RFI
សុខភាព
អន្តរជាតិ
សុខភាពផ្លូវភេទ៖ តើត្រូវធ្វើដូចម្តេចខ្លះ ក្រោយការរួមរក្សបែបប្រថុយប្រថាន?
10, Dec 2023 , 9:19 am        
រូបភាព
ក្នុងមួយថ្ងៃៗ មានមនុស្សជាងមួយលាននាក់បានឆ្លងជំងឺកាមរោគ(អង្គការសុខភាពពិភពលោក) iStock
ក្នុងមួយថ្ងៃៗ មានមនុស្សជាងមួយលាននាក់បានឆ្លងជំងឺកាមរោគ(អង្គការសុខភាពពិភពលោក) iStock
ដោយ៖ អៀង សុខម៉ិញ/ RFI
 
ឆ្លងជំងឺអេដស៍ ឆ្លងជំងឺកាមរោគ មានផ្ទៃពោះ ... នេះជាហានិភ័យដែលអាចកើតបាន ក្រោយពីការរួមរក្សដោយគ្មាន ឬភ្លេចការពារខ្លួន ឬដោយហេតុស្រោមអនាម័យដាច់រហែក។ ក្នុងករណីបែបនេះ តើត្រូវធ្វើដូចម្តេច? ត្រូវទៅធ្វើតេស្តវិភាគនៅពេលណា? វិភាគអ្វីខ្លះ? និងគួរទទួលបានការព្យាបាលយ៉ាងណា?





 
 
ឆ្លងអេដស៍ កើតស្វាយ-ប្រមេះ ឆ្លងមេរោគជំងឺរលាកថ្លើម ធ្លាក់ខ្លួនមានផ្ទៃពោះ ទាំងនេះ សុទ្ធសឹងជាហានិភ័យពិតជាក់ស្តែងនៃការរួមរក្សដោយភ្លេច ដោយគ្មានការការពារ ឬដោយ ការពារមិនបានត្រឹមត្រូវ។
 
ចំពោះការឆ្លងជំងឺកាមរោគ ហានិភ័យនៃការឆ្លងអាស្រ័យទៅលើប្រភេទនិងរបៀបរួមរក្ស ប៉ុន្តែទោះក្នុងករណីណាក៏ដោយ ក៏ការទៅធ្វើតេស្តវិភាគរកមើលការចម្លងរោគក្រោយប្រព្រឹត្តកាមដោយគ្មានការការពារ ជារឿងសំខាន់ ហើយអាចចាំបាច់ត្រូវស្វែងរកការព្យាបាលបង្ការផងដើម្បីកាត់បន្ថយគ្រោះចម្លងជំងឺកាមរោគ។
 
តើត្រូវធ្វើអ្វីមុនគេនិងជាបន្ទាន់?
 
អនុសាសន៍របស់អ្នកជំនាញគឺត្រូវអញ្ជើញទៅមន្ទីរពេទ្យ ទៅកន្លែងសង្គ្រោះបន្ទាន់ ឬទៅសេវាជំនាញជំងឺសើស្បែកនិងកាមរោគ ឬមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ បើទៅដល់ក្នុងអំឡុងពេលបួនម៉ោងក្រោយការរួមរក្ស ជាការប្រពៃមែនទែន និងយ៉ាងយូរបំផុតត្រឹម៤៨ទៅ៧២ម៉ោង។ ដើម្បីសម្រួលការធ្វើតេស្តវិភាគ និងការសង្គ្រោះ គួរទៅជួបគ្រូពេទ្យជាមួយដៃគូ ទាំងពីរនាក់។
 
ហេតុអ្វីត្រូវរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ? ព្រោះមានតែគ្រូពេទ្យជំនាញទេ ទើបអាចវាយតម្លៃអំពីហានិភ័យពិតប្រាកដនៃការឆ្លងមេរោគតាមផ្លូវភេទ និងមេរោគជំងឺស៊ីដា ព្រមទាំងអាចធ្វើការត្រួតពិនិត្យបឋម ហើយចេញវេជ្ជបញ្ជាផ្តល់ថ្នាំព្យាបាលបង្ការជាយថាហេតុបាន។
 
