សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី៖ Forest City អភិវឌ្ឍដោយក្រុមហ៊ុនចិនក្លាយជាទីក្រុងខ្មោច?
11, Dec 2023 , 8:39 am        
រូបភាព
forest City នៅម៉ាឡេស៊ី ។ រូបភាព ៖ AFP
forest City នៅម៉ាឡេស៊ី ។ រូបភាព ៖ AFP
គម្រោងអចលនទ្រព្យ Forest City ដ៏ធំរបស់ម៉ាឡេស៊ីបានក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារបញ្ហាពាក់ព័ន្ធក្រុមហ៊ុនអភិវឌ្ឍចិន Country Garden ដែលជាអ្នកដឹកនាំគម្រោងលំនៅដ្ឋាននេះ។ មកទល់ពេលនេះ គម្រោងសាងសង់ ១០០ពាន់លានដុល្លារទើបសម្រេចបាន ១៥ភាគរយប៉ុណ្ណោះ ខណៈម្ចាស់អភិវឌ្ឍកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ។

 
គម្រោង Forest City ទាំងអស់ត្រូវបានសាងសង់នៅលើកោះសិប្បនិមិត្តចំនួន ៤ ដែលមានផ្ទៃដីប្រហែល ៣០០០ហិចតាធំជាងកោះ Sentosa របស់សិង្ហបុរីដល់ទៅ ៦ដង។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសាងសង់ទីក្រុងមួយសម្រាប់ប្រជាជនចំនួន៧០០ពាន់នាក់រស់នៅជាមួយនឹងបរិក្ខារប្រើប្រាស់សំបូរបែបរាប់ចាប់ពីការិយាល័យ រហូតដល់អគារផ្ទះល្វែង វីឡា សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសាលារៀន។
 
Forest City ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ក្រុមអភិវឌ្ឍអចលនទ្រព្យចិន Country Garden នៅក្រៅប្រទេស។ គម្រោងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនផង។
 
នៅឆ្នាំ ២០១៨ គម្រោង Forest City ត្រូវបានជាប់គាំងនៅមុនការបោះឆ្នោតជាតិម៉ាឡេស៊ី ខណៈដែលពេលនោះនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ បានពណ៌នាអំពីគម្រោងនេះថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រគល់អធិបតេយ្យភាពជាតិទៅឱ្យចិន។ នៅពេលដែលការសាងសង់បានបញ្ឈប់ Forest City ស្ថិតក្នុងពាក់កណ្តាលដំណាក់កាលទី២ នៃការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ តាមផែនការដើម។
 
រហូតមកដល់ពេលនេះ អាផាតមិនប្រមាណ២៨ ០០០ខ្នងត្រូវបានសាងសង់។ ផ្នែកអចលនទ្រព្យដែលបានបញ្ចប់នេះមានចំនួន ១៥ភាគរយនៃគម្រោងសរុបដែលត្រូវបានសាងសង់លើកោះសិប្បនិមិត្តដោយសន្យាថានឹងនាំមកនូវជីវិតបៃតង ជាមួយនឹងការគាំទ្រផ្នែកបច្ចេកវិទ្យាជាមួយនឹងទីលានវាយកូនហ្គោល និងសួនទឹក។ បច្ចុប្បន្នមានមនុស្សតែ៩០០០នាក់រស់នៅទីនេះ។ ចំនួនតិចតួចបើធៀបនឹងការរំពឹងទុក។ 
 
បន្ទាប់ពីសាងសង់ជិតមួយទស្សវត្សរ៍មក Forest City ដែលអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Country Garden បានបញ្ចប់គម្រោងនេះតែមួយផ្នែកប៉ុណ្ណោះ។ បច្ចុប្បន្ននេះ វាស្ទើរតែជាអគារខ្មោចដែលគ្មានមនុស្សរស់នៅ។ អាផាតមិនមួយចំនួនមានការចាប់អារម្មណ៍ខ្លះដែរសម្រាប់គម្រោងនេះ ប៉ុន្តែពួកគេសុទ្ធតែជាម្ចាស់បំណុលរបស់ Country Garden ។
 
បើតាមលោក John Han ដែលជាដៃគូនៅក្រុមហ៊ុនច្បាប់ Kobre & Kim មានមូលដ្ឋាននៅទីក្រុងញូវយ៉ក Forest City ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ Country Garden នៅបរទេស។ គម្រោងទំនើបដែលមិនទាន់បញ្ចប់នេះ អាចជួយម្ចាស់បំណុលរបស់ Country Garden ប្រមូលប្រាក់បានប្រហែល ១,៥ពាន់លានដុល្លារ។
 
Country Garden កាន់កាប់ដើមទុនប្រមាណ ៦០ភាគរយនៅក្នុងគម្រោងនេះ។ ចំណែកនៅសេសសល់ត្រូវបានកាន់កាប់ដោយ Esplanade Danga 88 ដែលជាក្រុមហ៊ុនឯកជនក្នុងស្រុកម៉ាឡេស៊ីគ្រប់គ្រងដោយស្ថាប័នរដ្ឋ Johor ។
 
យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក Forest City ត្រូវបានប្រដូចថាជា «ទីក្រុងខ្មោច» ស្រដៀងនឹងគម្រោងធំៗជាច្រើនដែលត្រូវបានសាងសង់នៅទូទាំងប្រទេសចិន ។ ប៉ុន្តែ Country Garden បានបដិសេធឈ្មោះហៅក្រៅនេះ។ ក្រុមហ៊ុនបានអះអាងថា ជាង ៨០ភាគរយនៃយូនីតរបស់អាផាតមិននៅទីនេះត្រូវបានលក់។ បើយោងតាមកាសែតអាម៉េរិក WSJ អាផាតមិនទាំងនេះភាគច្រើនត្រូវបានទិញជាការវិនិយោគ ហើយមិនមានមនុស្សរស់នៅទេ។ អាផាតមិនរាប់រយត្រូវបានដាក់លក់បន្ត និងជួលលើគេហទំព័រនៅម៉ាឡេស៊ី។
 
