អន្តរជាតិ
ក្រុមប្រទេសG7 បន្តរឹតដង្ហើមសេដ្ឋកិច្ចរុស្ស៊ី តាមរយៈការទណ្ឌកម្មលើវិស័យពេជ្រ
07, Dec 2023 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅថ្ងៃទី៦ ខែធ្នូ បានឯកភាពដាក់ទណ្ឌកម្មបន្ថែមលើវិស័យពេជ្ររបស់រុស្ស៊ី ដើម្បីបិទដង្ហើមសេដ្ឋកិច្ចប្រទេសមួយនេះ ឱ្យបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន។

 
មុខខួបរយៈពេល ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) បានឯកភាពដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី៦ ខែធ្នូ ក្រោយកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ទណ្ឌកម្មលើកចុងក្រោយនេះរបស់ក្រុមប្រទេសG7 បានរឹតត្បិតនាំចូលពេជ្រមិនមែនឧស្សាហកម្ម ពេជ្រដែលត្រូវបានជីក ឬកែច្នៃ ឬត្រូវបានផលិតនៅរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ 
 
«យើងប្តេជ្ញាគាំទ្រអ៊ុយក្រែនប្រកបដោយឯករាជ្យភាព និងប្រជាធិបតេយ្យ នៅក្នុងព្រំដែនដែលត្រូវបានអន្តរជាតិទទួលស្គាល់»។ សេចក្តីថ្លែងការណ៍រួមក្រុមប្រទេសរីកចម្រើនទាំង ៧ បានបញ្ជាក់បែបនេះ។ ការរឹតត្បិតលើវិស័យពេជ្រនេះ ធ្វើឡើងដើម្បីកាត់បន្ថយចំណូលទៅរុស្ស៊ី ដែលអាចបង្វែរលុយយកទៅធ្វើសង្រ្គាម និងធ្វើទំនើបកម្មអាវុធ។ 
 
បន្ថែមពីនេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានផ្លាស់វេនរបស់ក្រុមប្រទេស G7 នៅក្នុងឆ្នាំនេះ បានប្រកាសថា ក្រុងតូក្យូ ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបន្ថែមចំនួន៤,៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនពីការងើបខ្លួនចេញពីសង្រ្គាម។ 
 
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃមេដឹកនាំក្រុមប្រទេស G7 ផងដែរ បានអំពាវនាវជាថ្មីឱ្យបន្តជំនួយទៅអ៊ុយក្រែន ដើម្បីបំបាក់ក្តីសង្ឃឹមរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលចង់ឃើញសាមគ្គីភាពរបស់ប្រទេសលោកសេរីដួលរលំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
 
ការទទូចសុំជំនួយពីសំណាក់អ៊ុយក្រែននេះ ធ្វើឡើងស្របពេលសភាអាម៉េរិក កំពុងខ្វែងគំនិត និងមិនអាចអនុម័តជំនួយយោធាសម្រាប់អ៊ុយក្រែន តាមសំណើរបស់លោកប្រធានាធិបតី ចូ បៃឌិន បាន។ 
 
តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវឯករាជ្យ IPIS ការនាំចេញពេជ្ររបស់រុស្ស៊ីនៅក្នុងឆ្នាំ២០២២ មានទំហំ ៣,៦៣ពាន់លានដុល្លារ បើទោះវិស័យមួយនេះ រងទណ្ឌកម្មអាម៉េរិកក៏ដោយ៕
 

Tag:
 G7
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com