ជាតិ
បុណ្យសមុទ្រ៣ថ្ងៃ ខេត្តកែបទទួលបានភ្ញៀវទេសចរ២៦ម៉ឺននាក់
09, Dec 2023 , 6:29 pm        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ខេត្តកែប ក្រសោបបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២៦ម៉ឺននាក់ អំឡុងពិធីបុណ្យសមុទ្រលើកទី១០ ដែលទើបតែបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៣ ធ្នូ។ បុណ្យសមុទ្រ ឆ្នាំ២០២៣នេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ «ទាំងអស់គា្នដើម្បីទេសចរណ៍»។


 
បើតាមក្រសួងទេសចរណ៍ បុណ្យសមុទ្រឆ្នាំនេះ ជាព្រឹត្តិការណ៍ធំមួយដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យល្អប្រណីតប្រកបដោយភាពទាក់ទាញមិនធ្លាប់មាន ទាំងការរៀបចំបដិសណ្ឋារកិច្ច ស្តង់ពិព័រណ៍ ការរៀបចំពិធីបើក បិទ ការអុជកាំជ្រួច ទស្សនីយភាពសម្ដែងសិល្បៈ កម្មវិធីកម្សាន្ត និងកម្មវិធីចម្រុះជាច្រើនទៀត។ 
 
លើសពីនេះ ក៏នៅមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការដាំដើមឈើនៅឆ្នេរសមុទ្រ ការជិះ កង់កម្សាន្ដ ការប្រកួតកីឡាគុនខ្មែរ កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប៉េតង់ ការបង្ហោះខ្លែង ការបង្ហោះគោម និងការលក់ម្ហូបអាហារ ទំនិញសម្បូរបែបគ្រប់ប្រភេទ។ 
 
ក្នុងព្រឹត្តិការណ៍នោះ មានស្តង់ពិព័រណ៍យ៉ាងច្រើនលើសលុប ដែលបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនា ពេលកន្លងមក។ ក្នុងចំណោមស្ដង់ទាំងអស់នេះ អាជ្ញាធរ ក៏ផ្ដល់ជូនកន្លែងជួលដោយមិនគិតថ្លៃចំពោះ ស្ត្រីមេម៉ាយ និងអតីតយុទ្ធជន រហូតដល់៦០០ស្តង់ ផងដែរ។ 
 
ចំណែកឯ ទស្សនីយភាពសម្ដែងសិល្បៈនៅក្នុងពិធីបិទជាផ្លូវការ គឺជាទស្សនីយភាពល្អបំផុតប្រចាំឆ្នាំ ២០២៣ មានភាពរស់រវើក ភាពច្នៃប្រឌិត និងនិម្មាបនកម្មថ្មីបង្កប់ដោយអត្តសញ្ញាណ និងមោទនភាពជាតិ ពោរពេញដោយភាពទាក់ទាញចំណាប់អាម្មណ៍ខ្ពស់ពីមហាជន។ 
 
ក្នុងឱកាសនោះដែរ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ទេសចរធ្វើដំណើរពីតំបន់ប្រាសាទ ឬតំបន់ទេសចរណ៍ផ្សេងៗ ភ្ជាប់មកកាន់តំបន់ឆ្នេរ។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ បន្ថែមទៀត៕ 

Tag:
 បុណ្យសមុទ្រ
  រដ្ឋបាលខេត្តកែប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com