សេដ្ឋកិច្ច
អន្តរជាតិ
រដ្ឋមន្រ្តីកសិកម្មថៃ ព្រមានកសិករកុំឱ្យយកពូជស្រូវពីវៀតណាម
10, Dec 2023 , 10:44 am        
រូបភាព
លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ (ក្នុងរង្វង់)។ រូបភាព AFP និងBangkok Post
លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ (ក្នុងរង្វង់)។ រូបភាព AFP និងBangkok Post
រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ នៅថ្ងៃទី៨ ខែធ្នូ បានព្រមានកសិករកុំឱ្យលួចនាំយកពូជស្រូវ ឬដាំស្រូវ មានប្រភពពីវៀតណាម ដោយសារមិនទាន់ទទួលបានការអនុញ្ញាត ឬអាចរងបណ្តឹងពីវៀតណាម។

 
ពូជស្រូវមកពីវៀតណាម អាចបង្កើនទិន្នផលបានច្រើន ជាងពូជស្រូវរបស់ថៃក្នុងមួយរ៉ៃ ហើយថែមទាំងបង្កើនចំណូលបានច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ។ 
 
ដោយទទួលស្គាល់ពូជស្រូវមកពីវៀតណាមអាចបង្កើនទិន្នផលច្រើនជាង រដ្ឋមន្រ្តីកសិកម្ម បានព្រមានកសិករកុំឱ្យលួចនាំចូល ឬដាំស្រូវមានប្រភពមកពីប្រទេសជិតខាងរបស់ខ្លួន។ តាមការព្រមានរបស់លោក Thamanat នៅថ្ងៃទី៨ ខែធ្នូ កសិករ អាចប្រឈមមុខនឹងបញ្ហា ប្រសិនបើវៀតណាម ដាក់ពាក្យបណ្តឹងលើពួកគេ ដោយសារពូជស្រូវទាំងនោះ មិនទាន់ទទួលបានការអនុញ្ញាតឱ្យដាំនៅក្នុងប្រទេសខ្លួនឡើយ។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីកសិកម្មថៃរូបនេះ មិនបានបញ្ជាក់ពីប្រភេទពូជស្រូវ ដែលកសិករថៃ អាចលួចដាំ ឬលួចនាំយកពូជនោះមកឡើយ។ 
 
ត្រង់ចំណុចនេះ លោក Thamanat បានលើកឡើងថា ប្រសិនបើប្រជាជនរងបណ្តឹងពីប្រទេសជិតខាង វាអាចប៉ះពាល់ដល់មុខមាត់របស់ប្រទេស និងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីកសិកម្មថៃ បានអះអាងថា នាយកដ្ឋានអង្ករ មិនអាចផ្តល់ការទទួលស្គាល់លើពូជស្រូវដែលលួចនាំចូលពីប្រទេសជិតខាងនោះទេ។ 
 
កន្លងមក អង្គរវៀតណាមប្រភេទST25 បានទទួលពានរង្វាន់លេខ១ សម្រាប់ពាន World's Best Rice 2023 នៅសន្និសីទអង្ករពិភពលោក នៅហ្វីលីពីន ខណៈអង្ករកម្ពុជាទទួលបានលេង២ និងឥណ្ឌាលេខ ៣។ ចំណែកថៃ អវត្តមានក្នុងកម្មវិធីមួយនេះ៕
 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com