ជាតិ
ខេត្តកំពង់ស្ពឺ ទទួលបានទេសចរជាង ៦៤ម៉ឺននាក់ ក្នុងរយៈ១១ខែឆ្នាំនេះ
10, Dec 2023 , 9:39 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រយៈពេល១១ខែឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺទទួលបានទេសចរចំនួន ៦៤២ ៩៥៦នាក់ ក្នុងនោះទេសចរជាតិ ៦៣៣ ៦៤១នាក់ និងទេសចរអន្តរជាតិ ៩ ៣១៤នាក់។ តួលេខនេះ កើនឡើងប្រមាណ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលខេត្តនេះមានទេសចរប្រមាណ៥៩ម៉ឺននាក់។

 
របាយការណ៍បឋមដែលសារព័ត៌មានឌីជីថលថ្មីៗទទួលបានពីមន្ទីរទេសចរណ៍ ទេសចរច្រើនទៅកម្សាន្តនៅរមណីយដ្ឋានគិរីរម្យ ទឹកធ្លាក់ជ្រាវ ខ្នងផ្សារ តំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ តំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួនទៀត។
 
តាមរបាយការណ៍ដដែល ខេត្តកំពង់ស្ពឺ មានរមណីយដ្ឋាននិងសមាគមន៍ទេសចរណ៍ ចំនួន២៧កន្លែង និងកន្លែងស្នាក់នៅប្រមាណ ៥៩កន្លែង។ សក្តានុពលតំបន់ទេសចរណ៍ទាំងនេះ ធ្វើឱ្យទេសចរណ៍ខេត្តកំពង់ស្ពឺនៅតែមានសកម្មភាព ដែលអាចផ្ដល់ចំណូលដល់ប្រជាជន មូលដ្ឋាន។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបន្តអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងបង្កើនផលិតផលទេសចរណ៍តាមសហគមន៍ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺទេសចរកាន់តែចាប់អារម្មណ៍។ អាជ្ញាធរ ក៏តែងតែអំពាវនាវដល់ភ្ញៀវទេសចរឱ្យបន្តមកកម្សាន្ត ដើម្បីបង្កើនមុខរបរបន្ថែមដល់ប្រជាជនក្នុងខេត្ត និងបញ្ចៀសការកាប់ទន្ទ្រានព្រៃឈើ៕


ទឹកធ្លាក់អូរគគី។ រូបភាពពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរទេសចរណ៍ខេត្ត​កំពង់ស្ពឺ

 

Tag:
 ទេសចរណ៍
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com