ជាតិ
សុខភាព
វេជ្ជបណ្ឌិត យាង ឈាង អតីតអនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ទទួលពាន Unsung Hero នៅCOP28
10, Dec 2023 , 2:59 pm        
រូបភាព
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត យាង ឈាង អតីតអនុប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ កម្ពុជា ទទួលបានពានរង្វាន់ Unsung Hero។ ការប្រកាសពានរង្វាន់នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ នាសន្និសីទកំពូលអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ២០២៣ (COP28)  ដែលរៀបចំនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។  ពានរង្វាន់ Unsung Hero ជាពានសម្រាប់ទទួលស្គាល់ និងអបអរចំពោះបុគ្គលឆ្នើមដែល លះបង់កម្លាំងកាយ ចិត្ត  និងស្មារតី នៅក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺឆ្លង។

 
 
លោកវេជ្ជបណ្ឌិត យាង ឈាង បច្ចុប្បន្នមានវ័យ៨៥ឆ្នាំ បានចំណាយពេលវេលាប្រមាណជិត៧ទសវត្ស នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាម នៅក្នុងប្រទេសកម្ពុជា។  
 
នៅមុនរបបខ្មែរក្រហម លោក យាង ឈាង បានទទួលបានការបណ្តុះបណ្តាលនៅវិទ្យាស្ថានជីវវិទ្យាភ្នំពេញ និងបានជួយផ្តួចផ្តើមគម្រោងសាកល្បងការលុបបំបាត់ជំងឺគ្រុនចាញ់ជាលើកដំបូងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ នៅភាគខាងកើតប្រទេសកម្ពុជា។ លោកបានកាន់តួនាទីជាន់ខ្ពស់ជាបន្តបន្ទាប់ និងជាប្រធានការិយាល័យបច្ចេកទេសនៃកម្មវិធីជំងឺគ្រុនចាញ់ ស្របពេលដែលខ្មែរក្រហមឡើងកាន់អំណាច។ 


 
ក្រោយរស់រានមានជីវិតពីរបបវាលពិឃាដ និងជាច្រើនឆ្នាំក្រោយពីរបបនេះផុតរលត់  លោក យៀង និងអ្នកដែលរស់រានជីវិត១២នាក់ទៀត បានទទួលប្រាក់ចំនួន ១.៨ លានដុល្លារពីអង្គការសុខភាពពិភពលោក ដើម្បីបង្កើតកម្មវិធីជាតិគ្រប់គ្រងជំងឺគ្រុនចាញ់ក្នុងប្រទេសឡើងវិញ។ 
 
ក្រោយមកទៀត លោក យាង ឈាង បានក្លាយជានាយករងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយណែនាំកម្មវិធីមុងជ្រលក់ថ្នាំដំបូងគេនៅកម្ពុជា និងបន្ទាប់មកបានបង្កើតកម្មវិធីជាតិគ្រប់គ្រងជំងឺគ្រុនចាញ់នៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត យាង ឈាង បានលះបង់ពេលវេលារបស់ខ្លួនចូលរួម និងអប់រំសហគមន៍ ក៏ដូចជាធ្វើជាណែនាំដល់អ្នកជំនាញសុខភាពសាធារណៈ។ ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំជាច្រើនទសវត្សរ៍ ប្រទេសកម្ពុជាបានឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលជាសមិទ្ធផលដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តសុខភាពសាធារណៈរបស់ប្រទេស៕
 

Tag:
 សុខភាព
  យាង ឈាង
© រក្សាសិទ្ធិដោយ thmeythmey.com