កីឡាអន្តរជាតិ
អន្តរជាតិ
Son ផ្ទុះកំហឹងក្រោយក្រុមបង្កើតប្រវត្តិសាស្ត្រអាក្រក់នៅ Premier League
08, Dec 2023 , 7:59 pm        
រូបភាព
កីឡាករ Son Heung-Min ប្រធានក្រុម Tottenham Hotspur ផ្ទុះកំហឹងក្រោយក្រុមប្រកួតចាញ់ West Ham United លទ្ធផល ២-១ ដែលជាការចាញ់លើកទី៤ ចំណោមការប្រកួត៥លើកចុងក្រោយជាប់គ្នា​ បន្ទាប់ពីក្រុមធ្វើបានល្អខ្លាំងនៅការប្រកួត ១០លើកដំបូងក្នុងក្របខណ្ឌ Premier League។ ​៥ប្រកួតរកបាន១ពិន្ទុ បានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ Spurs ចាប់តាំងពីឆ្នាំ ២០០៨ មក។



ទោះជាស៊ុតបើកការនាំមុខតាំងពីដើមវគ្គ ដែលរកគ្រាប់បាល់បានដោយការតែតរបស់កីឡាករ Cristian Romero នៅនាទី១១ ប៉ុន្តែក្រុម Spurs នៅតែមិនអាចរក្សាលទ្ធផលឈ្នះរបស់ខ្លួនបានដូចនៅវគ្គទីមួយ។ នៅវគ្គទីពីរ West ham បានបើកការវាយបកខ្លាំងលើ Spurs រហូតអាចរកបានគ្រាប់បាល់ឈ្នះទាំង ២គ្រាប់មកវិញ ដោយកីឡាករ Jarrod Bowen និង James Ward-Prowse។
 
ចាញ់ការប្រកួតជាប់ៗគ្នា Son ដែលជាប្រធានថាជារឿងដែលពិបាកទទួលយក ហើយក្រុមកីឡាករត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។
 
«យើងចាញ់ការប្រកួតដែលជារឿងមិនអាចទទួលយកបាន។ យើងតែងតែនាំមុខគេ ៥លើកជាប់ៗគ្នា ហើយបែរជាចាញ់ការប្រកួតទៅវិញ ខ្ញុំគិតថានេះជារឿងដែលមិនអាចទទួលយកបានឡើយ កីឡាកររបស់យើងត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ West Ham តែងតែពិបាកក្នុងការប្រកួតជាមួយយើង ប៉ុន្តែយើងលេងទន់ណាស់ជាមួយនឹងពួកគេ ជាពិសេសនៅក្នុង Premier League ទោះជាឈ្នះ ២-០ ឬ ៣-០ អ្នកមិនដឹងឡើយថានឹងមានអ្វីកើតឡើងនៅចុងក្រោយ។»។ Son បាននិយាយប្រាប់ទៅកាន់គេហទំព័រ Amazon Prime ក្រោយចប់ការប្រកួត។
 
លទ្ធផលបានធ្វើឱ្យក្រុម Spurs ជួបកំណត់ត្រាអាក្រក់លើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ដែលក្រុមរហស្សនាមមាន់ខ្នាយមាសចាញ់ការប្រកួតក្នុងទឹកដី ៣លើកជាប់គ្នា។
 
ចំពោះបរាជ័យលោក Ange Postecoglou ដែលជាអ្នកចាត់ការក្រុម បានទាមទារឱ្យកូនក្រុមត្រូវកសាងទម្រង់លេងល្អក្រុមឡើងវីញដូចទៅនឹងការប្រកួតចំនួន ១០លើកដំបូងរបស់ខ្លួនមកវិញ។ 
 
Tottenham នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុង Premier League ដែលមាន ២៧ពិន្ទុ ពីការប្រកួតចំនួន ១៥លើក ខុសពីតុលាដើមរដូវកាលដែលក្រុមរបស់លោក Postecoglou ឈ្នះការប្រកួត ៥លើក ហើយមាន ៥ពិន្ទុដាច់ឈរកំពូលតារាង Premier League កាលនោះ៕
 

Tag:
 Heung-Min Son
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com