ជាតិ
ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុប មិនប្រែប្រួលនោះទេ
09, Dec 2023 , 12:59 pm        
រូបភាព
បេក្ខជនឈរមេីលទ្ធផលនៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​បាក់ទូក​។ រូបភាព​ សយ​ រតណ្ណៈវិសាល
បេក្ខជនឈរមេីលទ្ធផលនៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​បាក់ទូក​។ រូបភាព​ សយ​ រតណ្ណៈវិសាល
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបញ្ចប់ការទទួលពាក្យតវ៉ា និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ វិច្ឆិកា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃទី៨ ធ្នូ បញ្ជាក់ថា លទ្ធផលនៃការប្រឡង មិនប្រែប្រួលនោះទេ។ 


 
ក្រោយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានប្រកាសកាលពីថ្ងៃទី២៣-២៥ វិច្ឆិកាកន្លងទៅ មានបេក្ខជនមួយចំនួ បានដាក់ពាក្យតវ៉ាចំពោះលទ្ធផលរបស់ពួកគេ។ តាមរយៈសំណូមពរ និងការតវ៉ារបស់បេក្ខជនទាំងនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានត្រួតពិនិត្យលើកិច្ចការរបស់បេក្ខជន ដោយធ្វើយ៉ាងណាឱ្យអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។ 
 
បន្ទាប់ពីបញ្ចប់ការពិនិត្យ ក្រសួងអប់រំ មើលឃើញថាលទ្ធផលនៃការប្រឡងនាសម័យប្រឡង៦ វិច្ឆិកា ២០២៣ មិនមានការប្រែប្រួលទេ។ ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងអប់រំ លើកទឹកចិត្ត ឱ្យចូលរួមប្រឡងនៅឆ្នាំក្រោយទៀត។ 


 
ទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសុក្រឹតភាព និងភាពទទួលយកបាន។
 
សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បង្ហាញថា បេក្ខជនប្រឡងជាប់មាន៩៨៤៦០នាក់ ដែលស្មើនឹង៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនសរុប១៣៥ ០៨៤នាក់៕
 
br>

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com