ជាតិ
ផ្សោតឃ្លៀចមួយក្បាល បានងាប់ដោយជាប់មងនៅចំណុចឆ្នេរអូរឈើទាល
10, Dec 2023 , 10:05 am        
រូបភាព
ផ្សោតឃ្លៀចមួយងាប់ នៅឆ្នេរអូរឈើទាល។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តព្រះសីហនុ
ផ្សោតឃ្លៀចមួយងាប់ នៅឆ្នេរអូរឈើទាល។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តព្រះសីហនុ
ភ្នំពេញ៖ ផ្សោតឃ្លៀចឈ្មោលមួយក្បាល ត្រូវបានគេប្រទះឃើញងាប់នៅត្រង់ចំណុចឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ដោយសារជាប់មងប្រជានេសាទ កាលពីថ្ងៃទី៨ ខែធ្នូ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបញ្ជាក់នៅទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៩ធ្នូ ថា ផ្សោតនេះបានងាប់អស់ជាច្រើនថ្ងៃមកហើយ។


 
ផ្សោតឃ្លៀចដែលងាប់នេះជាផ្សោតឈ្មោល មានព្រុយខ្នង ដែលមានឈ្មោះវិទ្យាសាស្ត្រ (Indo - Pacific humpback dolphin) មានបណ្តោយប្រវែង២,២៤ម៉ែត្រ ទទឹងប្រវែង ០,៤៥ម៉ែត្រ និងទម្ងន់ប្រមាណ៨០គីឡូក្រាម។
 
តាមលក្ខណៈជីវសាស្ត្រ ផ្សោតឃ្លៀច គឺជាពពួកថនិកសត្វសមុទ្រ ដែលត្រូវការចាំបាច់បំផុតងើបមកលើផ្ទៃទឹក ដើម្បីដកដង្ហើម។ ដូច្នេះ នៅពេលជាប់មងដោយចៃដន្យ វាងាយនឹងឈ្លក់ទឹក។ 
គួរបញ្ជាក់ថា ផ្សោតឃ្លៀច ត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN និងស្ថិតនៅក្នុងតារាងឧបសម្ព័ន្ធទី១​អនុសញ្ញា CITES វារស់នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។
 
គេប្រទះឃើញផ្សោតប្រភេទនេះនៅតាមទីតាំងទឹករាក់នៃឆកកំពង់សោម លាតសន្ធឹងពីទិសខាងត្បូងឈៀងខាងលិច​បន្តរហូតដល់កោះរ៉ុង និងកោះរ៉ុងសន្លឹម និងរស់នៅឆកវាលរេញ៕ 
 

Tag:
 ផ្សោតឃ្លៀច
  ឆ្នេរអូរឈើទាល
  រដ្ឋបាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com