សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីអ៊ីតាលីចាកចេញពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន​?
08, Dec 2023 , 9:59 pm        
រូបភាព
រូបភាព ៖  Xinhua
រូបភាព ៖ Xinhua
ទីបំផុត អ៊ីតាលីបានប្រកាសចាកចេញពីគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ ក្រោយពីចូលរួមជាង៤ឆ្នាំ អ៊ីតាលីបានវាយតម្លៃគម្រោង BRI ថាពុំសូវផ្តល់ចំណេញដល់ប្រទេសរបស់ខ្លួន។ លើសពីនេះ ច្រករបៀងសេដ្ឋកិច្ចថ្មីរវាង ឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ដែលកំពុងប្រជែងជាមួយ BRI   បានក្លាយជាហេតុផលមួយទៀតសម្រាប់ជំរុញឲ្យអ៊ីតាលីដកខ្លួនចេញពីចិន។

  
អ៊ីតាលីជាប្រទេសលោកខាងលិចដំបូងគេដែលបានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម និងវិនិយោគរបស់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ក្រោយមករដ្ឋាភិបាលប្រទេសមួយនេះ បានព្រមានពីការដកខ្លួនចេញពីគម្រោង BRI របស់ចិនជាបន្តបន្ទាប់ដោយយល់ថា មិនបាននាំផលចំណេញច្រើនដល់ខ្លួន។ 
 
រដ្ឋាភិបាលអ៊ីតាលីតែងតែសង្ស័យពីគម្រោងចិន និងបានរឹតបន្តឹងក្រុមហ៊ុនចិនជារឿយៗ។ កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីរបស់លោកស្រី Meloni បានកំណត់ឥទ្ធិពលរបស់ម្ចាស់ភាគហ៊ុនចិន Sinochem លើក្រុមហ៊ុនផលិតសំបកកង់អ៊ីតាលី Pirelli ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក។ 
 
 
នៅទីបំផុតទីក្រុងរ៉ូមបានផ្ញើលិខិតមួយទៅកាន់ទីក្រុងប៉េកាំងដោយបញ្ជាក់ជំហរមិនបន្តកិច្ចព្រមព្រៀងនេះទៀតទេ។ 
 
ហេតុអ្វីគម្រោង BRI អាចទាក់ចិត្តអ៊ីតាលីបាន?
 
នៅឆ្នាំ២០១៩​ អំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ទៅកាន់ទីក្រុងរ៉ូមបានធ្វើឱ្យអាម៉េរិក និងអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ៊ីតាលីដែលជាសមាជិកនៃប្រទេសរីកចម្រើនទាំង៧ (G7) បានចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ 
 
ក្រោមការឧបត្ថម្ភនៃគំនិតផ្តួចផ្តើមនេះ ធនាគារ និងក្រុមហ៊ុនចិនបានផ្តល់ហិរញ្ញប្បទាន និងហេដ្ឋារចនាសម្ព័ន្ធរាប់ចាប់ពីរោងចក្រថាមពល ផ្លូវរថភ្លើង ផ្លូវហាយវេ និងកំពង់ផែ ខ្សែកាបអុបទិក និងការអភិវឌ្ឍទីក្រុងឆ្លាតវៃទៅដល់អ៊ីតាលី។ 
 
វាជាពេលដែលអ៊ីតាលីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចចំនួនបីក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។​ ទន្ទឹមនេះ អ៊ីតាលីកំពុងស្វែងរកការទាក់ទាញការវិនិយោគ និងពង្រីកការចូលទៅកាន់ទីផ្សារចិន។ នៅពេលនោះ ប្រជាជនអ៊ីតាលីជាច្រើនមានអារម្មណ៍ថាត្រូវបានអឺរ៉ុបបោះបង់ចោល ខណៈពេលដែលរដ្ឋាភិបាលប្រទេសនេះមានការសង្ស័យចំពោះសហភាពអឺរ៉ុប (EU)  ហើយសុខចិត្តងាកទៅរកចិនដើម្បីបំពេញតម្រូវការវិនិយោគរបស់ខ្លួន។ 
 
