ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហូលខ្មែរមានគុណភាពខ្ពស់ ប៉ុន្តែពិបាកប្រកួតប្រជែងជាមួយហូលនាំចូល
09, Dec 2023 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer
រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer
ភ្នំពេញ៖ ហូលខ្មែរដែលផលិតឡើង តាមក្បួនបុរាណ មានគុណភាពខ្ពស់ ប៉ុន្តែពិបាកប្រកួតប្រជែងជាមួយហូលនាំចូល។ ពិបាកផលិត ទីផ្សារកាន់តែចង្អៀត អ្នកត្បាញកាន់តែតិច លោក ផេង សុផល ថាហូលប្រពៃណីខ្មែរ កំពុងប្រឈមនឹងការបាត់បង់ ពីសង្គមខ្មែរបន្តិចម្ដងៗ។


 
ក្រោយសម្រាកពីការងារក្នុងអង្គការមួយដែលធ្វើការទាក់ទងនឹងតម្បាញ ប្រមាណ២០ឆ្នាំមកហើយនោះ លោក ផេង សុផល បានបង្កើតសហគមន៍កីខ្មែរ ក្នុងឆ្នាំ២០១៧ ដើម្បីបន្តថែរក្សាជំនាញត្បាញហូល បែបប្រពៃណីខ្មែរពីបុរាណ។ សហគមន៍នេះ បានចងក្រងសមាជិកនៅខេត្តតាកែវ ស្ថិតក្នុងស្រុកសំរោង ស្រុកព្រៃកប្បាស និងនៅខេត្តកំពង់ចាម ដោយធ្វើការទៅលើការត្បាញហូល ត្បាញក្រមា និងធ្វើល័ក្តធម្មជាតិតាមក្បួនបុរាណខ្មែរ។
 
«យើងព្យាយាមស្ដារវប្បធម៌ ប្រពៃណីតម្បាញបែបបុរាណ របស់ខ្មែរឡើងវិញ ដើម្បីបង្ហាញដល់ក្មេងជំនាន់ក្រោយ ក៏ដូចជាខ្មែរទូទៅឱ្យបានឃើញ អំពីវប្បធម៌ត្បាញរបស់ខ្មែរ តាមបែបធម្មជាតិ»។ នេះជាការបញ្ជាក់របស់លោក សុផល។

រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer

សហគមន៍កីខ្មែរ មានសមាជិកប្រមាណ១៥នាក់ ដោយចងក្រងអ្នកតម្បាញ មានបទពិសោធយូរឆ្នាំ ដើម្បីថែរក្សាប្រពៃណី តម្បាញបែបបុរាណ ឱ្យនៅតែមានគុណភាពខ្ពស់។ អ្នកតម្បាញនៅក្នុងសហគមន៍នេះ ភាគច្រើនជាមនុស្សវ័យកណ្ដាល និងមនុស្សចាស់។ លោកថាអ្នកត្បាញភាគច្រើន ជាអ្នកជាប់ជំពាក់នឹងការងារក្នុងគ្រួសារ ពួកគាត់មិនមានជម្រើសទៅធ្វើការឆ្ងាយគ្រួសារ ទើបគាត់នៅទ្រាំត្បាញ។ 
 
និយាយថានៅទ្រាំត្បាញ ក៏ព្រោះតែមុខរបរនេះ រកចំណូលបានតិច ប៉ុន្តែចំណាយកម្លាំងកាយចិត្ត និងពេលវេលាច្រើន។ យ៉ាងណាក៏ដោយ ក៏មានដែរ អ្នកដែលពិតជាស្រឡាញ់ និងនៅតែចង់ថែរក្សា ការត្បាញហូល តាមបែបបុរាណរបស់ខ្មែរ ហើយក្ដីស្រឡាញ់នោះ បានជំរុញចិត្តគាត់ឱ្យនៅតស៊ូត្បាញ។
«ក្មេងៗជំនាន់ក្រោយៗ មិនចង់ត្បាញហូល ដោយសារពួកគេមិនសូវមានភាពអត់ធ្មត់ ម្យ៉ាងការងារនេះទទួលបានចំណូលទាប។ ភាគច្រើនពួកគេទៅធ្វើការរោងចក្រ ព្រោះបានចំណូលច្រើនជាង ហើយមិនសូវនឿយដូចត្បាញហូល ដែលមានការងារកំប៉ិកកំប៉ុកច្រើន»។ នេះជាការមើលឃើញរបស់លោក សុផល។
 
