កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកលេងគុន! កីឡាករ Ornido ផ្តាំទៅ ចាន់ រតនា ជាដៃគូថា រូបគេក៏ជាជើងខ្លាំងមួយរូបដែរ
07, Dec 2023 , 10:59 am        
រូបភាព
កីឡាករ John Mcleary Ornido មកពីប្រទេសហ្វីលីពីនជាដៃគូប្រកួតរបស់កីឡាករកម្ពុជា ចាន់ រតនា ក្នុងការប្រកួតពានរង្វាន់ «អ្នកលេងគុន» និយាយថារូបគេក៏ជាជើងខ្លាំងមួយរូប នៅការប្រកួតលើកីឡាប្រដាល់ក្បាច់គុនចម្រុះកន្លងមក និងជាជើងឯកខ្សែប្រវ៉ាត់ព្រមទាំងពានរង្វាន់ជាច្រើន។


 
«អ្នកលេងគុន» នឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ។ «អ្នកលេងគុន» ជាកម្មវិធីប្រកួតប្រជែងថ្មីមួយទៀត ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ជាពិសេសក្បាច់គុនល្បុក្កតោ ។ កម្មវិធីប្រកួតនេះ នឹងមានកីឡាករចម្រុះក្បាច់គុន និងស្នៀតពិសេស ចូលរួមប្រកួតប្រជែង ។ 
 
ការប្រកួតមានការចូលរួមពីកីឡាករកម្ពុជា ,វៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង ឡាវ។ កីឡាករចូលរួមប្រកួត មានទាំងអ្នកគុនល្បុក្កតោ ប្រដាល់ សាំបូ MMA និងជឺជីតស៊ូ ជាដើម។
សម្រាប់កីឡាករ Ornido ដែលមានសញ្ជាតិហ្វីលីពីនរូបនេះ កំពុងតែហ្វឹកហាត់ត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រកួតកម្មវិធីអ្នកលេងគុន ។ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតអ្នកលេងគុន ទល់នឹងកីឡាករ ចាន់ រតនា , កីឡាករ Ornido បានហ្វឹកហាត់ទៅលើប្រភេទយុទ្ធគុនចម្រុះជាច្រើន និងតែងតែផ្លាស់ប្តូរទីតាំងហ្វឹកហាត់ពីទីក្រុងមួយទៅទីក្រុងមួយ ក្នុងប្រទេសហ្វីលីពីន។


 
មុនការប្រកួតកម្មវិធី អ្នកលេងគុន មកដល់កីឡាករ Ornido ក៏បាននិយាយផ្តាំផ្ញើទៅកាន់កីឡាករ ចាន់ រតនា ជាដៃគូ ថាគេក៏ជាជើងខ្លាំងមួយរូបផងដែរសម្រាប់ការប្រកួតលើកនេះ។ «ខ្ញុំធ្លាប់បានឮអំពីក្បាច់គុនបុរាណខ្មែរសម្បូរទៅដោយបច្ចេកទេសជាច្រើនក្នុងការប្រយុទ្ធ លាយឡំជាមួយនឹងស្នៀតជាច្រើន តែខ្ញុំក៏ជាម្ចាស់ជើងឯកការប្រកួតជាច្រើន ដូច្នេះចាំជួបគ្នាក្នុងពេលខាងមុខ ក្នុងប្រកួត«អ្នកលេងគុន។»។ កីឡា John Mcleary Ornido បាននិយាយតាមរយៈវីដេអូឃ្លីបអំពីការប្រកួតក្នុងកម្មវិធី អ្នកលេងគុន បែបនេះ។
 
គ្រូបង្វឹករបស់កីឡាករវ័យ ២០ឆ្នាំ លោក Jerry Legaspi អតីតកីឡាករសាំបូក្រុមជម្រើសជាតិហ្វីលីពីន បានបង្ហាញក្តីរំពឹងថា កូនសិស្សរបស់ខ្លួន នឹងអាចបំបាក់ ចាន់ រតនា នៅក្នុងការប្រកួត អ្នកលេងគុន បើទោះជា Ornido នឹងត្រូវបង្ហាញខ្លួនលើកដំបូងក៏ដោយ។
 
ក្រៅពីការហ្វឹកហាត់ជាមួយនឹងលោក Legaspi កីឡាករហ្វីលីពីន ក៏កំពុងហាត់ជាមួយនឹងគ្រូបង្វឹកលោក Mark Striegl ដែលជាអតីតកីឡាករការប្រកួត UFC និង ONE Championship ដែលធ្លាប់ឈ្នះមេដាយមាសក្នុងកីឡាសាំបូ នៅការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៩ ក្នុងប្រទេសហ្វីលីពីន។
 
លោក សយ ផាន់និច និងលោក វី តារ៉ា ដែលជាដឹកនាំរៀបចំកម្មវិធី«អ្នកលេងគុន» នេះ បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ដើម្បីគាស់កកាយក្បាច់គុន និងបច្ចេកទេសក្បួនបុរាណ មកបង្ហាញទស្សនិកជន និងពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់មួយកម្រិតទៀត ពីវប្បធម៌ក្បាច់គុនរបស់ខ្មែរ។ ជាពិសេសផ្ដល់ឱកាសថ្មីមួយទៀត ដល់កីឡាករ កីឡាការិនី អ្នកស្រឡាញ់វិស័យក្បាច់គុនបុរាណរបស់ខ្មែរ មានជម្រើសច្រើន សម្រាប់ការប្រកួតប្រជែង ក្រៅពីហាត់ដើម្បីការពារខ្លួន និងសុខភាព។
 
ម្យ៉ាងវិញទៀត កម្មវិធី«អ្នកលេងគុន» នេះ ក៏ជាផ្នែកមួយ លើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ ក្នុងឆាកអន្តរជាតិដែរ តាមរយៈការប្រកួតកម្រិតអាជីពដំបូងគេ នៅកម្ពុជា។ នេះបើតាមលោក សយ ផាន់និច ដែលបានបន្ថែមថា កន្លងមកការប្រកួតគុនល្បុក្កតោននេះ មានត្រឹមតែការសម្ដែង និងការប្រកួតបែបកីឡាប៉ុណ្ណោះ ដោយមិនទាន់់មានការប្រកួតកម្រិតអាជីពលក្ខណៈអន្តរជាតិ សម្រាប់ឱ្យកីឡាករ កីឡាការិនី បានបញ្ចេញក្បាច់ និងស្នៀតឱ្យអស់ពីសមត្ថភាពឡើយ៕
 

Tag:
 អ្នកលេងគុន
  John Mcleary Ornido
© រក្សាសិទ្ធិដោយ thmeythmey.com