ជាតិ
វីដេអូ
លោក សូ សៅឌី ចង់ឱ្យកសិករបើកចិត្តស្វែងយល់បច្ចេកទេសថ្មីៗទាក់ទងការដាំស្វាយចន្ទី
10, Dec 2023 , 10:19 pm        
រូបភាព
កំពង់ធំ៖ ការដាំដុះដំណាំ ត្រូវការបច្ចេកទេស ដើម្បីជួយដោះស្រាយបញ្ហានានា ដែលកើតឡើងដោយសារកត្តាសត្វល្អិត ឬបញ្ហាអាកាសធាតុផ្សេងៗ។ លោក សូ សៅឌី អ្នកប្រឹក្សាបច្ចេកទេសដំណាំស្វាយចន្ទីរបស់អង្គការ GIZ ចង់ឱ្យកសិករចូលរួមស្វែងយល់ពីបច្ចេកទេស ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលជាបច្ច័យធ្វើឱ្យណាំចន្ទីរបស់ខ្លួនផ្តល់ផលកាន់តែប្រសើរ។

 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សូ សៅឌី អ្នកប្រឹក្សាបច្ចេកទេសរបស់អង្គការ GIZ ដូចតទៅ៖ 
 
 
«កសិករមួយចំនួន នៅតែគិតអវិជ្ជមានទៅលើបច្ចេកទេស និងអ្នកបច្ចេកទេស (ដែល)បានចុះទៅបណ្ដុះបណ្ដាល។ ដូច្នេះខ្ញុំចង់ឱ្យកសិករចូលរួមឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្តទៀត។ ព្រោះពេលបង្រៀនមានទាំងទ្រឹស្ដី និងការអនុវត្ត ដែលបង្កើតទំនុកចិត្តដល់កសិករ»។ នេះជាការលើកឡើងរបស់លោក សូ សៅឌី អ្នកប្រឹក្សាបច្ចេកទេសរបស់អង្គការ GIZ នៅក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅខេត្តចំនួន៣ គឺខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៩ វិច្ឆិកា-២ ធ្នូ។ 
 
លោក សូ សៅឌី បន្តថា តាមរយៈគម្រោង CRAS របស់ខ្លួន GIZ បានបណ្ដុះបណ្ដាលបច្ចេកទេសដល់គ្រូបង្គោល ដើម្បីក្លាយជាអ្នកចែករំលែកដល់កសិករបន្តទៀត។ បច្ចេកទេសដែលគម្រោងបានផ្ដល់រួមមាន ការគ្រប់គ្រងជីជាតិដី និងការផលិតជីទឹកធម្មជាតិ ការតាក់តែងមែក និងធ្វើអនាម័យចម្ការ និងការត្រួតពិនិត្យសមាសភាពចង្រៃ។
 
បើតាម លោក សូ សៅឌី បច្ចេកទេសនៃការដាំដុះដែលគិតរាប់ចាប់ពីការរៀបចំដី រហូតដល់ការប្រមូលផល ពិតជាសំខាន់ណាស់ ហើយកសិករបានចូលរួមវគ្គបណ្ដុះបណ្ដាលនោះធ្វើឱ្យការដាំដុះដំណាំស្វាយចន្ទី មិនមានផលលំបាកច្រើនឡើយ ហើយថែមទាំងទទួលបានទិន្នផលច្រើនទៀត៕
 
 

Tag:
 ស្វាយចន្ទី
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com