ជាតិ
សង្គមជាតិ
មនុស្ស៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅលីកាដូខេត្តបន្ទាយមានជ័យ ត្រូវបានដោះលែងហើយ
07, Dec 2023 , 2:32 pm        
រូបភាព
ការិយាល័យ​​អង្គការ​​លីកាដូ​​ខេត្ត​បន្ទាយ​មានជ័យ​ នៅថ្ងៃ​ទី​៦ធ្នូ ​ឆ្នាំ២០២៣។ រូបពី លីកាដូ
ការិយាល័យ​​អង្គការ​​លីកាដូ​​ខេត្ត​បន្ទាយ​មានជ័យ​ នៅថ្ងៃ​ទី​៦ធ្នូ ​ឆ្នាំ២០២៣។ រូបពី លីកាដូ
ភ្នំពេញ៖ មនុស្ស៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យលីកាដូ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ។

 
មន្ត្រីនគរបាល៦នាក់ បានចូលក្នុងបរិវេណការិយាល័យលីកាដូ ខេត្តបន្ទាយមានជ័យ ហើយចាប់ខ្លួនមនុស្ស៤នាក់ កាលពីថ្ងៃទី៦ធ្នូ ខណៈកំពុងទទួលការប្រឹក្សាយោបល់ផ្នែកច្បាប់ ទាក់ទងនឹងករណីបណ្ដឹងឧទ្ធរណ៍របស់លោក កង សារ៉ន ពីសកម្មជនបញ្ចេញមតិក្នុងបណ្តាញសង្គម។ អ្នកទាំងបួន រួមមានអ្នកស្រី ហង្ស ត្រឹប ជាភរិយាលោក សារ៉ន, កញ្ញា សេង ចន្ថា ជាកូនស្រីលោក សារ៉ន និងអ្នកជិតខាងពីរនាក់ផ្សេងទៀត ដែលជូនអ្នកទាំងពីរទៅការិយាល័យ លីកាដូ ខេត្តបន្ទាយមានជ័យ។ នេះបើតាមអង្គការលីកាដូ។ 
 
អ្នកទាំង៤ ត្រូវបានចាប់ខ្លួន ក្រោយពេលចូលដល់ការិយាល័យរបស់អង្គការ លីកាដូ បានប្រមាណ១០នាទី បន្ទាប់ពីអ្នកទាំងនោះ បានទៅសួរសុខទុក្ខលោក សារ៉ន នៅក្នុងពន្ធនាគារ កាលពីព្រឹកថ្ងៃទី៦ ធ្នូ។ សង្គមស៊ីលនេះ អះអាងថា មន្ត្រីនគរបាលទាំងនោះ មិនបានបង្ហាញពីឯកសារផ្លូវច្បាប់ណាមួយ ជុំវិញការឃាត់ខ្លួននេះឡើយ។ សមត្ថកិច្ចទាំងនោះប្រាប់ លីកាដូថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមបទបញ្ជា។ 
 
យ៉ាងណាអ្នកទាំង៤ខាងលើ ត្រូវបានដោះលែងវិញ នៅពេលរសៀល ថ្ងៃទី៦ធ្នូ។ អ្នកស្រី ហង្ស ត្រឹប បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃនេះថា សមត្ថកិច្ចនាំខ្លួនពួកគេទាំង៤ ទៅតុលាការខេត្តបន្ទាយមានជ័យ ដោយគ្រាន់តែសួរសុខទុក្ខ ហើយចែកអំណោយឱ្យពួកគេ។ 
 
«ខ្ញុំអត់ដឹងរឿងផង គេចាប់ទៅតុលាការខេត្តបន្ទាយមានជ័យ! អត់មានចាប់ឃុំទេ! គាត់នាំទៅសម្ភាស សួរនាំសុខទុក្ខ ហើយជូនប្រាក់ម្នាក់១០ម៉ឺនទាំង៤នាក់ អង្ករម្នាក់មួយការ៉ុង មី៤កេះ»។ អ្នកស្រី ត្រឹប លើកឡើងបែបនេះ។ 
 
ជុំវិញការឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងការិយាល័យលីកាដូនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយបន្ថែមពីលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឡើយ ដោយទាក់ទងតាមទូរស័ព្ទពុំមានការឆ្លើយតប។ 
 
សូមជម្រាបថា លោក សារ៉ន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២៥វិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ទាក់ទងនឹងទស្សនៈនយោបាយ ដែលលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំឡុងពេលយុទ្ធនាការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com