ចំពោះជំងឺកាមរោគ ជំងឺអេដស៍ ជំងឺឆ្លងតាមការរួមភេទ វិធីសាស្ត្រត្រួតពិនិត្យដំបូង គឺការចោទសំណួរ បន្ទាប់មកទើបមានការធ្វើតេស្តរហ័ស ជួយផ្តល់ការវិនិច្ឆ័យដំបូងថាតើក្នុងចំណោមដៃគូទាំងពីរ នរណាមានស្ថានភាពវិជ្ជមាននឹងជំងឺកាមរោគណាដែរឬអត់។
 
ចំពោះជំងឺរលាកថ្លើមប្រភេទBវិញ គ្រូពេទ្យនឹងផ្ទៀងផ្ទាត់ថាតើដៃគូទាំងពីរបានចាក់ថ្នាំបង្ការជំងឺរលាកថ្លើមត្រឹមត្រូវដែរឬទេ។ លទ្ធផលនៃការធ្វើវិភាគឈាមនឹងបញ្ជាក់អំពីកំរិតសមត្ថភាពនៃការការពារខ្លួនទល់នឹងជំងឺមេរោគរលាកថ្លើមបាន។ ក្នុងករណីសង្ស័យ ឬមិនគ្រប់គ្រាន់ គ្រូពេទ្យនឹងណែនាំឱ្យទៅចាក់រំលឹកថ្នាំបង្ការជំងឺរលាកថ្លើមមួយដូសទៀតភ្លាម។
 
រួសរាន់ស្វែងរកការព្យាបាលបង្ការ ឱ្យបានឆាប់រហ័ស
 
ទាក់ទងនឹងជំងឺអេដស៍ មានថ្នាំព្យាបាលបង្ការដែលអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវបានគួរឱ្យកត់សម្គាល់។ ប្រសើរតេស្តរហ័សផ្តល់លទ្ធផលអវិជ្ជមានទាំងពីរនាក់ នោះគេមិនចាំបាច់ត្រូវការការព្យាបាលបង្ការទេ។ ប៉ុន្តែប្រសិនបើមិនស្គាល់ មិនដឹងអំពីប្រវត្តិរបស់ដៃគូដែលទើបរួមរក្សនឹងគ្នារួច ដោយគ្មានការពារ និងដោយមិនដឹងដៃគូនោះមានឬគ្មានផ្ទុកមេរោគអេដស៍ទេ នោះការព្យាបាលបង្ការដោយប្រើថ្នាំពន្យារជីវិតTritherapie ជាប្រការចាំបាច់សម្រាប់ដៃគូទាំងពីរ។ ត្រូវលេបថ្នាំព្យាបាលបង្ការរហូតដល់ពេលបានជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញអេដស៍ ដែលជាអ្នកវាយតម្លៃហានិភ័យឆ្លងមេរោគនិងសម្រេចថាត្រូវបន្តប្រើថ្នាំព្យាបាលបន្ថែមសម្រាប់រយៈពេលសរុប២៨ថ្ងៃឬអត់។
 
ថ្នាំព្យាបាលបង្ការក្រោយប្រព្រឹត្តកាម មានប្រសិទ្ធភាពខ្លាំងណាស់ បើបានលេបវានៅអំឡុងពេល៤ម៉ោងក្រោយការរួមរក្សដោយគ្មានការការពារ។ សម្រាប់ប្រទេសខ្លះនិងតាមប្រភេទនៃហានិភ័យ គ្រូពេទ្យអាចសម្រេចផ្តល់ថ្នាំព្យាបាលបង្ការ នៅ ៤៨ទៅ៧២ម៉ោងក្រោយ។ ប៉ុន្តែ សូមចងចាំថា ការព្យាបាលបង្ការ ជាថ្នាំបន្ទាន់ ដែលត្រូវស្ថិតនៅជាករណីលើកលែង បន្ទាន់ម្តងម្កាល។
 
