ជាតិ
សង្គមជាតិ
ថវិកាគាំទ្រ EU លើកទឹកចិត្តសហគមន៍ចំនួន២៥០ ចូលរួមស្តារជម្រកត្រីមេពូជ និងវារីវប្បកម្មផ្សេងៗ
07, Dec 2023 , 7:59 pm        
រូបភាព
គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ សហភាពអឺរ៉ុប បានផ្ដល់ថវិកាគាំទ្រការអភិរក្សធនធានជលផលដល់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីចំនួន២៥០សហគមន៍។ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (CAPFISH-Capture) ថវិកាចំនួន៤លានរៀលត្រូវផ្ដល់ឱ្យសហគមន៍នីមួយៗ ដែលក្នុងនោះមាន១៥០សហគមន៍នេសាទត្រី ស្ថិតក្នុងខេត្តគោលដៅចំនួន១៥ និង១០០សហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងខេត្តគោលដៅចំនួន១១។


 
លោក Everaert Koen អនុប្រធានសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា ថវិកាគាំទ្របានផ្ដល់ទៅសហគមន៍នេសាទ ដើម្បីជួយជំរុញលើកិច្ចការអភិរក្សធនធានជលផល និងលើកទឹកចិត្តសហគមន៍ ដែលចូលរួមជួយការពារ និងស្ដារជម្រកត្រីមេពូជ ក៏ដូចជាវារីវប្បកម្មផ្សេងៗទៀតផង។
 
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបញ្ជាក់ថា សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ចូលរួមក្នុងការអភិរក្ស គ្រប់គ្រងជលផលទាំងទឹកសាប និងតំបន់ឆ្នេរ ក៏ដូចជាការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ពិសេសការគ្រប់គ្រងត្រីមេពូជនៅរដូវប្រាំង។


 
ថ្លែងក្នុងសិក្ខាសាលាបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល កាលពីថ្ងៃទី៤ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ លោក ពុំ សុថា ស្នើឱ្យបណ្តាដៃគូអភិវឌ្ឍជលផល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រការអនុវត្តកិច្ចការងារនេះ តាមរយៈការផ្តល់ការគាំទ្របច្ចេកទេស ការបណ្តុះបណ្តាលសមត្ថភាព និងថវិកាជួយជំរុញសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីរក្សានិរន្តរភាពដំណើរការរបស់សហគមន៍មូលដ្ឋាន។
 
យ៉ាងណា លោក សុថា ប្រាប់ឱ្យសហគមន៍ទាំងពីរ ត្រូវមានស្វ័យភាពពង្រឹងសមត្ថភាព និងអនុវត្តកិច្ចការងារដោយទំនួលខុសត្រូវ ដើម្បីចូលរួមគ្រប់គ្រងធនធាន ជលផល និងលុបបំបាត់បទល្មើសនេសាទនៅតាមសហគមន៍នេសាទ។
 
សូមបញ្ជាក់ថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (CAPFISH-Capture) ជាជំនួយរបស់សហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផល និងសហគមន៍នេសាទចំនួន១៥ និងសហគមន៍ស្រះជម្រកត្រីចំនួន១១។ កម្មវិធីនេះ ចាប់ផ្ដើមតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានការផ្ដល់ថវិកាគាំទ្រ និងការបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗដល់សហគមន៍សម្រាប់ការអនុវត្តការងារជលផល៕
 

Tag:
 ជលផល
 សហគមន៍នេសាទត្រី
 សហគមន៍ស្រះជម្រកត្រី
© រក្សាសិទ្ធិដោយ thmeythmey.com