ជាតិ
ការផ្សព្វផ្សាយពូជដំណាំគ្មានប្រភពច្បាស់តាមបណ្តាញសង្គម នាំឱ្យពលរដ្ឋខាតបង់ប្រាក់
09, Dec 2023 , 2:59 pm        
រូបភាព
កញ្ញា យុន ជីវកា និស្សិតមកពីមហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
កញ្ញា យុន ជីវកា និស្សិតមកពីមហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ មានពូជដំណាំ និងផ្លែឈើ ប្លែកៗពីបរទេស ត្រូវបានគេដាក់លក់ព្រោងព្រាតនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ ការណ៍នេះ ធ្វើឱ្យអ្នកជំនួញ និងអ្នកសិក្សាផ្នែកកសិកម្ម មិនសូវជាពេញចិត្តឡើយ ព្រោះសកម្មភាពនេះ អាចប៉ះពាល់ដល់ពូជអត្តសញ្ញាណ និងថវិកាពលរដ្ឋ។


 
កញ្ញា យុន ជីវកា និស្សិតមកពីមហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា នាពេលបច្ចុប្បន្ន ពលរដ្ឋមួយចំនួនមានទំនោរទៅរកពូជដំណាំ ឬផ្លែឈើពីបរទេស មកដាំដុះជំនួសឱ្យពូជក្នុងស្រុក។ ហេតុនេះ ធ្វើឱ្យពូជក្នុងស្រុកមួយចំនួន ត្រូវបានគេបោះបង់ចោល រហូតទាល់តែបាត់វត្តមាន។ 

 

ដ្បិតថា នេះជាជម្រើសរបស់ពលរដ្ឋក្នុងស្វែងរកពូជថ្មីៗដែលផ្ដល់ទិន្នផលខ្ពស់ តែយុវតីរូបនេះ មិនចង់ឱ្យពួកគេបំភ្លេចពូជដំណាំដែលជាអត្តសញ្ញាណជាតិនោះទេ។ កញ្ញា យុន ជីវកា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះថា៖« ការនាំចូលពូជរុក្ខជាតិហូបផ្លែពីបរទេស គឺវាប៉ះពាល់ដល់ពូជក្នុងស្រុក ដោយសារពលរដ្ឋយើងជ្រើសរើសនូវអ្វីដែលថ្មី ហើយបោះបង់ចោលពូជដែលជាអត្តសញ្ញាណចោល។ ដូច្នេះបន្តិចម្ដង នឹងធ្វើពូជដំណាំ និងផ្លែឈើ របស់យើងបាត់បង់»។ 
 
ក្រៅតែពីផលប៉ះពាល់ដល់ពូជក្នុងស្រុក និស្សិតព្រៃឈើរូបនេះ ក៏សង្កេតឃើញថា ពលរដ្ឋមួយចំនួនបានចាញ់បោកការផ្សព្វផ្សាយលក់ពូជដំណាំតាមបណ្ដាញសង្គមហ្វេសប៊ុកដែរ។ សម្រាប់និស្សិតដដែល ការយកពូជគ្មានប្រភពច្បាស់លាស់មកដាំក្នុងស្រុក ភាគច្រើនមិនស្ថិតក្នុងលក្ខខណ្ឌជីវសាស្រ្ត អាកាសធាតុ និងទឹកដីនៅកម្ពុជានោះទេ ដូច្នេះហើយ រុក្ខជាតិខ្លះមិនអាចផ្ដល់ផ្លែផ្កានោះទេ ដែលនាំឱ្យពលរដ្ឋខាតបង់ទាំងប្រាក់កាស និងពេលវេលា។ «យើងមិនប្រាកដថា ពូជយើងយកមកដាំត្រូវនឹងជីវសាស្រ្ត អាកាសធាតុ របស់កម្ពុជាយើងទេ។ ដូច្នេះ ធ្វើឱ្យរុក្ខជាតិខ្លះវាអត់មានផ្លែផ្កា ដែលនាំឱ្យពលរដ្ឋខាតបង់ថវិកា»។  កញ្ញា យុន ជីវកា បន្ថែមបែបនេះ។
 
ចំណែក លោក ម៉ុង ឫទ្ធី អ្នកជំនួញផ្នែកកសិកម្មចាស់វស្សា ក៏សង្កេតឃើញមានការផ្សព្វផ្សាយលក់ពូជដំណាំ និងផ្លែឈើ តាមហ្វេសប៊ុកជាហូរហែ រហូតដល់មានអ្នកយករូបភាពរបស់លោកទៅបង្ហោះ ដើម្បីទាញការចាប់អារម្មណ៍ថែមទៀត។
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗនាពេលកន្លងមក លោក ម៉ុង ឫទ្ធី ថា ការផ្សព្វផ្សាយលក់កូនរុក្ខជាតិនាំចូលនេះ អាចនាំឱ្យពលរដ្ឋមានការយល់ច្រឡំ និងចាញ់បោកគេ ព្រោះថាផ្លែឈើ ឬដំណាំហូបផ្លែខ្លះ មិនអាចដាំដុះនៅប្រទេសកម្ពុជាបាននោះទេ ដោយសារកត្តាអាកាសធាតុ និងប្រភេទដីខុសគ្នាជាដើម។ 
 
លោក ម៉ុង ឫទ្ធី បារម្ភពលរដ្ឋចាញ់បោកតាមការប្រកាសលក់ពូជរុក្ខជាតិតាមបណ្ដាញហ្វេសប៊ុកនេះ ដែលនាំឱ្យខាតបង់ប្រាក់ និងពេលវាលា។ ដូច្នេះ លោក ណែនាំដល់ពលរដ្ឋ ពិចារណាឱ្យបានច្បាស់ មុនសម្រេចទិញពូជផ្លែឈើ ឬដំណាំអ្វីមួយមកដាំ៕

Tag:
 យុន ជីវកា
  ពូជដំណាំបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com