ការព្យាបាលបន្ទាន់មួយទៀតសម្រាប់តែស្រ្តី គឺការថ្នាំការពារមិនឱ្យមានកូន។ នៅពេលរួមរក្សដោយគ្មានការការពារ ហើយស្ត្រីខ្លាចមានផ្ទៃពោះ ស្ត្រីអាចរកថ្នាំពន្យារកំណើតបន្ទាន់មកលេបឱ្យបានឆាប់រហ័ស ពោលគឺក្នុងរវាងពី៣ទៅ៥ថ្ងៃយ៉ាងយូរក្រោយមានទំនាក់ទំនងផ្លូវភេទជាមួយបុរស។ ថ្នាំពន្យារកំណើតបន្ទាន់នេះ នឹងទៅរារាំងឬពន្យារពេលមិនឱ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាដើម្បីបង្កកំណើត ពោលគឺថ្នាំនេះមិនទៅបង្អាក់ការបង្កកំណើត ឬរំលូតកូនឡើយ។ កងក្នុងស្បូនក៏អាចទប់ស្កាត់ការបង្កកំណើតបានដែរ ប្រសិនបើអ្នកសម្រេចដាក់វានៅយ៉ាងយូរ៥ថ្ងៃក្រោយការរួមរក្ស។ បានលេបថ្នាំហើយ តែដល់ថ្ងៃ មិនធ្លាក់រដូវតាមវដ្តរបស់វា  តែត្រូវទៅផ្ទៀងផ្ទាត់ធ្វើតេស្តម្តងទៀតនៅ២១ថ្ងៃក្រោយការរួមរក្សដោយគ្មានការពារ។
ជាចុងក្រោយគឺការព្យាបាលប្រឆាំងនឹងជំងឺកាមរោគ។ រួមរក្សដោយគ្មានស្រោមអនាម័យ ដោយគ្មានការការពារជាមួយដៃគូមិនប្រាកដ អាចប្រឈមនឹងហានិភ័យឆ្លងរោគជាច្រើន។ ក្នុងករណីឆ្វេសប្រហែស ឬភ្លាត់ម្តងម្កាល សូមរួសរាន់ទៅរកការព្យាបាលដោយប្រើថ្នាំផ្សះអង់ទីប៊ីយូទិក ឱ្យបានក្នុងអំឡុងពេលយ៉ាងយូរ៧២ម៉ោង ក្រែងអាចកាត់បន្ថយហានិភ័យឆ្លងរោគបានខ្លះ។ ប៉ុន្តែការព្យាបាលបែបនេះមិនទាន់អាចធ្វើជាស្វ័យប្រវត្តិបានទេ។ ក្រុមអ្នកវេជ្ជសាស្ត្រត្រូវការសិក្សាបន្ថែមទៀតសិន ព្រោះតែមានបញ្ហាស៊ាំនឹងថ្នាំផ្សះ។

ស្វាយ ប្រមេះ រលាកថ្លើម មេរោគអាចសំងំយូរ
 
ទាំងនេះជាអ្វីដែលត្រូវធ្វើជាបន្ទាន់ និងយ៉ាងឆាប់រហ័ស ក្រោយពីបានរួមរក្សដោយគ្មានការការពារ។ ប៉ុន្តែមិនទាន់អស់ហានិភ័យទេ។ ដើម្បីជម្រះមន្ទិលសង្ស័យ នៅ៦សប្តាហ៍ក្រោយការរួមរក្សបែបប្រថុយប្រថាន សូមអញ្ជើញទៅធ្វើតេស្តវិភាគឈាមវាស់កំរិតអង់ទីក័រប្រឆាំងនឹងមេរោគហ៊ីវ។ ជាទូទៅ ការវិភាគឈាមត្រូវធ្វើនៅពេលឈប់ប្រើថ្នាំពន្យារជីវិតបន្ទាន់បានមួយខែ បន្ទាប់មកនៅ៤ខែក្រោយការរួមរក្សដោយគ្មានការការពារ។
 
