សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហិច្ឆតារបស់ចិនក្នុងការដឹកនាំបច្ចេកវិទ្យា 6G
11, Dec 2023 , 7:39 pm        
រូបភាព
រូបភាព ៖ china daily
រូបភាព ៖ china daily
ខណៈពេលដែលបច្ចេកវិទ្យា 5G មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសជាច្រើនផង  ចិនបានកំណត់គោលដៅដើម្បីប្រើប្រាស់បច្ចេកវិទ្យា 6G នៅឆ្នាំ ២០៣០។

 
6G ជាជំហានបន្ទាប់ដែលនាំមុខពីបច្ចេកវិទ្យា 5G ហើយត្រូវបានរំពឹងថានឹងឈានដល់ល្បឿនមួយ terabit (TB) ក្នុងមួយវិនាទី។ នោះមានន័យថាជាមធ្យមរៀងរាល់វិនាទី អ្នកប្រើប្រាស់អាចទាញយកមាតិកា Netflix បាន ១៤២ម៉ោងជាមួយនឹងគុណភាពខ្ពស់បំផុត។ បើប្រៀបធៀបទៅនឹង 5G ល្បឿននៃបណ្តាញ 6G គឺលឿនជាង ១០០ដង។ បើតាមអ្នកជំនាញ 6G អាចភ្ជាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) និងអាចបង្កើតពិភពឌីជីថលស្របទៅនឹងពិភពពិតជាក់ស្តែង។
 
កាលពីខែមីនា នៅក្នុងវេទិកាអភិវឌ្ឍន៍ចិន (CDF) លោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានអះអាងថា ចិនកំពុងនាំមុខគេលើពិភពលោកក្នុងការពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍន៍ 6G ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសន្និសីទសកល 6G នៅថ្ងៃទី២២ ខែមីនាក្នុងទីក្រុងណានជីងដែលបានឯកភាពគ្នាលើការដាក់ពង្រាយសេវាបណ្តាញទូរស័ព្ទចល័ត 6G នៅឆ្នាំ ២០៣០។
 
បើតាមសារព័ត៌មាន ​​China Daily មហិច្ឆតារបស់ចិនមិនមែនធ្វើឡើងដោយគ្មានមូលដ្ឋាននោះទេ។ អាជីវកម្ម សាលារៀន និងអង្គការវិទ្យាសាស្ត្រជាច្រើននៅទីនេះ សម្រេចបាននូវរបកគំហើញនៅក្នុងបច្ចេកវិទ្យា 6G ដូចជាស្ថាបត្យកម្មបណ្តាញថ្មីជាដើម។ នៅថ្ងៃទី២២ ខែមេសា វិទ្យាស្ថានទី២៥ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានធ្វើតេស្តដោយជោគជ័យនូវល្បឿនបញ្ជូនឥតខ្សែ ១០០ជីកាប៊ីត (Gigabits) ក្នុងមួយវិនាទី ដែលខ្ពស់ជាងល្បឿនបណ្តាញមធ្យមរបស់5G ដល់ទៅ ១០០ដង (១GB ក្នុងមួយវិនាទី)។ នេះត្រូវបានចាត់ទុកថាជា របកគំហើញដ៏សំខាន់របស់ចិនក្នុងការស្រាវជ្រាវ 6G ។
 
នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី៦ ខែធ្នូ នៅលើទូរទស្សន៍ជាតិចិន ( CCTV ) លោក Wang Zhiqin នាយករងនៃបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន ដែលជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយជាតិ 6G បាននិយាយថា សម្រាប់អ្នកប្រើប្រាស់ទូទៅ 6G គឺលឿនជាងធម្មតាបើធៀប 5G។ ប៉ុន្តែនៅពេលបច្ចេកវិទ្យាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វានឹងផ្លាស់ប្តូរទាំងស្រុងនូវវិធីទំនាក់ទំនងរបស់មនុស្ស ជាពិសេសលើគំរូអាជីវកម្មថ្មី។
 
ដូច្នោះហើយ វិស័យចំនួនបីដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែល 6G លេចឡើងគឺ ការតភ្ជាប់ការយល់ឃើញរបស់មនុស្សជាមួយ AI  និងការតភ្ជាប់បន្តពីផែនដីទៅលំហអាកាស ព្រមទាំងការតភ្ជាប់ទៅកាន់ពិភពឌីជីថល។ លោក Wang Zhiqin បានសង្កត់ធ្ងន់ថា បណ្តាញ 6G នាពេលអនាគតនឹងមិនត្រឹមតែមានល្បឿនលឿន និងមានស្ថេរភាពជាង 5G ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជាកម្លាំងជំរុញសម្រាប់ទិន្នន័យធំៗដូចជា AI, Cloud, Blockchain និងវិស័យផ្សេងទៀតដើម្បីអភិវឌ្ឍរួមគ្នា។
 
សារព័ត៌មានជប៉ុន Nikkei បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការដែលនឹងជួយឱ្យមហិច្ឆតា 6G របស់ចិនក្លាយជាការពិត។ យ៉ាងណាមិញ អាជីវកម្មនៅក្នុងប្រទេសនេះក៏ត្រូវប្រឈមមុខនឹងការពិតដ៏អាក្រក់នៃការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។
 
ខណៈពេលដែលចិនពន្លឿនដំណើរការនៃការអភិវឌ្ឍ និងកំណត់ស្តង់ដារ 6G ប្រទេសផ្សេងទៀតក៏មិននៅស្ងៀមនោះដែរទេ។ ក្រុមហ៊ុន Sony និង Nokia ក៏បានប្រកាសពីភាពជឿនលឿននៃបច្ចេកវិទ្យាតភ្ជាប់ថ្មី។ នៅឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក រួមទាំង Apple, Google និង Intel ក៏បានចូលរួមជាមួយ Next G Alliance ដែលជាសម្ព័ន្ធភាពមួយដែលមានគោលដៅលើកកម្ពស់បណ្តាញទូរស័ព្ទ 6G ។
 
បើតាមសារព័ត៌មាន FT នៅពេលបច្ចេកវិទ្យា 6G ត្រូវបានបង្កើតឡើង វានឹងនាំឱ្យមានសេណារីយ៉ូពីរ។ របកគំហើញរបស់ចិនអាចបណ្តាលឱ្យបណ្តាប្រទេសលោកខាងលិចរួមដៃគ្នាកសាងស្តង់ដារផ្ទាល់ខ្លួនដែលរឹងមាំ។ ប្រសិនបើពួកគេមិនអាចសហការបានទេ ពួកគេត្រូវតែទទួលយក 6G ពីក្រុមហ៊ុនចិន Huawei ជំនួសឱ្យការអភិវឌ្ឍបណ្តាញ 5G សព្វថ្ងៃ៕ 

Tag:
 បច្ចេកវិទ្យា
  6G
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com