អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ មិនពេញចិត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ព្រោះមិនអាចទិញទំនិញអ្វីបាន
10, Dec 2023 , 5:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
ប្រមុខរដ្ឋាភិបាលថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៩ ខែធ្នូ បានបង្ហាញការមិនពេញចិត្តលើសេចក្តីសម្រេចដំឡើង ប្រាក់ឈ្នួលអប្បបរមានថ្មី ព្រោះបង្កើនតិចពេក ខណៈចំនួនការដំឡើងប្រាក់ឈ្នួលអប្បបរមានៅខេត្តខ្លះ មិនអាចទិញសូម្បីតែស៊ុតបាន។


 
គណៈកម្មាធិការប្រាក់ឈ្នួល នៅថ្ងៃទី៨ ខែធ្នូ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនៅថៃ ដោយកើនពីចន្លោះ ២ទៅ ១៦បាត (០,០៥៦ដុល្លារ ទៅ ០,៤៥ដុល្លារ)។ យ៉ាងណាមិញ ការបង្កើនប្រាក់ឈ្នួលអប្បបរមានេះ បានធ្វើឱ្យលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន មិនពេញចិត្តយ៉ាងខ្លាំង ដោយសារវាមិនសមស្របនឹងការកើនឡើងនៃថ្លៃចំណាយការរស់នៅក្នុងពេលបច្ចុប្បន្ន។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានជំរុញគណៈកម្មាធិការប្រាក់ឈ្នួលឱ្យពិចារណាឡើងវិញ ដោយចាត់ទុកការដំឡើងនៅពេលថ្មីៗនេះ គឺទាបពេក។ 
 
បើតាមលោកសេដ្ឋា នៅក្នុងខេត្តចំនួន ៣ ការដំឡើងប្រាក់ឈ្នួលអប្បបរមាមានចន្លោះត្រឹមពី ២បាត ទៅ៣បាតប៉ុណ្ណោះ ដែលចំនួននេះ មិនអាចសូម្បីតែទិញស៊ុតសម្រាប់បរិភោគបាន។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលថៃ បានបន្ថែមថា រដ្ឋាភិបាល បានធ្វើគ្រប់យ៉ាង ដើម្បីកាត់បន្ថយភាពលំបាករបស់ប្រជាជន ដែលអាចរកចំណូលបានទាប តាមរយៈការកាត់បន្ថយថ្លៃទំនិញ, ដោះស្រាយបញ្ហាបំណុលក្រៅផ្លូវការ រួមទាំងបំណុលរបស់កសិករ។ លើសពីនេះ លោកសេដ្ឋា បានបំពេញទស្សនកិច្ចទៅបរទេស ៤ ឬ៥លើក ដើម្បីស្វែងរកការវិនិយោគពីបរទេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងកែលម្អការនាំចេញរបស់ថៃ។ 
 
បន្ទាប់ពីលើកឡើងពីកិច្ចខិតខំរបស់ខ្លួន លោកបានត្អូញត្អែរថា ប្រតិបត្តិករធុរកិច្ច និងនិយោជក បានសម្រេចដាក់សម្ពាធលើប្រាក់ឈ្នួល ជាជាងការពង្រីក ឬអភិវឌ្ឍរចនាសម្ព័ន្ធរបស់ពួកគេ ហើយបន្តស្វែងរកជំនួយពីរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ ក៏បានបង្ហាញពីការមិនពេញចិត្តចំពោះការបង្កើនប្រាក់ឈ្នួលទាបផងដែរ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com