ស្ថិតិប្រតិបត្តិការលើគេហទំព័រទាំងនេះ បង្ហាញថាតម្លៃនៃអាផាតមិននៅក្នុងគម្រោងទំនើបនេះ បានធ្លាក់ចុះយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាផាតមិនមួយបន្ទប់ដែលធ្លាប់លក់ក្នុងតម្លៃ ២៨០ដុល្លារក្នុងមួយហ្វីតការ៉េ ឥឡូវនេះចុះមកត្រឹម ១១៦ដុល្លារ (១ហ្វីតប្រហែល ០,៣០៤៨ម៉ែត្រ) ។
 
ហេតុអ្វីអាផាតមិនរបស់ Forest City ពិបាកក្នុងការលក់ចេញ ? 
 
ដំបូងឡើយ ការលក់របស់គម្រោងនេះមានការកើនឡើងខ្ពស់ ដោយអតិថិជនគោលដៅជាជនជាតិចិនមានទ្រព្យសម្បត្តិស្តុកស្តមដែលចង់កាន់កាប់ផ្ទះទីពីរ ឬក៏វិនិយោគអចលនទ្រព្យនៅបរទេស។ ពេលនោះ គម្រោងរបស់ Forest City បានផ្លាស់ប្តូរវិញ ពេលទីក្រុងប៉េកាំងដាក់ចេញនូវគោលនយោបាយកំណត់លំហូរឥណទាននៅបរទេសក្នុងឆ្នាំ ២០១៦។
 
ក្រោយមក ទីផ្សារអចលនទ្រព្យចិនមានវិបត្តិនូវពាក់កណ្តាលឆ្នាំ ២០២១។ នៅពេលនោះ អាជីវកម្មជាបន្តបន្ទាប់ពីរាប់ចាប់ក្រុមហ៊ុនឯកជនធំៗដូចជា China Evergrande Group , Country Garden រហូតដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលដូចជា CIFI Holdings កំពុងប្រឈមនឹងការលំបាកលើលំហូរសាច់ប្រាក់ និងសមត្ថភាពក្នុងការសងបំណុល។
 
ការណ៍នេះដោយសារតែគោលនយោបាយ «បន្ទាត់ក្រហមបី» របស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។ នេះត្រូវបានគេចាត់ទុកថាជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនក្នុងប្រទេសនេះមិនព្រមទទួលខុសត្រូវ។ ជាលទ្ធផលនៃវិធានការទាំងនេះ ក្រុមហ៊ុនធំៗបានអស់សាច់ប្រាក់ដើម្បីបញ្ចប់គម្រោងធំៗ។
 
នៅក្នុងខែតុលា Country Garden ត្រូវបានបង្ខំឱ្យបោះបង់ចោលគម្រោងចំនួនពីរនៅអូស្ត្រាលី ដោយបានលក់គម្រោងអភិវឌ្ឍដែលមិនទាន់រួចរាល់នៅមែលប៊ន និងមួយទៀតនៅស៊ីដនី។
 
កត្តានយោបាយក្នុងស្រុកក៏ជាមូលហេតុនៃការលក់គម្រោងមិនចេញរបស់ Forest City ។ ក្នុងឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ បានរឹតបន្តឹងទិដ្ឋាការសម្រាប់អ្នកទិញចិនដោយលោកជំទាស់ជុំវិញការសាងសង់ Forest City គឺសម្រាប់តែជនបរទេស។
 
ពេលនោះ អ្នកទិញជាជនជាតិចិនដែលបណ្តាលឱ្យអតិថិជនគោលដៅរបស់ Forest City មានការព្រួយបារម្ភអំពីការរឹតបន្តឹងលើការបញ្ជាក់កម្មសិទ្ធិ។ ទីបំផុតជំងឺកូវីដ-១៩ បានរីករាលដាលធ្វើឱ្យគម្រោងកាន់តែពិបាកក្នុងការលក់ចេញ។
 
យ៉ាងណាមិញ Country Garden បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងទីផ្សារអចលនទ្រព្យចិនគ្រាន់តែជាសំលេងរំខានបន្តិចបន្តួចតែប៉ុណ្ណោះ ហើយប្រតិបត្តិការអភិវឌ្ឍនៅម៉ាឡេស៊ីដំណើរការអាជីវកម្មដូចធម្មតា។ លើសពីនេះ គម្រោងរបស់ Forest City នឹងត្រូវដាក់បញ្ចូលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយរវាងម៉ាឡេស៊ី និងសិង្ហបុរី។ 
 
លើសពីនេះ វិនិយោគិន និងរដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានក្តីរំពឹងខ្ពស់ចំពោះគម្រោងធំនេះ។ កាលពីខែសីហានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា តំបន់នេះនឹងត្រូវបានចាត់ទុកជាតំបន់ហិរញ្ញវត្ថុពិសេស ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធទាប និងងាយស្រួលក្នុងការសុំទិដ្ឋាការរយៈពេលវែង៕ 
 

Tag:
 ម៉ាឡេស៊ី
  អចលនទ្រព្យ
  ចិន
  Forest City
  Country Garden
© រក្សាសិទ្ធិដោយ thmeythmey.com