សម្រាប់ចិនវិញយល់ថា ​អ៊ីតាលីជាប្រទេសស្ថិតនៅចំណុចសំខាន់មួយតាមបណ្តោយផ្លូវសូត្របុរាណដែលជាយុគសម័យមាសនៃភាពរុងរឿង និងការបង្ហាញឥទ្ធិពលរបស់ខ្លួន។ អ៊ីតាលី ក៏ជាប្រទេសដែលមានប្រជាជនចិនច្រើនជាងគេនៅអឺរ៉ុបដែរ ខណៈប្រទេសទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅក្នុងការផលិតក្រណាត់ និងស្បែក។ 
 
តើចិនមានប្រតិកម្មយ៉ាងណាដែរជុំវិញរឿងនេះ ? 
 
នៅថ្ងៃទី៧ ខែធ្នូ ក្រសូងការបរទេសចិនបានឆ្លើយតបអ៊ីតាលីជុំវិញការជូនដំណឹងជាផ្លូវការដល់ទីក្រុងប៉េកាំងអំពីការសម្រេចចិត្តក្នុងការបញ្ចប់ការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានស្នើឡើងកាលពីមួយទសវត្សរ៍មុន បានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសជាង១៥០ ដោយបានក្លាយជាវេទិកាសាធារណៈអន្តរជាតិដ៏ពេញនិយមបំផុត និងជាវេទិកាដ៏ធំបំផុតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ 
 
នៅខែតុលាឆ្នាំនេះ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ ប្រទេសសរុបចំនួន ១៥១ រួមទាំងអ៊ីតាលី និងអង្គការអន្តរជាតិចំនួន ៤១ បានបញ្ជូនអ្នកតំណាងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ 
 
អ្នកនាំពាក្យរូបនេះបានសង្កតធ្ងន់ថា ៖« ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងលាបពណ៌ និងបំផ្លាញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ឬការប្រឈមមុខដាក់គ្នា ក៏ដូចជាការបែងចែកប្លុក»។
 
មូលហេតុអ្វីជំរុញឲ្យអ៊ីតាលីដកខ្លួនពី BRI ? 
 
កាលពីឆ្នាំមុននាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានលើកឡើងថា ការចូលរួមជាមួយ BRI ជាកំហុសដ៏ធំមួយដែលលោកស្រីត្រូវតែរកពេលវេលាសមស្របដើម្បីដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ។ លោកស្រីបានបន្តថា ការចូលរួមជាមួយ BRI ហាក់ពុំសូវផ្តល់ផលចំណេញដល់អ៊ីតាលីទេ។ ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី Guido Crosetto បានហៅការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមជាមួយ BRI ថាជា «ទង្វើមិនច្បាស់លាស់ និងឃោរឃៅ»។ 
 
គម្រោង BRI ហាក់​មិន​អាច​បំពេញ​ដូចការ​រំពឹង​ទុក​របស់​អ៊ីតាលីនោះ​ទេ។ ចាប់តាំងពីអ៊ីតាលីបានចូលរួមជាមួយ BRI ការនាំចេញរបស់ខ្លួនទៅកាន់ចិនបានកើនឡើង ពី ១៤,៥ពាន់លានអឺរ៉ូដល់ ១៨,៥ពាន់លានអឺរ៉ូ ខណៈដែលការនាំចេញរបស់ចិនទៅកាន់អ៊ីតាលីវិញបានកើនឡើងយ៉ាងខ្លាំងពី ៣៣,៥ពាន់លានអឺរ៉ូដល់ ៥០,៩ពាន់លានអឺរ៉ូគិតត្រឹមខែពាក់កណ្តាលឆ្នាំ២០២៣ ។ 
 
ចំណែកការវិនិយោគរបស់ចិននៅអឺរ៉ុបដែលមិនមែនជាសមាជិក BRI វិញមានច្រើនជាងការវិនិយោគនៅអ៊ីតាលីទៀត។ ទន្ទឹមនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅអ៊ីតាលីធ្លាក់ចុះពី ៦៥០លានដុល្លារក្នុងឆ្នាំ២០១៩ មកត្រឹមតែ ៣៣លានដុល្លារក្នុងឆ្នាំ២០២១។ 
 
