ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ តម្លៃដី អគារថ្លៃកម្រិតណា ក៏មិនអាចស្មើនឹងតម្លៃបេតិកភណ្ឌបានដែរ
08, Dec 2023 , 8:48 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី (លើកដៃសំពះ) ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋរុនតាឯក នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចនាយករដ្ឋមន្រ្តី (លើកដៃសំពះ) ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋរុនតាឯក នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សៀមរាប៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត នៅតែការពារពីគោលដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៅតំបន់រុនតាឯក សម្រាប់ពលរដ្ឋដែលមានលំនៅមិនស្របច្បាប់នៅតំបន់អង្គរ។ សម្ដេចបញ្ជាក់ថា ការរៀបចំនេះគឺដើម្បីរក្សាតម្លៃអង្គរមិនឱ្យប្រឈមពីការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។

 
ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី៨ ខែធ្នូ សម្ដេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកធ្លាប់មានអ្នករកស៊ីផ្នែកអចលនទ្រព្យ ដែលរិះគន់រដ្ឋាភិបាល ដែលហាមមិនឱ្យមានសាងសង់សំណង់ធំៗនៅតំបន់អង្គរ។ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តំបន់អង្គរខុសពីតំបន់ដទៃ មិនមែនចេះតែអភិវឌ្ឍន៍ ឬសាងសង់នោះឡើយ ហើយសម្ដេចក៏មិនខ្វល់ថា តម្លៃដីធ្លី ឬអចលនទ្រព្យខ្ពស់ឬថ្លៃកម្រិតណាក៏ដោយ ក៏វាមិនអាចប្រៀបនឹងតម្លៃរបស់អង្គរ តម្លៃរបស់វប្បធម៌ជាតិបានដែរ។ 
 
«នៅតំបន់អង្គរយើងកន្លងទៅធ្លាប់មានបងប្អូនអ្នកវិនិយោគអចលនទ្រព្យគាត់គិតថា ស្ដាយថ្លៃដី ចាំបាច់ដាក់តំបន់ហាមឃាត់ធ្វើអី មិនឱ្យធ្វើអាគារខ្ពស់ៗធ្វើអីទៅ ដើម្បីឱ្យដីឡើងថ្លៃ អភិវឌ្ឍន៍ធ្វើស្អីៗជុំវិញ យើងគិតថា តើតម្លៃនៃអាគារ តម្លៃនៃចំណូលក្នុងសតវត្សទី២១,២២,២៣ វាស្មើនឹងតម្លៃនៃបេតិកភណ្ឌ និងកេរដំណែលវប្បធម៌ដែលមួយពាន់ឆ្នាំមុនយើងបានកសាង អត់ស្មើទេ យើងមិនអាចកាត់ថ្លៃបានទេ។ កន្លែងច្រើនណាស់ដែលយើងអាចអភិវឌ្ឍន៍ មិនហាមឃាត់ទេ តែនេះតំបន់ដែលត្រូវការពារ។ ដើម្បីអី? ដើម្បីជាតិខ្មែរយើង»។ 
 
សម្ដេច ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដែលប្រឹងប្រែងរៀបចំការងារនេះ សម្រេចទទួលបានលទ្ធផលជាទីគាប់ចិត្ត និងបានទប់ស្កាត់កំណើនសំណង់របស់ប្រជាជននៅតំបន់អង្គរ ការពារពីការប្រឈមពីការដកអង្គរចេញពីបញ្ជីបេតិកភណ្ឌរបស់មនុស្សជាតិ របស់អង្គការយូណេស្គូ។ សម្ដេចបន្តថា៖« យើងត្រូវរួមគ្នាធ្វើ តែមិនធ្វើទេ ហានិភ័យនៃកំណើនប្រជាជននឹងប៉ះពាល់តំបន់អង្គរ ដែលត្រូវដកចេញពីបញ្ជីបេតិកភណ្ឌ»។ 
 
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍតំបន់រុនតាឯក ដែលក្នុងរយៈពេល៤០០ថ្ងៃមកនេះ មានភាពរីកចម្រើនច្រើន ខុសពីមុនដែលគ្រាន់តែជាដីព្រៃ ដីទទេ។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នហេរដ្ឋារចនាសម្ព័ន្ធមួយចំនួនធំដូចជា សាលារៀន មណ្ឌលសុខភាព ផ្សារជាដើម បានសាងសង់រួច ចំណែកផ្លូវកសាងបាន១៦៥គីឡូម៉ែត្រ ស្មើនឹងជិត៣០០ខ្សែ និងបន្តកសាងបន្ថែមទៀត។ ដោយសារជាគម្រោងធំ ដូច្នេះការកសាងមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ដែលសម្ដេច ហ៊ុន ម៉ាណែត ស្នើសុំឱ្យពលរដ្ឋអត់ធ្មត់ ហើយមិនយូរទេ តំបន់រុនតាឯក នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តសៀមរាប ស្របពេលដែលរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តអភិវឌ្ឍន៍ និងរៀបចំតំបន់នេះឱ្យបានល្អ ជាការសងគុណដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញពីតំបន់អង្គរ មករស់នៅតំបន់ថ្មីនេះ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com