កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា Man Utd គ្មានវិបត្តិផ្ទៃក្នុងដូចការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយ
07, Dec 2023 , 4:42 pm        
រូបភាព
អ្នកចាត់ការទូទៅក្រុម Manchester United លោក Erik ten Hag ថាក្លិបគ្មានវិបត្តិផ្ទៃក្នុងឡើយសម្រាប់រដូវកាលនេះ បើទោះជាមានការចុះផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយចំនួន ថាបញ្ហាបានកើតមានរវាងក្រុមកីឡាករមិនពេញចិត្តនឹងការដឹកនាំរបស់លោក ដែលមានលទ្ធផលមិនល្អក៏ដោយក្តី។


 
ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ កើតឡើងក្រោយពេលដែលក្រុមបិសាចក្រហមបានប្រកួតយកឈ្នះលើក្រុមតោខៀវ Chelsea ដោយលទ្ធផល ២-១ នាថ្ងៃទី៦ ខែធ្នូ ក្នុងកីឡដ្ឋាន Old Trafford។ 
 
កាលពីពេលថ្មីៗនេះមានការចុះផ្សាយមួយចំនួនពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ដែលក្នុងនោះមានទូរទស្សន៍កីឡាដ៏ល្បី Sky Sports ក្នុងចំណោមនោះ បាននិយាយថាបញ្ហាបានកើតឡើងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុម Man United ដោយកីឡាករមិនពេញចិត្តនឹងការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិហូឡង់។
 
Man United ឈ្នះការប្រកួតដោយភាពជឿជាក់ ទោះបីខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានដាក់ឱ្យអង្គុយនៅកៅអីបម្រុងក៏ដោយក្តី ហើយ ៣ពិន្ទុសម្រាប់ក្រុម បានជួយរុញច្រានក្រុមបិសាចក្រហមឡើងលេខ ៦ មានគម្លាត ៣ពិន្ទុ ពីក្រោមក្រុម Manchester City ដែលឈរលេខ ៤ ក្រោយពួកគេចាញ់ Aston Villa លទ្ធផល ១-០។ 
 
«វិបត្តិ? យើងកំពុងតែស្ថិតនៅលើដំណើរមួយដ៏ត្រឹមត្រូវ យើងបន្តរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់នៅអ្វីដែលយើងបានធ្វើ។ យើងដឹងថាយើងត្រូវតែកសាងរឿងទាំងនេះឱ្យបានល្អ យើងមិនរំខានដោយការរិះគន់ជុំវិញយើងនោះទេ ខ្ញុំមិនខ្វល់ទេការរំខានទេ នៅពេលដែលយើងនៅជាមួយគ្នា ពួកគេមានអាកប្បកិរិយាដ៏ត្រឹមត្រូវ យើងមានការលេងមួយយ៉ាងល្អក្នុងការប្រម៉ូលយកពិន្ទុបន្តទៀត។ យើងបានឃើញពីការឈ្នះ ៣ពិន្ទុ យើងបានបំបាក់គូប្រកួតដោយការគ្រប់គ្រងបាល់របស់យើង នូវអ្វីដែលយើងចង់លេង។»។ លោក Ten Hag បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ប៉ះ Chelsea ក្រុមបិសាចក្រហមមានការស៊ុតចំនួន ២៨លើក ៩លើកចំគោលដៅ ហើយពួកគេបានបំបាក់ក្រុមដែលដឹកនាំដោយលោក Mauricio Pochettino ក្នុងទឹកដី Old Trafford។ ២គ្រាប់របស់ Scott Mctominay’s នៅវគ្គទីមួយជួយនាំយកជ័យជម្នះដល់ក្រុមរបស់លោក Ten Hag ចំណែក Chelsea រកបាន ១គ្រាប់មកវិញដោយកីឡាករ Cole Palmer។ 
ការប្រកួតបន្ទាប់របស់ក្រុមបិសាចក្រហម នឹងត្រូវស្វាគមន៍ក្រុម AFC Bournemouth ក្នុងទឹកដីកីឡដ្ឋាន Old Trafford នៅថ្ងៃទី៨ ខែធ្នូ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com