ការត្បាញហូល ពុំសូវជាស្មុគស្មាញខ្លាំងប៉ុន្មានទេ បើប្រៀបធៀបជាមួយនឹងការចងគោម។ ការចងគោមមានច្រើនដំណាក់កាល អាស្រ័យលើម៉ូត ឬរូបដែលគេចង់បាន។ អ្នកចងគោម ត្រូវរាប់សរសៃសូត្រ ដ៏តូចឆ្មារម្ដងមួយសរសៃៗ។ ប្រសិនហូលតូច ការចងគោម១ដុំ អាចមានចន្លោះ៤០ទៅ៥០សរសៃ។ ប៉ុន្តែប្រសិនហូលធំ គោម១ដុំ អាចចងចន្លោះ៨០ទៅ១០០សរសៃ ឬលើសនេះ។ ការចងគោម ដោយរាប់សរសៃសូត្របែបនេះ ដើម្បីគណនាចំនួនម៉ែត្រនៃហូល និងរូបរាងទ្រង់ទ្រាយរបស់រូបនៃគោមនីមួយៗ។

រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer

«ជាដំបូងគាត់ត្រូវចងគោម ឱ្យចេញជារូបសិន បន្ទាប់មកគាត់ត្រូវដឹងថា រូបហ្នឹងត្រូវរំលេចពណ៌អ្វីខ្លះ។ គាត់ត្រូវដឹងថារំលេចពណ៌លឿងត្រង់ណា? រំលេចពណ៌ក្រហមត្រង់ណា? ដូច្នេះយើងត្រូវចងវាទុក។ ចងគោមយូរជាងត្បាញ ព្រោះមានក្បាច់ច្រើន។ បើយើងចងតែ១ពណ៌មិនអីទេ ប៉ុន្តែបើចង១ទៅ៣ពណ៌ ត្រូវចងផ្ដាច់ៗច្រើនដង ដូច្នេះត្រូវចំណាយពេលយូរដែរ។ ការចងគោមត្រូវតែរាប់សរសៃ ដើម្បីអាចគណនាដឹងពីទំហំក្បិនដែលចង់បាន១ម៉ែត្រឬ២ម៉ែត្រ។ បើមិនរាប់ ចាក់មិនស្មើគ្នាឥឡូវ!»។ នេះជាការអះអាងរបស់លោក សុផល។
 
ចំណែកការធ្វើល័ក្ត តាមក្បួនបុរាណខ្មែរវិញ ធ្វើចេញពីសម្បកឈើផ្សេងៗ សម្បកដូង ផ្លែមមក្លឿ ស្លឹកត្រុំ ស្លឹកឫស្សី ល្មៀត និងខ្លឹមខ្នុរជាដើម។ ល័ក្តដែលផលិតចេញពីធម្មជាតិបែបនេះ មានលក្ខណៈក្រម៉ៅ ស្រគត់ស្រគំ។ ចំណែកល័ក្តគីមី ឬល័ក្តនាំចូល មានលក្ខណៈស្រស់ឆើត។
 
លោក សុផល ពន្យល់អំពីដំណើរការផលិតល័ក្ត៖«ដោយសារសម្បកឈើរឹង យើងត្រូវចិញ្ច្រាំវាឱ្យហ្មត់សិន ហើយយកវាទៅស្ងោរ។ ស្ងោររួចហើយ យកទៅច្រោះ។ ច្រោះហើយ ទើបអាចយកទឹកវាទៅជ្រលក់ហូលបាន។ ហើយចំណាយពេលជ្រលក់ ប្រហែលជា១ម៉ោងទៅ២ម៉ោងទៀតទើបបាន»។ 
 
ផុតអំពីការធ្វើល័ក្ត ចូលដល់ការជ្រលក់ពណ៌។ ក្នុងដំណាក់កាលនេះ ប្រសិនអ្នកជ្រលក់ពណ៌ ពុំមានជំនាញ ឬធ្វើការងារធ្វេសប្រហែល នោះនឹងធ្វើឱ្យការងារដ៏លំបាក តាំងពីដំណាក់កាលដំបូងទាំងអស់នោះ នឹងត្រូវអសារបង់ជាក់ជាមិនខាន។ អសារបង់ ដោយសារប្រសិនជ្រលក់ពណ៌ មិនស្មើសាច់ ឬធ្វើឱ្យប្រឡាក់ដោយប្រការណាមួយ នោះហូលទាំងមូល និងធ្លាក់តម្លៃខ្លាំង ឬមិនអាចលក់ចេញតែម្ដង។ 
 
