ជាតិ
១១ខែ កម្ពុជាបានចំណូលជិត៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅអន្តរជាតិ
07, Dec 2023 , 8:59 pm        
រូបភាព
កសិករច្រូតស្រូវ ស្ថិតក្នុងភូមិព្រៃវែង ខេត្តព្រះវិហារ។ រូបភាព៖ Sansom Mlup Prey
កសិករច្រូតស្រូវ ស្ថិតក្នុងភូមិព្រៃវែង ខេត្តព្រះវិហារ។ រូបភាព៖ Sansom Mlup Prey
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជិត៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង៧,៣លានតោនទៅក្រៅប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣។ កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្ រូវ,អង្គរ,ដំឡូងមី,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេក,ផ្លែស្វាយ , ម្រេច និងកសិផលប្រមាណ១០០មុខទៀត។


 
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផល ៧ ៣១៤ ១៩០,១២តោនទៅកាន់៧៥ប្រទេស ក្នុងនោះ អង្ករ ៥៩៥ ៦៣០,០០តោន, ស្រូវ ២ ៤៩៧ ០៧៥,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ៤ ២២១ ៤៨៥,១២តោន។ 
 
តាមការប៉ាន់ប្រមាណ កម្ពុជាទទួលបានចំណូល៣ ៩០៩ ៨៦៧ ៤១៩,៨៧ដុល្លារ ពីការនាំចេញកសិផលទាំងនេះ ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន៥១៥ ២១៩ ៩៥០ដុល្លារ, ការនាំចេញស្រូវមាន៨៤០ ២៨៥ ១២៤ ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមាន២ ៥៥៤ ៣៦២ ៣៤៥,៨៧ដុល្លារ។
 
បរិមាណនៃការនាំចេញនេះ ថយចុះជាង៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយសារតែ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយនោះ។ ជាមួយគ្នានេះ ភាពតានតឹងនៃអត្រាការប្រាក់ខ្ពស់ទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជា កម្ពុជា ផងដែរ។
 
ដោយឡែក ក្នុងប្រទេសវិញ ទីផ្សារស្រូវមានតម្លៃខ្ពស់ពេក ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានតិច។ ទាំងនេះ ក៏ដោយសារពួកគេមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់ កិនអង្ករនាំចេញ ខណៈការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាម អនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។ ទន្ទឹមនេះ ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ តាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យ ក៏នាំជាផ្នែកនាំឱ្យមានការថយចុះដែរ។ 
 
ថ្វីត្បិតតែ ការនាំចេញកសិផល១១ខែនេះធ្លាក់ចុះ ប៉ុន្តែ ការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានបរិមាណ ១ ០៣៧ ៥៥២,៣៨ តោន កើនឡើងចំនួន ៣៤៦ ២៤១,០៣តោន បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានបរិមាណ ៦៩១ ៣១១,៣៥តោន។ នេះជាការបញ្ជាក់របស់ អគ្គនាយកដ្ឋានកសិកម្ម ក្នុងរបាយការណ៍៕ 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  ស្រូវ
  អង្ករ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com