ការវិភាគឈាមមើលអង់ទីក័រប្រឆាំងនឹងជំងឺស៊ីដាក៏ជាឱកាសផ្អៀងផ្ទាត់មើលជំងឺរលាកថ្លើមប្រភេទB និងC។ សូមចងចាំថា ការរួមរក្សដោយមានដៃគូច្រើននិងដោយគ្មានពាក់ស្រោមអនាម័យការពារក៏អាចជាប្រភពនាំឆ្លងជំងឺរលាកថ្លើមជាពិសេស ជំងឺរលាកថ្លើមប្រភេទបេនិងសេ។ តាមធម្មតា បើមានការចម្លងជាយថាហេតុណាមួយ គេអាចរកនិងវិភាគឃើញមេរោគរលាកថ្លើម ចាប់ពីមួយខែឡើងទៅ និងជួនអាចទាល់តែដល់បីខែទើបមើលឃើញក៏មាន។ ដូច្នេះ បើទោះបីជាលទ្ធផលតេស្តអវិជ្ជមាននៅក្នុងមួយខែដំបូងក៏ដោយ ក៏គេចាំបាច់ត្រូវទៅធ្វើតេស្តឈាមម្តងទៅនៅបីក្រោយទើបជាលទ្ធផលប្រាកដ និងជាការបញ្ជាក់ថាពិតជាគ្មានការចម្លងរោគរលាកថ្លើមទេ។ មេរោគរលាកថ្លើម និងមេរោគជំងឺស្វាយ មានសមត្ថភាពសំងំក្នុងខ្លួនមនុស្សយូរ អាចដល់បីខែទើបរកមើលឃើញ។
 
នៅមានជំងឺកាមរោគផ្សេងទៀត ដែលបើទោះបីជាគ្មានរោគសញ្ញាក៏ដោយ ក៏ចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បី ធ្វើវិភាគឈាម វិភាគទឹកនោម វិភាគរកមើលមេរោគសំងំតោងនៅតាមទ្វារមាស ទ្វារធំ ឬបង្ហួរនោមសម្រាប់មនុស្សប្រុស។ មេរោគពពួកប៉ាពីឡូម៉ាវីរុសដែលខ្លះជាភ្នាក់ងារបង្កជំងឺកាមរោគ ខ្លះជាភ្នាក់ងារនាំឱ្យមានហានិភ័យកើតជំងឺមហារីក មានសំងំបានយូរណាស់ មុននឹងឱ្យសញ្ញារោគ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យផ្តល់អនុសាសន៍ឱ្យទៅពិគ្រោះនិងត្រួតពិនិត្យសុខភាពផ្លូវភេទភ្លាម បើមានអាការៈរមាស់ រោលរលាក កន្ទួល ឬឡើងក្រហម ឬមានការចេញទឹករងៃតាមប្រដាប់ភេទ នៅលើលិង្គ ឬនៅរន្ធលាមក។
 
ដោយសង្ខេប ការធ្វើតេស្តនៅបីខែក្រោយការរួមរក្សបែបប្រថុយប្រថានសម្រាប់តាមដានដោយប្រាកដគ្រប់ករណីទាំងអស់។ ឯក្នុងករណីមានតេស្តវិជ្ជមាន និងមានរោគសញ្ញាឆ្លងគួរឱ្យសង្ស័យ នោះចាំបាច់ត្រូវស្វែងរកព្យាបាលជាបន្ទាន់ ដើម្បីធានាសុខភាពផ្ទាល់ខ្លួនផង និងដើម្បីកាត់បន្ថយការចម្លងទៅអ្នកទីបីផង៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com