លោក សុផល ពន្យល់បន្ថែម៖«បើជ្រលក់ពណ៌អត់ស្មើសាច់គ្នា អាចមួយម៉ែត្រពណ៌ចាស់ទៅ ហើយមួយម៉ែត្រពណ៌ខ្ចីទៅ។ ដល់អ៊ីចឹង ហូលម្ដេចស្អាត បើមិនស្មើពណ៌អ៊ីចឹង។ ហើយមួយទៀត ឧបមាថាខែភ្លៀង វាសាចប្រឡាក់អ៊ីចឹងទៅ វាខូចហូលហ្នឹងទៀត។ ជួនកាលត្បាញទៅ វាដាច់សរសៃសូត្រ ក៏ហូលហ្នឹងមានបញ្ហាដែរ ព្រោះសរសៃសូត្រល្អិតឆ្មារ»។

រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer

នៅដំណាក់កាលជ្រលក់ពណ៌នេះ មានការលំបាកខ្លាំង ព្រោះអាស្រ័យទៅលើកម្លាំងដៃបោកសរសៃសូត្រ ដើម្បីឱ្យពណ៌ជ្រាបចូលទៅដល់ផ្ទៃ នៃកន្លែងចងគោម ហើយលោក សុផល ពន្យល់បន្ថែម៖«ត្រូវតែបោកឱ្យខ្លាំងមែនទែន ទើបពណ៌ចូលទៅដល់សាច់ខាងក្នុង ដែលជាចំណុចចងគោម។ បើបោកមិនខ្លាំងទេ ពណ៌វាមិនចូលទៅដល់ទេ។ ដូច្នេះអ្នកជ្រលក់ពណ៌នេះ ទាល់តែមានបទពិសោធខ្ពស់ បូករួមកម្លាំងដៃ និងបច្ចេកទេសបោកផង»។
 
ការងារនេះលម្អិតហើយត្រូវការពេលយូរ ប្រសិនមួយក្បិនធ្វើតែម្នាក់ឯង ចំណាយពេលមួយខែ ធ្វើមិនបានមួយក្បិនទេ។ ពេលខ្លះអ្នកត្បាញចង់លឿន គាត់ជួលគេខ្លះ ហើយគាត់ឱ្យគ្រួសារជួយខ្លះផង ទើបមួយខែអាចត្បាញបានមួយក្បិន។  
 
«ឮថាហូលម្ដេចក៏ថ្លៃម្ល៉េះ? បើយើងគិតពីដំណើរការ នៃការងាររបស់គាត់ វាអត់ថ្លៃទេ ព្រោះគាត់ចំណាយពេលយូរណាស់ ទម្រាំបានមួយក្បិនៗហ្នឹង។ ឃើញតែលទ្ធផលសម្រេច យើងមិនដឹងទេ ប៉ុន្តែនៅពេលទៅមើលដល់ទីតាំងផលិត ទើបដឹងថាការងារនេះវេទនាប៉ុនណា។ ពេលខ្លះយើងអត់ឃើញ យើងចេះតែវាយតម្លៃថា ថ្លៃម្ល៉េះៗ។ យើងគិតមើល យើងកាត់ថ្លៃដើមអស់ ចំណូលបានប្រហែល១០០ដុល្លារ ហើយពេលខ្លះបានតិចជាង១០០ដុល្លារទៀត ប្រសិនត្បាញអត់សូវស្អាត។ ដល់តែពេលអ៊ីចឹងទៅ បានជាគេទៅធ្វើការរោងចក្រ»។ 
 
បើទោះបីជាហូលខ្មែរ ចំណាយកម្លាំង ពេលវេលា និងចំណាយធនធានច្រើនណានេះក្ដី ក៏ពុំអាចប្រកួតប្រជែងជាមួយហូលនាំចូលបានដែរ។ អ្នកទិញភាគច្រើន ត្អូញត្អែរថាហូលខ្មែរថ្លៃ ហើយពណ៌មិនស្រស់ស្អាតដូចហូលនាំចូល។

រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer

លោក ផេង សុផល ថាបច្ចុប្បន្នប្រជាជនខ្មែរភាគច្រើន ប្រើប្រាស់ហូលដែលផលិតឡើង ដោយប្រើល័ក្តថៃឬល័ក្តនាំចូល។ ចំណែកហូលបុរាណខ្មែរ មានអ្នកប្រើតិចតួចប៉ុណ្ណោះ។
បុរសសម្បុរសរូបនេះបញ្ជាក់៖«ល័ក្តខ្មែរយើង មានគុណភាពល្អ មិនប៉ះពាល់សុខភាពឡើយ។ ប៉ុន្តែល័ក្តនាំចូល មានពីរប្រភេទ។ មួយប្រភេទ ដែលមានសញ្ញាក្បាលខ្មោច មានផលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន។ ចំណែកមួយប្រភេទទៀត មិនប៉ះពាល់សុខភាពទេ ប៉ុន្តែថ្លៃជាងល័ក្តសញ្ញាក្បាលខ្មោច។ យ៉ាងណាប្រជាជនយើង នៅតែប្រើប្រាស់របស់នាំចូល ច្រើនជារបស់ផលិតក្នុងស្រុក»។
 
