កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទទួលជ័យជម្នះជាថ្មី រីឯ Man City វិលត្រលប់មកការប្រជែងតំណែងកំពូលក្រោយឈ្នះ Luton
11, Dec 2023 , 11:20 am        
រូបភាព
​Tottenham Hotspur បានយកឈ្នះលើក្រុម Newcastle United លទ្ធផល ៤-១ នាថ្ងៃទី១០ ខែធ្នូ។ ចំណែកក្រុម Manchester City ក៏បានវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងតំណែងកំពូលតារាង ក្រោយបានប្រកួតឈ្នះលើក្រុម Luton Town លទ្ធផល ២-១ ដែលជាការប្រកួតឈ្នះលើកដំបូងក្នុងការប្រកួត Premier League ៥លើក ចុងក្រោយ។



៥ប្រកួតចុងក្រោយរបស់ Spurs នៅក្របខណ្ឌ ​Premier League រងបរាជ័យ ៤លើក និងចាញ់ ១លើក ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ក្រុមមួយនេះតាំងពីឆ្នាំ ២០០៨ មក ហើយការឈ្នះ Newcastle United ជាលទ្ធផលឈ្នះដ៏ធំរបស់ពួកគេ ។
 
ជាការវិលត្រឡប់មកទីលានវិញរបស់ខ្សែប្រយុទ្ធ Richarlison កីឡាករសញ្ជាតិប្រេស៊ីលរកបានគ្រាប់បាល់ ២គ្រាប់ម្នាក់ឯង ដោយនៅនាទី៣៨ និងនាទី៦០ ហើយកីឡាករ Destiny Udogie នាទី២៦ ព្រមទាំងប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់ទី៤ នៅនាទី៨៥។ ១គ្រាប់របស់ Newcastle United កើតឡើងនៅនាទី៩០+១ ដោយកីឡាករ Joelinton។ រកបាន ៣ពិន្ទុ Spurs បន្តឈរចំណាត់ថ្នាក់លេខ ៥ ដោយមាន ៣០ពិន្ទុក្នុងដៃ ចំណែក Newcastle United បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដែលមាន ២៦ពិន្ទុ។
  


ចំណែកក្រុមការពារជើងឯក Manchester City ក៏រកបានការឈ្នះលើកដំបូងឡើងវិញក្រោយខកខាន ៤ប្រកួតកន្លងមកដោយលទ្ធផលស្មើ ៣ និងចាញ់ ១ នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Luton Town ដោយលទ្ធផល ២-១។ Man City វាយបកយកឈ្នះលើក្រុម Luton ដោយកីឡាករ Bernardo Silva នៅនាទី៦២ និង Jack Grealish នៅនាទី៦៥ ក្រោយពេលដែលកីឡាករ Elijah Adebayo របស់ក្រុមម្ចាស់ផ្ទះស៊ុតនាំមុខនៅនាទី៤៥+២។ 
 
ក្រុម Everton បានផ្តល់រសជាតិចាញ់ក្រៅដីជាលើកទី៣ ដល់ក្រុម Chelsea របស់លោក Mauricio Pochettino បន្ទាប់ពីពួកគេបានឈ្នះដោយលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Goodison Park។ ដោយឡែកក្រុម Fulham បានបន្តយកឈ្នះការប្រកួតដោយលទ្ធផលដ៏ធំ ២លើកជាប់គ្នា ដោយឈ្នះលទ្ធផល ៥-០ លើក្រុម West ham United ក្រោយពេលសប្តាហ៍មុនក្រុមនេះបានបំបាក់ Nottingham Forest ៥-០ ដូចគ្នា។
  


Aston Villa បន្តភាពខ្លាំងរបស់ខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីក្រុមប្រជែងបានកៅអីពានរង្វាន់អឺរ៉ុបលើកដំបូង កាលពីរដូវកាលមុន ។ក្រុមដែលលោក Unai Emery ដឹកនាំកំពុងតែក្លាយជាក្រុមដ៏គួឱ្យភ័យខ្លាចមួយ សម្រាប់ក្រុមដទៃនៅ Premier League។ Aston បានយកឈ្នះលើ Arsenal ដែលជាក្រុមកំពុងឈរកំពូលតារាងលទ្ធផល ១-០ ដែលជួយបន្ថយគម្លាតពិន្ទុរបស់ក្រុមដែលដឹកនាំដោយលោក Mikel Arteta ហើយរុញច្រានក្រុម Liverpool ដែលឈ្នះការប្រកួតលើ Crystal Palace លទ្ធផល ២-១ ឡើងឈរកំពូលតារាងវិញ។
 
សម្រាប់ចំណាត់ថ្នាក់វិញ Everton បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ដោយរកបានត្រឹម​ ១៣ពិន្ទុ ខណៈដែល Chelsea ធ្លាក់ទៅលេខ ១២។ Everton ប្រសិនបើមិនត្រូវកាន់ពិន្ទុចេញចំនួន ១០ពិន្ទុ ដោយក្របខណ្ឌ Premier League នោះទេ នោះក្រុមមួយនេះនឹងស្ថិតនៅចំណាត់ថ្នាក់លេខ ១០។ Fulham ២ប្រកួតចុងក្រោយរកបាន ១០គ្រាប់ ពួកគេឡើងដល់ចំណាត់ថ្នាក់លេខ​ ១០ មាន ២១ពិន្ទុ ហើយ West Ham United ស្ថិតនៅចំណាត់ថ្នាក់លេខ​៩ មាន ២៤ពិន្ទុ៕

Tag:
 Tottenham Hotspur
  Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com