ជាតិ
កម្ពុជា ប្ដេជ្ញាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនគម្របព្រៃឈើឡើងវិញ
10, Dec 2023 , 6:29 pm        
រូបភាព
អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ។
អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ។
ភ្នំពេញ៖ ដ្បិតជាប្រទេសបញ្ចេញឧស្ម័នទាប តែកម្ពុជា បានប្ដេជ្ញាដើរតួនាទីសំខាន់ ក្នុងការដោះស្រាយគ្រោះអាសន្ននៃការបញ្ហាប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងតាមរយៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី៩ ខែធ្នូ។


 
ក្នុងសុន្ទរកថារបស់ខ្លួន លោក អ៊ាង សុផល្លែត បញ្ជាក់អះអាងថា កម្ពុជាបានដឹងពីភាពងាយរងគ្រោះ និងផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក កម្ពុជាប្តេជ្ញាដើរតួនាទីសំខាន់ ក្នុងការដោះស្រាយគ្រោះអាសន្នអាកាសធាតុបន្ទាន់ ទោះបីខ្លួនបញ្ចេញឧស្ម័នទាបក៏ដោយ។ 
ក្នុងកិច្ចការងាដោះស្រាយបញ្ហាអាកាសធាតុនេះ កម្ពុជាការយកចិត្តទុកដាក់លើការបង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ។ ក្នុងនោះដែរ ក្រសួងបរិស្ថាន បានរួមចំណែកដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់១លានដើម ក្នុង១ឆ្នាំ ព្រមទាំងពង្រឹងការការពារព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាព ផងដែរ។ 
 
កម្ពុជា បានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជាមានថាមពលស្អាតរហូតដល់ ៦២ភាគរយ រួចហើយ។ នាពេលថ្មីៗនេះ កម្ពុជាក៏បានលុបចោលគម្រោងថាមពលធ្យូងថ្មក្នុងស្រុក៧០០MW។ លើសពីនេះ កម្ពុជាបានប្ដេជ្ញាចិត្ត និងដាក់ចេញយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដើម្បីការពារកុំឱ្យសីតុណ្ហភាពកើនឡើងលើសពីកម្រិតនៃ១,៥ អង្សាសេ។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជំរុញដល់សហគមន៍អន្តរជាតិកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ពាន់លានដុល្លារក្នុង១ឆ្នាំ ព្រមទាំងបង្កើនថវិកាសម្រាប់ មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្ស៊ាំ(adaptation fund), មូលនិធិនៃការ បាត់បង់ និងខូចខាត(Loss and damage Fund ) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ៕  

Tag:
 ក្រសួងបរិស្ថាន
  អ៊ាង សុផល្លែត
  ការប្រែប្រួលអាកាសធាតុ
  គម្របព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com