កីឡាអន្តរជាតិ
អន្តរជាតិ
លោក Emery សារភាពថា Aston Villa មិនមែនក្រុមប្រជែងពាន EPL ទេ ទោះឈ្នះ Man City
07, Dec 2023 , 1:59 pm        
រូបភាព
លោក Unai Emery សារភាពថា Aston Villa មិនមែនជាក្រុមប្រជែងពាន Premier League រដូវកាលនេះនោះទេ បើទោះកូនក្រុមខ្លួនអាចដណ្តើមបានជ័យជម្នះលើក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City ១-០ ក៏ដោយ។


 
Leon Bailey បានស៊ុតបាល់បញ្ចូលទីនៅនាទី៧៤ និងជាគ្រាប់ជ័យម្នះរបស់ Aston Villa លើក្រុម Man City ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី៦ ខែធ្នូ។ ជ័យជម្នះនេះ បានជួយ Aston តាមស្មើកំណត់ត្រារបស់ Man City ដែលឈ្នះប្រកួតក្នុងដី១៤លើកជាប់ៗគ្នា និងថែមទាំងដណ្តើមបានចំណាត់ថ្នាក់លេខ៣ ពីក្រុមខ្លាំងនេះថែមទៀត។
ក្រោយការប្រកួត លោក Pep Guardiola អ្នកចាត់ការ Man City លើកសរសើរ Aston Villa មានការរៀបចំបានល្អ និងអាចមានឱកាសប្រជែងពាន Premier League រដូវកាលនេះទៀតផង។ 
 
យ៉ាងណាក៏ដោយ លោក Emery ឆ្លើយតបវិញថាជាពេលវេលាលឿនពេកសម្រាប់ Aston Villa ក្នុងការក្លាយជាគូប្រជែងដណ្តើមពានលីគកំពូលរបស់អង់គ្លេស។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ សារភាពថាកូនក្រុមខ្លួននៅមានការងារជាច្រើន និងវែងឆ្ងាយទៀត ដើម្បីតាមទាន់ក្រុមខ្លាំងដូចជា Man City, Arsenal និង Liverpool ជាដើម។
 
«យើងមិនមែនជាគូប្រជែងទេ។ នៅលីគកំពូលអង់គ្លេសមានក្រុម ៧ ដែលមានសមត្ថភាពជាង Aston ដើម្បីប្រជែងពាន។ យើងទើបឆ្លងកាត់១៥ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែយើងរីករាយក្នុងការទទួលបានចំណាត់ថ្នាក់លេខ ៣»។ នេះជាការបញ្ជាក់របស់លោក Emery ដែលដឹកនាំ Aston Villa ពីក្រុមស្ថិតនៅតំបន់ត្រូវកាត់ចោល រហូតក្លាយជាក្រុមស្ថិតនៅតំបន់ Top4 ត្រឹមរយៈពេលជាងមួយឆ្នាំ។
 
ឆ្លងកាត់១៥ប្រកួត Aston Villa ឈ្នះ១០ ចាញ់២ និងស្មើ៣ ទទួលបាន៣២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង EPL បណ្តោះអាសន្ន ដោយរុញម្ចាស់ការពារជើងឯក Man City ទៅលេខ៤វិញ ដោយមាន៣០ពិន្ទុ។ 
 
Liverpool នៅរក្សាចំណាត់ថ្នាក់ទី២ដដែល ដោយមាន៣៤ពិន្ទុ ប្រដេញក្រុមកំពូលតារាង Arsenal ដែមាន៣៦ពិន្ទុ។ Liverpool បានបន្តយកឈ្នះ ក្រុមបាតតារាង Sheffield United ២-០ នៅជំនួបទី១៥។
 
លទ្ធផលការប្រកួតគូផ្សេងទៀត៖
 
Manchester United ២-១ Chelsea
Fulham ៥-០ Nottingham Forest
Crystal Palace ០-២ Bournemouth
Brighton ២-១ Brentford៕
 

Tag:
 Premier League
  Aston Villa
© រក្សាសិទ្ធិដោយ thmeythmey.com