លើសពីនេះ អំឡុងពេលចូលរួមជាមួយ BRI ចិនមិនបានផ្តល់ឋានៈពិសេសអ្វីដល់អ៊ីតាលីទេ ជាពិសេសមិនបានធានាពាណិជ្ជកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនចិនដែលកំពុងថយចុះបន្តិចម្តងៗ។  ទាំងអស់នេះហើយ ដែលរដ្ឋាភិបាលអ៊ីតាលីចាប់ផ្តើមវាយតម្លៃឡើងវិញថាគួរបន្តចូលរួមជាមួយ BRI ឬយ៉ាងណា? 
 
ការដកខ្លួនរបស់អ៊ីតាលីពីគម្រោង BRI នាពេលនេះ ស្របពេលចិនមានបញ្ហាហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ និងអចលនទ្រព្យជាដើម។ ជាពិសេសធនាគាររកណ្តាលចិនបានរឹតបន្តឹងជុំវិញលំហូរសាច់ប្រាក់ទៅក្រៅប្រទេស ដែលទាំងនេះជាអ្វីដែលបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនមានការស្ទាក់ស្ទើរចំពោះការពឹងផ្អែកសេដ្ឋកិច្ចចិនបន្តទៀត។ 
 
ទន្ទឹមនេះ អ៊ីតាលីនឹងធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រទេស G7​  នៅឆ្នាំក្រោយ ដែលសមាជិកនៃក្រុងនេះសុទ្ធសឹងតែមានទំនាក់ទំនងល្អជាមួយចិន។ ដូច្នេះហើយ សេចក្តីប្រកាសនាពេលនេះ អាចធ្វើឲ្យទីក្រុងរ៉ូមរក្សាទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
 
លើសពីនេះ ឥណ្ឌាបានប្រកាសច្រករបៀងសេដ្ឋកិច្ចថ្មីរវាង ឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប កាលពីខែកញ្ញា ដែលត្រូវបានគេដាក់ឈ្មោះថា game changer ។ មេដឹកនាំនៃបណ្តាប្រទេសឥណ្ឌា អាម៉េរិក អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុបបានរួមគ្នាបង្ហាញច្រករបៀងសេដ្ឋកិច្ចដ៏ធំនេះនៅថ្ងៃទី ៩ ខែកញ្ញាខាងក្រៅកិច្ចប្រជុំកំពូល G20 ។
 
គម្រោងថ្មីនេះនឹងមានច្រករបៀងពីរ។ ច្រករបៀងខាងកើតនឹងតភ្ជាប់ឥណ្ឌាជាមួយបណ្តាប្រទេសឈូងសមុទ្រ ហើយច្រករបៀងភាគខាងជើងនឹងតភ្ជាប់ឈូងសមុទ្រអារ៉ាប់ជាមួយអឺរ៉ុប។ ច្រករបៀងនឹងមានបណ្តាញផ្លូវទឹករហូតដល់ផ្លូវដែក ដើម្បីជួយសម្រួលដល់ការដឹកជញ្ចូនសម្រាប់ប្រទេសនានាជាសមាជិក។ គម្រោងនេះ​ និងមានការដាក់ពង្រាយបណ្តាញខ្សែកាបសម្រាប់តភ្ជាប់អគ្គិសនី និងឌីជីថល រួមទាំងបំពង់សម្រាប់ការនាំចេញអ៊ីដ្រូសែន។ 
 
មនុស្សជាច្រើនចាត់ទុកច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ជាចេតនាដែលឥណ្ឌាប្រឆាំងនឹងគម្រោង BRI។ ទីក្រុងញូវដែលីបានប្រឆាំងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតារបស់លោក ស៊ី ជាយូរមកហើយដោយសារតែ BRI ឆ្លងកាត់ទឹកដីបាគីស្ថានមួយផ្នែកដែលឥណ្ឌាចាត់ទុកថាជាទឹកដីខ្លួន៕ 

Tag:
 អ៊ីតាលី
  BRI
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com