សម្រាប់សហគមន៍កីខ្មែរ របស់លោក ផេង សុផល ផលិតផលដែលសហគមន៍លោកផលិតបាន ភាគច្រើនប្រជាជនខ្មែរ ទិញយកទៅកាត់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងខាងកាត់ដេរទិញទៅខ្លះដែរ។ ប៉ុន្តែទីផ្សារនៅតែចង្អៀត ដោយសារតែប្រកួតប្រជែងខ្លាំងជាមួយហ្នឹងហូលនាំចូល ហើយនឹងហូលចម្លង ដែលជាប្រភេទហូលព្រីន មិនមែនជាហូលត្បាញ និងមានតម្លៃធូរថ្លៃខ្លាំង។
 
«ហូលចម្លងហ្នឹង ជាប្រភេទហូលព្រីនណា មិនមែនហូលត្បាញទេណា។ យើងគិតទៅមើល លេងមួយក្បិន៥០ដុល្លារអី មួយក្បិន៤០ដុល្លារ ៣០ដុល្លារអី។ ហើយហូលរបស់យើងសុទ្ធតែចូល២០០ទៅ៣០០អី។ ដល់តែពេលយូរៗប្រជាជនខ្មែរយើង ចូលគំនិតថាដូចតែគ្នា ស្លៀកទៅគ្មានអ្នកណាដឹងផង។ ដល់តែពេលយើងបង្កើតគំនិតនេះយូរៗទៅ អ្នកត្បាញគាត់ថា បើលក់មិនបានថ្លៃដដែល នៅបន្តការងារហ្នឹងមិនអត់អីផ្គត់ផ្គង់គ្រួសារហើយ? ដល់អ៊ីចឹងមិនទៅរកការងារផ្សេង។ ដូច្នេះតម្លៃវប្បធម៌របស់យើង កាន់តែថយ បន្តិចម្ដងៗ។ ដោយសារយើងគ្នាឯងមិនឱ្យតម្លៃ អ្វីដែលជារបស់ខ្មែរ»។ នេះជាការត្អូញត្អែររបស់លោក សុផល។ 

រូបពីហ្វេសប៊ុក កីខ្មែរ - Kei Khmer

បុរសមានស្រុកកំណើតនៅខេត្តកំពតរូបនេះ ថាបច្ចុប្បន្នទីផ្សារហូល ដែលសហគមន៍លោកផលិតបាន  កាន់តែតឹងលក់។ ទោះជាយ៉ាងណាក៏ដោយ លោក សុផល ថាលោកនៅតែបន្តធ្វើរាល់ថ្ងៃ ដើម្បីជួយអ្នកត្បាញ ឱ្យបន្តការងារនេះបន្តិចបន្តួច កុំឱ្យតែពួកគាត់អត់ការងារធ្វើ។ ដោយសារការងារត្បាញ មានតិចតួច អ្នកត្បាញភាគច្រើន មានស្រែចម្ការ និងមុខរបរផ្សេងទៀត ដើម្បីផ្សំចំណូលផ្គត់ផ្គង់គ្រួសារ។
 
លោក ផែង សុផល សំណូមពរដល់ប្រជាជនខ្មែរទាំងអស់ ជួយគាំទ្រផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ តាមក្បួនបុរាណ។ ប្រសិនមានការគាំទ្រតាមរយៈការប្រើប្រាស់ច្រើន នោះលោកថាកូនចៅជំនាន់ក្រោយ នឹងបានដឹងបានស្គាល់ និងបានថែរក្សាបន្ត។ លោកថាបើខ្មែរព្រងើយកន្តើយ លើវិស័យហូលបុរាណនេះ វានឹងបាត់បង់បន្តិចម្ដងៗ ហើយនៅថ្ងៃណាមួយ វានឹងបាត់ពីក្នុងសង្គមខ្មែរតែម្ដង។ 
 
លោក ផេង សុផល ទទូចថា នៅពេលបាត់បង់ ហើយបរទេសយកទៅថែរក្សា សូមកុំពោលពាក្យស្ដាយ ហើយពោលពាក្យថាជារបស់ខ្លួន និងទៅឈ្លោះជាមួយគេ ព្រោះនៅពេលមរតកដូនតា នៅមានវត្តមាន មិនបានខ្វល់៕

Tag:
 បទយកការណ៍
  សិល្បៈ
  ហូល
  ពិតាន
  វប្បធម៌
  សូត្រ
  តម្បាញ
© រក្សាសិទ្ធិដោយ thmeythmey.com