ជាតិ
គយបំភ្លឺថា សាច់បង្កក៣៧០តោន ដែលទើបបង្រ្កាបបាន គឺមានច្បាប់
08, Dec 2023 , 4:09 pm        
រូបភាព
សាច់បង្កកចម្រុះ៣៧០តោន ដែលរកឃើញក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី៤ ខែធ្នូ។ រូបភាព៖ គយ
សាច់បង្កកចម្រុះ៣៧០តោន ដែលរកឃើញក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី៤ ខែធ្នូ។ រូបភាព៖ គយ
ភ្នំពេញ៖ សាច់បង្កក៣៧០តោន ដែលមន្រ្តីបង្រ្កាបបទល្មើសសាច់សត្វ រកឃើញក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃច័ន្ទ ទី៤ ធ្នូ គឺជាការនាំចូលស្របច្បាប់។ នេះជាការបំភ្លឺរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) បន្ទាប់ពីសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ចុះផ្សាយថា សាច់បង្កកដ៏ច្រើនលើសលុបនេះ នាំចូលដោយគ្មានច្បាប់។ គយ ចាត់ទុកថា ការផ្សព្វផ្សាយទាំងនេះ មានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គម។ 



បើតាម គយ សាច់បង្កកចម្រុះទម្ងន់៣៧០តោននោះ មានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ។ វាត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចការលើកឡើងពន្លើស ដោយបុគ្គលមួយចំនួនឡើយ។  
 
អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ ។ 



គយ ចាត់ទុកថា ការចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ បានបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយ ដែលកំពុងអនុវត្តវិធានការបង្រ្កាបអំពើរត់គេចពន្ធ។ 
 
ជុំវិញបញ្ហានេះ គយ អំពាវនាវ ឱ្យបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា៕ 

Tag:
 អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
  សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com