ជាតិ
អាជ្ញាធរជាតិអប្សរា និងGIZ បណ្ដុះបណ្ដាលអ្នកបន្តវេនអភិរក្សថ្មប្រាសាទ
11, Dec 2023 , 7:59 am        
រូបភាព
សិក្ខាកាមក្នុងគម្រោងអភិរក្សថ្មកំពុងពន្យល់ទេសចរពីបច្ចេកទេសអភិរក្ស និងជួសជុលថ្មបុរាណ
សិក្ខាកាមក្នុងគម្រោងអភិរក្សថ្មកំពុងពន្យល់ទេសចរពីបច្ចេកទេសអភិរក្ស និងជួសជុលថ្មបុរាណ
ដោយ: ថ្មីៗ
សៀមរាប៖ អង្គការ GIZ និងអាជ្ញាធរជាតិអប្សរាបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកបន្តវេន អភិរក្សថ្មនៅតំបន់ប្រាសាទ ក្នុងន័យបង្កើនធនធានអ្នកជំនាន់ក្រោយលើកិច្ចការអភិរក្សថ្មបុរាណ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
 
 
អង្គការ GIZ  និងអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែធ្នូ បានបើកគម្រោងការដ្ឋានអភិរក្សថ្មជំនាន់ទី២នៅប្រាសាទបន្ទាយសំរ៉ែ ដែលក្នុងនោះសិក្ខាកាមចំនួន២០នាក់ នឹងចុះអនុវត្តន៍ការដ្ឋានដោយផ្ទាល់។ ក្នុងពិធីបើកការដ្ឋានគម្រោងជួសជុល លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មបានបញ្ជាក់ថា ពិធីនេះក៏ដើម្បីអបអរខួប១៥ឆ្នាំ នៃក្រុមអភិរក្សថ្មនៅតំបន់អង្គរផងដែរ។
 
តាមការបញ្ជាក់ពីលោក ណារី គម្រោងបណ្ដុះបណ្ដាលអ្នកអភិរក្សថ្មនេះ បានចាប់ផ្តើមរយៈពេលជាងមួយឆ្នាំមកហើយ ហើយគម្រោងនេះមានរយៈពេលសរុបពីរឆ្នាំកន្លះ។ ការអនុវត្តការងារនៅការដ្ឋាន សិក្ខាកាមនឹងសិក្សាពីមេរៀនសំខាន់ៗជាច្រើន ដើម្បីក្លាយជាអ្នកអភិរក្សថ្មមួយរូបដ៏ពេញលេញ។ 
 
គម្រោងបណ្ដុះបណ្ដាលអ្នកអភិរក្សថ្មចាប់ផ្តើមពីឆ្នាំ២០១២មក ដែលពេលនោះអ្នកអភិរក្សថ្ម ជាខ្មែរ២០រូបទទួលបានការបណ្ដុះបណ្ដាល ដែលបច្ចុប្បន្នពួកគេកំពុងបំពេញតួនាទី នៅតាមការដ្ឋានប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ឡុង ណារី រំពឹងថា ក្នុងគម្រោងទី២នេះ នឹងបន្តបណ្ដុះ ឬផលិតធនធានអ្នកជំនាញខ្មែរលើការងារអភិរក្សថ្មបន្ថែមទៀត ដើម្បីរួមចំណែកជួយសង្រ្គោះប្រាសាទខ្មែរ។


 
«មុនដំណាក់កាលពួកគាត់ក្លាយជាអ្នកអភិរក្ស គាត់ត្រូវរៀនច្រើន ស្រាវជ្រាវផង ពិសោធន៍ខ្លួនឯងផង ហើយនិងសិក្សាផ្ទាល់ ផ្លាស់ប្ដូរបច្ចេកទេស អាចទៅសិក្សានៅតាមក្រុមផ្សេងៗដើម្បីប្រៀបធៀបចំណេះដឹង ត្រង់ណាល្អ ត្រង់ណាមិនល្អ ដើម្បីយក មកកែសម្រួលក្នុងការរៀនសូត្ររបស់ពួកយើង»។
 
លោកបន្ថែមថា៖« ដើម្បីឱ្យក្លាយជាអ្នកជំនាញអភិរក្សបាន គាត់ត្រូវការស្វែងយល់និងសិក្សាឱ្យបានច្រើន ពីព្រោះយើងជាពេទ្យថ្ម កាលណាពេទ្យគេសិក្សាយូរណាស់ ៣ទៅ៤ឆ្នាំឯណោះ ពេទ្យថ្មក៏សិក្សាច្រើនដូចគ្នាអ៊ីចឹង ប៉ុន្តែគ្រាន់តែស្រុកយើងមិនទាន់មានសាលាហ្នឹងនៅឡើយ ទើបយើងស្នើសុំឱ្យខាងបរទេសគេចាប់អារម្មណ៍ខាងហ្នឹង គេមកជួយ ពិសេសខាង GIZ ពីរនាក់ចុះមកជួយ ព្រោះកាលណាពេទ្យគេត្រូវការសិក្សាលម្អិតដឹងមុននឹងព្យាបាលថ្ម ឬប្រើអ្វីលើថ្ម យើងត្រូវរកហេតុផលវា ថាយើងព្យាបាលថ្មហ្នឹងទៅវាមានផលវិបាកអ្វី មានផលចំណេញអ្វី បានយើងធ្វើការ មិនអាចចេះតែនឹកឃើញធ្វើទេ…»។ 


 
យ៉ាងណាមិញ ជាអ្នកជំនាញអភិរក្សថ្មមួយរូប លោក ឡុង ណារី យល់ថា កម្ពុជាត្រូវការអ្នកជំនាញដូច្នេះច្រើនទៀត ដើម្បីបំពេញការងារនៅតាមប្រាសាទដែលមានចំនួនច្រើន។ លោកមានយោបល់ថា តាមប្រាសាទនីមួយៗគួរមានអ្នកជំនាញថ្មមួយក្រុមៗ ដើម្បីតាមដាន ពិនិត្យបញ្ហាសុខភាពរបស់ថ្ម និងប្រើប្រាស់បច្ចេកទេសដើម្បីព្យាបាលថ្មឱ្យមានសុខភាពល្អ រឹងមាំ។ លោក ណារី រំពឹងថា ១០ឆ្នាំខាងមុខកម្ពុជានឹងមានធនធានដូច្នេះបានច្រើន ស្របពេលដែលបច្ចុប្បន្នថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ចំពោះការបណ្ដុះបណ្ដាលធនធានដូច្នេះកាន់តែច្រើន និងមានជាបន្តបន្ទាប់៕





Tag:
 ការអភិរក្សថ្ម
  ឡុង ណារី
© រក្សាសិទ្ធិដោយ thmeythmey.com