ជាតិ
ហេតុអ្វីអាជ្ញាធរជាតិអប្សរាមិនឱ្យមានតូបលក់ដូរចល័តថ្មីនៅតំបន់ប្រាសាទ?
10, Dec 2023 , 6:59 pm        
រូបភាព
សៀមរាប៖ ការគ្រប់គ្រងការលក់ដូរនៅតំបន់ប្រាសាទ ជារឿងសំខាន់មួយដែលអាជ្ញាធរជាតិអប្សរា មិនដកដៃឡើយ ដ្បិតយល់ថា វានឹងបង្កភាពគ្មានសណ្ដាប់ធ្នាប់ និងបាត់បង់សោភ័ណភាព ប្រសិនបើបណ្ដោយឱ្យលក់ដូរច្រើន និងគ្មានការគ្រប់គ្រងត្រឹមត្រូវ។

 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ 
 
 
ប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់ក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ លោកស្រី ចាន់ ឧត្តមបញ្ញា បានឱ្យដឹងថា ការលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្មុគស្មាញច្រើន ដ្បិតមានពលរដ្ឋច្រើនចង់ចូលមកលក់ដូរនៅតំបន់នេះ តែអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឡើយ។ផ្ទុយទៅវិញ អាជ្ញាធរជាតិអប្សរា ព្យាយាមរក្សាអ្នកលក់ចាស់ៗ និងទប់ស្កាត់មិនឱ្យមានការលក់ដូរថ្មីៗចូលតំបន់ប្រាសាទកាន់តែច្រើន ដោយបារម្ភមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់។
 
 បុគ្គលិកគ្រប់គ្រងសណ្ដាប់ធ្នាប់អ្នកស្រី បញ្ញា ស្នើឱ្យអ្នកលក់ដូរទាំងអស់យោគយល់ចំពោះបញ្ហានេះ និងចូលរួមគោរពបទបញ្ញត្តិនានា ដើម្បីការគ្រប់គ្រងសណ្ដាប់ធ្នាប់ និងអនាម័យតំបន់ប្រាសាទមានភាព ល្អប្រសើរ។ លោកស្រីបញ្ញា បន្ថែមថា៖«សូមចូលរួមទាំងអស់គ្នា ដើម្បីលើកមុខលើកមាត់ និងផ្តល់តម្លៃដល់រមណីយដ្ឋានអង្គរទាំងអស់គ្នា ព្រោះការរៀបចំរបស់ពួកខ្ញុំនេះ វាមិនមែនសម្រាប់តែពួកខ្ញុំទេ ព្រោះការរៀបចំនេះដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីទេសចរ ដើម្បីបងប្អូនរស់នៅក្នុងខេត្តសៀមរាបទាំងអស់គ្នា ប្រសិនបើតំបន់អង្គរយើងមានភាពរញ៉េរញ៉ៃដោយសារ អ្នកលក់ដូរអីច្រើន សួរថាយើងជាអ្នកដើរលេងចង់មកទៀតអត់ មិនចង់មកទេ មើលទៅវាអាណាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ ដែលមានអ្នកលក់ពាសពេញហ្នឹង»។ 


 
ចំពោះការងាររៀបចំតូបលក់ដូរនៅបរិវេណក្រុងអង្គរធំ បានរៀបចំចាប់ពីឆ្នាំ២០១១ និង២០១២មក បន្ទាប់អាជ្ញាធរជាតិអប្សរាសង្កេតឃើញភាពមិនរៀបរយនៅកន្លែងលក់ដូរ។ ការលក់ដូរកាន់តែកើនឡើង ប៉ះពាល់តម្លៃជាសាកលនៅក្នុងតំបន់ប្រាសាទ ដូច្នេះហើយដើម្បីរក្សាសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទ អាជ្ញាធរជាតិអប្សរា បានរៀបចំតូបលក់នៅទីតាំងចំនួន៣ ទី១នៅខាងលិចប្រាសាទបាយ័ន ទី២នៅបរិវេណជិតវត្តទេពប្រណម្យ និងមុខប្រាសាទព្រះពិធូរ។ 
 
យ៉ាងណា ការងាររៀបចំសណ្ដាប់ធ្នាប់នេះ មិនមែនជារឿងងាយស្រួលនោះទេ ពេលខ្លះត្រូវប្រឈមនឹង អ្នកលក់ដូរខ្លះ ដែលមានៈចង់រកចំណូលនៅតំបន់រមណីយដ្ឋានអង្គរ។ យ៉ាងនេះក្ដី ក្នុងនាមជាអ្នកថែរក្សាអង្គរមួយរូប បញ្ញា និងក្រុមការងារ ប្ដេជ្ញាថាមិនខ្លាចនឿយហត់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងតំបន់ប្រាសាទឱ្យបានល្អប្រសើរ៕





Tag:
 សណ្ដាប់ធ្នាប់តាមប្រាសាទ
  តូបលក់ដូរ
© រក្សាសិទ្ធិដោយ thmeythmey.com