កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Santos ដែល Neymar និង Pele ធ្លាប់ប្រកបអាជីព ធ្លាក់ពីលីគកំពូលប្រេស៊ីលលើកដំបូង ក្នុងប្រវត្តិសាស្ត្រ
07, Dec 2023 , 9:29 pm        
រូបភាព
ក្របខណ្ឌលីគកំពូលប្រេស៊ីល Serie A បានបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ ដែលជារដូវកាលដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ដោយក្រុម Palmeiras រក្សាតំណែងជើងឯកបន្តទៀតរបស់ខ្លួន ខណៈ Santos FC ជាក្លិបទីចាប់ផ្តើមអាជីពដ៏អស្ចារ្យរបស់វីរៈបុរស Pele និងខ្សែប្រយុទ្ធឆ្នើម Neymar Jr បានធ្លាក់ចេញពីលីគកំពូលប្រេស៊ីលលើកដំបូងក្នុងប្រវត្តិសាស្ត្រ។


 
ក្លិប Palmeiras ប្រកួតស្មើ ១-១ ទល់នឹងក្រុម Cruzeiro ដើម្បីគ្រងជើងឯកលើកទី ១២ របស់ខ្លួនជាប់គ្នា។ ក្លិប Santos វិញបានប្រកួតចាញ់ក្រុម Fortaleza នៅក្នុងទឹកដីកីឡដ្ឋាន Urbano Caldeira ដែលជាទីកន្លែងធ្លាប់បានតម្កល់សពរបស់លោក Pele ពេលដែលលោកបានចែកឋានទៅ កាលពីខែមករា ដើមឆ្នាំ ២០២៣។ 
 
ក្លិប Atletico Mineiro និង Flamengo ដែលជាបេក្ខភាពមួយក្នុងការប្រជែងពានរង្វាន់កាលពីជុំទីមួយ បានចាញ់ការប្រកួតចុងក្រោយរបស់ពួកគេ ដោយចាញ់ក្រុម Gremio ដែលមានវត្តមានខ្សែប្រយុទ្ធ Luis Suarez កំពុងតែលេងឱ្យ ហើយក៏ជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្រោយពួកគេបានយកឈ្នះលើក្រុម Fluminense លទ្ធផល ៣-២ នៅការប្រកួតចុងក្រោយ។
ក្លិប Palmeiras បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងដោយរកបាន ៧០ពិន្ទុ មានគម្លាត ២ពិន្ទុ ពីក្រុម Gremio របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្កាយ Suarez ដែលមាន ៦៨ពិន្ទុ ពីការប្រកួតទាំង ៣៨លើក។
 
ចំណែកក្លិប Santos វិញបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៧ ដោយមានគម្លាត ១ពិន្ទុពីក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ Bahia ដែលមាន ៤៤ពិន្ទុ រួចផុតពីតំបន់ត្រូវកាត់ចោល។ ក្លិបដែលត្រូវធ្លាក់ចេញរួមមាន Santos FC លេខ ១៧, Goias លេខ ១៨, Coritiba លេខ ១៩ និង America MG លេង ២០ នៅបាតតារាង។
 
Santos FC ជាក្លិបដែលលោក Pele បានលេងក្នុងអាជីពលើកដំបូង ហើយក៏បានក្លាយជាក្លិបដ៏ល្បីឈ្មោះមួយតាំងពីជំនាន់ឆ្នាំ ១៩៥០ ដល់ ១៩៦០ ដោយកាលនោះក្លិបក៏បានឈ្នះពានរង្វាន់ ១០លើកជាប់គ្នាក្នុងទ្វីប និងជើងឯកលីគប្រេស៊ីល ៦លើក។ ក្លិបនេះក៏បានលើកពាន Copa Libertadores នៅក្នុងឆ្នាំ ១៩៦២ និងឆ្នាំ ១៩៦៣។
 
ជាក់ស្តែងក្លិប Santos FC ជាទីកន្លែងដែលកកើតដំបូងនៃបាល់ទាត់សម័យទំនើប ដែលនាំមកដោយវីរបុរសបាល់ទាត់ប្រេស៊ីល Pele ហើយព្រោះតែលោក ទើបធ្វើឱ្យមានកីឡាករបាល់ទាត់ពោរពេញដោយសមត្ថភាព និងបច្ចេកទេសថ្មីប្លែកខ្លាំងៗជាច្រើនមកសព្វថ្ងៃ។ Santos FC ក៏ជាទីកន្លែងដែល Neymar Jr ចាប់ផ្តើមភាពល្បីល្បាញរបស់គេខ្លាំងមុនពេលផ្លាស់ទៅ Barcelona៕
 

Tag:
 Santos FC
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com