អន្តរជាតិ
ប៉ូលិសនេប៉ាល់ឃាត់ខ្លួនមនុស្ស ១០នាក់ ជុំវិញការបញ្ជូនយុវជនទៅធ្វើជាទាហានស៊ីឈ្នួលនៅរុស្ស៊ី
07, Dec 2023 , 4:10 pm        
រូបភាព
ទាហាននេប៉ាល់ Gurkhas ដែលមានជំនាញប្រយុទ្ធ និងភាពក្លាហាន។ រូបភាព AFP
ទាហាននេប៉ាល់ Gurkhas ដែលមានជំនាញប្រយុទ្ធ និងភាពក្លាហាន។ រូបភាព AFP
ប៉ូលិសនេប៉ាល់បានចាប់ខ្លួនមនុស្សចំនួន ១០នាក់ ពាន់ព័ន្ធនឹងការចោទប្រកាន់ពីការទាមទារប្រាក់ជាច្រើនពីយុវជនដែលគ្មានការងារធ្វើ ដើម្បីធ្វើទិដ្ឋាការ បញ្ជូនពួកគេឱ្យទៅធ្វើជាទាហានស៊ីឈ្នួលនៅរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីនេប៉ាល់ នៅថ្ងៃទី៦ ខែធ្នូ។


 
នៅសប្តាហ៍នេះ នេប៉ាល់ បានស្នើរុស្ស៊ីឱ្យបញ្ឈប់រើសប្រជាជនខ្លួន ធ្វើជាទាហានស៊ីឈ្នួលនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក្រោយការអំពាវនាវនោះ ប៉ូលិសនេប៉ាល់បានចាប់ខ្លួនមនុស្សជាច្រើនរូប ពាក់ព័ន្ធការបញ្ជូនមនុស្សទៅរុស្ស៊ី ធ្វើជាទាហានស៊ីឈ្នួល។ 
 
មេប៉ូលីសខណ្ឌកដ្ឋមណ្ឌូ លោក Bhupendra Khatri នៅថ្ងៃទី៦ ខែធ្នូ បានរាយការណ៍ថា ជនល្មើសចំនួន ១០ នាក់ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសប៉ុន្មានថ្ងៃមកហើយ ក្រោយពីមានការផ្តល់ព័ត៌មាន។ 
 
«យើងកំពុងពិភាក្សាជាមួយមេធាវីរដ្ឋាភិបាលអំពីករណីនេះ ហើយបញ្ជូនពួកគេទៅតុលាការ» ។ លោក Khatri បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ប៉ុន្តែមិនបាន បញ្ជាក់ពីពេលវេលាដែលជនជាប់ចោទត្រូវបញ្ជូនទៅតុលាការឡើយ។ 
 
ជនសង្ស័យទាំងនោះ បានប្រមូលប្រាក់ពីយុវជនរហូតដល់ ៩ពាន់ដុល្លារក្នុងម្នាក់ ហើយបញ្ជូនពួកគេទៅកាន់រុស្ស៊ី ដោយផ្អែកលើទិដ្ឋាការទេសចរណ៍។ ការបញ្ជូនមនុស្ស គឺធ្វើឡើងតាមរយៈអេមីរ៉ាតអារ៉ាប់រួម មុនត្រូវបានជ្រើសរើសឱ្យធ្វើជាទាហានស៊ីឈ្នួលរបស់រុស្ស៊ី។
 
ទាហាននេប៉ាល់ដែលហៅថា Gurkhas ត្រូវបានស្គាល់សម្រាប់ភាពក្លាហាន និងជំនាញប្រយុទ្ធ របស់ពួកគេ ហើយបានបម្រើកងទ័ពអង់គ្លេស និងឥណ្ឌា បន្ទាប់ពីឯករាជ្យរបស់ឥណ្ឌាក្នុងឆ្នាំ ១៩៤៧ ក្រោមកិច្ចព្រមព្រៀងក្នុងចំណោមប្រទេសទាំងបី។ យ៉ាងណាមិញពួកគេ មិនមាន កិច្ចព្រមព្រៀងបែបនេះជាមួយរុស្ស៊ីឡើយ។ ហេតុផលចម្បងមួយដែលធ្វើឱ្យរុស្ស៊ីជួលកងទ័ពនេប៉ាល់ Gurkhas គឺអាចមកពីភាពក្លាហាន និងជំនាញរបស់ពួកគេ។ 
 
គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់សារព័ត៌មាន The Kathmandu Post អគ្គរដ្ឋទូតនេប៉ាល់ ប្រចាំនៅក្រុងមូស្កូ បានអះអាងថា ប្រជាជនខ្លួនចន្លោះពី១៥០នាក់ ទៅ២០០នាក់ បានស៊ីឈ្នួលធ្វើសង្រ្គាម៕ 
 
 

Tag:
 រុស្ស៊ី
  នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com