អន្តរជាតិ
អឺរ៉ុបព្រមានមិនអត់ឱនចិន បើមានការប្រកួតប្រជែងមិនត្រឹមត្រូវ
08, Dec 2023 , 10:13 am        
រូបភាព
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (ស្តាំ) និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (ឆ្វេង) បានជួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅថ្ងៃទី៧ ខែធ្នូ។ រូបភាព Xinhua
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (ស្តាំ) និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (ឆ្វេង) បានជួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅថ្ងៃទី៧ ខែធ្នូ។ រូបភាព Xinhua
សហភាពអឺរ៉ុប នៅថ្ងៃទី៧ ខែធ្នូ បានព្រមានមិនត្រាប្រណីដល់ចិនឡើយ ប្រសិនបើខ្លួនរកឃើញថាមិនការប្រកួតប្រជែងមិនត្រឹមត្រូវ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង បានតបថា សហភាពអឺរ៉ុប គួរមានភាពប្រុងប្រយ័ត្នចំពោះ គោលនយោបាយពាណិជ្ជកម្ម ដែលមានលក្ខណៈរឹតត្បិត។

 
ក្នុងជំនួបលើកដំបូងរយៈពេល ៤ឆ្នាំ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានជួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅថ្ងៃទី៧ ខែធ្នូ ដោយបញ្ហាពាណិជ្ជកម្មជាប្រធានបទដ៏សំខាន់។ 
 
ពីទីក្រុងប៉េកាំង មេដឹកនាំសហភាពអឺរ៉ុប បានព្រមានចិនថា ខ្លួននឹងមិនអត់ឱនឡើយ ប្រសិនបើមានការប្រកួតប្រជែងមិនត្រឹមត្រូវ។ 
 
«ជាលក្ខណៈនយោបាយ មេដឹកនាំអឺរ៉ុបនឹងមិនត្រាប្រណីនោះទេ បើឧស្សាហកម្មរបស់យើង ត្រូវបានបំពាន ដោយការប្រកួតប្រជែងមិនត្រឹមត្រូវ»។ លោកស្រី Von der Leyen បានសង្ក់តធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃទី៨ ខែធ្នូ ដោយបន្តថា ជញ្ជីងពាណិជ្ជកម្មរបស់អឺរ៉ុបមានឱនភាពជាមួយចិនប្រមាណ ៤៣១ពាន់លានដុល្លារ ដោយចិនមានការរឹតត្បិតលើធុរកិច្ចអឺរ៉ុបនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចំណែក លោក Michel បានទទូចឱ្យភាគីទាំងពីរជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចមានលក្ខណៈទៅវិញទៅមក និងតុល្យភាព រួមទាំងរំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបើកចំហទីផ្សាររបស់ខ្លួនបន្ថែមទៀត សម្រាប់ធុរកិច្ចអឺរ៉ុប រួមទាំងដាក់ចេញវិធានការមួយចំនួន។ 
 
ទន្ទឹមនេះ មេដឹកនាំអឺរ៉ុប និងចិន បានជជែកពីមូលហេតុដែលបង្កឱ្យមានអតុល្យភាពជញ្ជីងពាណិជ្ជកម្ម, ការរឹតត្បិតធុរកិច្ចក្នុងទីផ្សារចិន, ការយកចិត្តទុកដាក់លើក្រុមហ៊ុនចិន រួមទាំងច្រវាក់ផលិតកម្មផងដែរ។ 
 
ជាការឆ្លើយតប លោកប្រធានាធិបតីចិន បានទទូចឱ្យអឺរ៉ុប កុំចាត់ទុកជាដៃគូប្រកួតប្រជែង ឬការប្រឈមមុខដាក់គ្នា ដោយសារតែប្រព័ន្ធនយោបាយខុសគ្នា។ ត្រង់ចំណុចនេះ លោកស៊ី បានប្តេជ្ញាចាត់ទុកសហភាពអឺរ៉ុបជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងសហការលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ 
 
ក្រៅពីជួបលោកស៊ី មេដឹកនាំអឺរ៉ុប ក៏បានជជែកជាមួយលោកនាយករដ្ឋមន្រ្តីលី ឈាំងផងដែរ។ បើតាមលោកលី រដ្ឋាភិបាលក្រុងប៉េកាំង សង្ឃឹមថា អឺរ៉ុប នឹងមានការប្រុងប្រយ័ត្ន នៅពេលដាក់ចេញគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលមានលក្ខណៈរឹតត្បិត។
 
តាមទិន្នន័យរបស់ទីភ្នាក់ងារ Eurostat នៅក្នុងឆ្នាំ២០២២ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទីពីររបស់អឺរ៉ុប បន្ទាប់ពីអាម៉េរិក។ ទំហំពាណិជ្ជកម្មភាគីទាំងពីរមានចំនួន ៩៣៨ពាន់លានដុល្លារ ដោយអឺរ៉ុបនាំចូលពីចិន ក្នុងទំហំ ៦២៦,៣ ពាន់លានដុល្លារ។
 
កន្លងមក សហភាពអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភធនលើរថយន្តអគ្គិសនីចិន ក្នុងគោលបំណងដាក់ពន្ធបន្ថែមលើរថយន្តប្រភេទនេះ រួមទាំងការពារក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន កុំឱ្យក្ស័យធន៕ 

Tag:
 ចិន
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com