ជាតិ
វីដេអូ
និស្សិតកសិកម្មមួយក្រុម បង្កើតទូសម្ងួតត្រីដោយភ្ជាប់ Sensor ដើម្បីតាមដានគុណភាព និងអនាម័យ
12, Dec 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ និស្សិតវិស្វកម្មប្រព័ន្ធជីវៈកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្កើតទូសម្ងួតត្រីខ្នាតមធ្យមមួយ ដោយមានភ្ជាប់ប្រព័ន្ធផ្ដល់សញ្ញា Sensor ដើម្បីផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងគុណភាពកម្ដៅ សំណើម និងខ្យល់ចេញចូល ដែលធានាបាននូវគុណភាព និងអនាម័យខ្ពស់ ព្រមទាំងចំណេញពេលវាលា។


លោក មាន ចន្ទមករា អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវៈកសិកម្ម បានលើកឡើងថា ក្រុមរបស់លោកបានចំណាយប្រហែល១ខែ ដើម្បីបង្កើតទូសម្ងួតត្រីខ្នាតមធ្យមមួយ ដោយមានភ្ជាប់ប្រព័ន្ធផ្ដល់សញ្ញា (Sensor) ដើម្បីក្ដាប់យកទិន្នន័យពាក់ព័ន្ធនឹងប្រសិទ្ធនៃការហាល តាមរយៈការកំណត់ទៅលើ សីតុណ្ហភាព លំហូរខ្យល់ក្ដៅ សំណើម និងពន្លឺព្រះអាទិត្យ ជាដើម។
 
ការសម្រេចបង្កើតទូសម្ងួតដោយភ្ជាប់បច្ចេកវិទ្យាថ្មីនៅពេលនេះ ដោយសារពួកគេបានមើលឃើញថាកសិករខ្មែរនៅចំណុចខ្វះខាតពាក់ព័ន្ធនឹងការហាលត្រីប្រកបដោយប្រសិទ្ធភាព និងអនាម័យ។ ដូច្នេះ ទូសម្ងួតនេះ មានមុខងារតាមដានគុណភាពត្រី និងអនាម័យបន្ថែមទៀត។ 
 
លោក ប្រាប់ដូច្នេះថា៖«លក្ខណៈពិសេសនៃទូសម្ងួតត្រីយើង គឺការបំពាក់ប្រព័ន្ធ Sensor ដែលអាចផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការហាល។ គោលដៅដែលយើងផលិតទូនេះឡើង គឺចង់ផ្ដោតសំខាន់លើអនាម័យ និងគុណភាព ត្រីដែលហាលចេញមកឱ្យភាពប្រសើរឡើង ជាងការហាលតាមទម្លាប់»។ 
 
បើតាម លោក ចន្ទមករា ការប្រើប្រាស់ទូសម្ងួតដោយភ្ជាប់ Sensor នេះ ក៏បានជួយឱ្យកសិករចំណេញពេលវាលាផងដែរ។ ជាក់ស្ដែង តាមការតេស្ត ឃើញថា ការហាលត្រីក្រោមពន្លឺព្រះអាទិត្យកម្ដៅហក់ខ្ពស់ត្រឹម ៣៦ទៅ៣៧ អង្សាប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ការហាលក្នុងទូវិញ កម្ដៅកើនឡើងទ្វេដង ពោលគឺពី៥៦ទៅ៦០អង្សា ព្រោះវាមានឧបករណ៍ចាប់កម្ដៅ ដែលធ្វើឱ្យត្រីឆាប់ស្ងួត។
 
ការផលិតទូសម្ងួតបំពាក់ព័ន្ធប្រព័ន្ធSensor និងធ្វើតេស្ត ទទួលបានការឧបត្ថម្ភគាំទ្រ ពីគម្រោង CAPFish-Capture ដោយមូលិនិសហភាពអឺរ៉ុប (EU) និង UNIDO។
 
នាពេលបច្ចុប្បន្ន មានអ្នករកស៊ីត្រី ឬសិប្បកម្ម មិនច្រើននោះទេ ដែលប្រើប្រាស់ទូសម្ងួត។ តាមទម្លាប់ គឺកសិករតែងតែហាលត្រី ក្រោមពន្លឺព្រះអាទិត្យ ដោយដាក់តាមវាលតាមកាល ដែលងាយឱ្យរុយ ឬសត្វល្អិតទំ។ កត្តាប្រឈមមួយទៀត គឺនៅរដូវវស្សា ការហាលត្រីតែងតែជួបប្រទះនឹងបញ្ហាភ្លៀង ដូច្នេះ កសិករមិនអាចហាលត្រីបានស្ងួតនោះទេ ដែលនាំឱ្យខូច ