សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ៊ីតាលី ក្លាយជាប្រទេសទី១ ដែលចាកចេញពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន
07, Dec 2023 , 5:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni  ។ រូបភាព ៖ AFP
នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ។ រូបភាព ៖ AFP
អ៊ីតាលីបានជូនដំណឹងជាផ្លូវការទៅចិនថា ខ្លួននឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ទីក្រុងរ៉ូមបានច្រានចោលការព្រួយបារម្ភជុំវិញទំនាក់ទំនង និងការធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិក្រោយការចាកចេញនេះដែរ។


 
នៅឆ្នាំ២០១៩ អ៊ីតាលីក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម និងវិនិយោគរបស់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ យ៉ាងណាមិញ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni ចង់ដកខ្លួនចេញពីគម្រោង BRI របស់ចិនភ្លាមដោយយល់ថា មិនបាននាំផលចំណេញដល់អ៊ីតាលី។ 
 
កិច្ចព្រមព្រៀងគម្រោង BRI ក្នុងឆ្នាំ២០១៩ នឹងត្រូវផុតសុពលភាពនៅខែមីនា ឆ្នាំ២០២៤។ រដ្ឋាភិបាលអ៊ីតាលីបានប្រកាសថា ទីក្រុងរ៉ូមបានផ្ញើលិខិតមួយទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះដោយបញ្ជាក់ជំហរមិនបន្តកិច្ចព្រមព្រៀងនេះទៀតទេ។
 
ជុំវិញរឿងនេះ សារព័ត៌មាន Reuters បានដកស្រង់ប្រភពពីមន្រ្តីរដ្ឋាភិបាលអ៊ីតាលីមួយរូបថា ៖ « យើងមានបំណងរក្សាទំនាក់ទំនងដ៏ល្អជាមួយចិន ទោះបីជាយើងលែងចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវក៏ដោយ ។ ប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ផ្សេងទៀតមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនជាងយើង ទោះបីជាការពិតពួកគេមិនដែលបានចូលរួមជាមួយ BRI ក៏ដោយ »។ 
 
អ៊ីតាលីនឹងកាន់តំណែងជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 នៅឆ្នាំ២០២៤។
 
យោងតាមទិន្នន័យពីរដ្ឋាភិបាលអ៊ីតាលី នៅឆ្នាំ២០២២ ការនាំចេញទៅកាន់ចិនមានចំនួនសរុប១៦,៤ពាន់លានអឺរ៉ូ (១៧,៧ពាន់លានដុល្លារ)។ តួលេខនេះកើនឡើងខ្ពស់បើធៀបចំនួន ១៣ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៩ ។ ចំណែកការនាំចេញរបស់ចិនទៅកាន់អ៊ីតាលីបានកើនឡើងដល់ ៥៧,៥ពាន់លានអឺរ៉ូ (៦១,៩៧ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២២ ។
 
សម្រាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់ចាយប្រាក់អឺរ៉ូធំៗរបស់អ៊ីតាលីមាន បារាំង និងអាល្លឺម៉ង់បាននាំចេញច្រើនជាងទៅកាន់ចិនកាលពីឆ្នាំមុន បើទោះបីជាមិនមែនជាផ្នែកនៃ BRI។ 
 
យ៉ាងណាមិញ ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែកញ្ញា ហើយប្រធានាធិបតី Sergio Mattarella នឹងបំពេញទស្សនកិច្ចនៅចិននៅឆ្នាំក្រោយ។
 
ទោះបីជាជាផ្នែកមួយនៃ BRI ប៉ុន្តែរដ្ឋាភិបាលអ៊ីតាលីតែងតែសង្ស័យពីគម្រោងចិន និងបានរឹតបន្តឹងក្រុមហ៊ុនចិនជារឿយៗ។ កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីរបស់លោកស្រី Meloni បានកំណត់ឥទ្ធិពលរបស់ម្ចាស់ភាគហ៊ុនចិន Sinochem លើក្រុមហ៊ុនផលិតសំបកកង់អ៊ីតាលី Pirelli ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក៕ 
 

Tag:
 អ៊ីតាលី
  ចិន
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com