួលអាកាសធាតុ និងអនុវត្តតាមវិធានការគ្រប់គ្រងទឹករបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត៕ 
 

Tag:
 ថៃ
  អង្ករ
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com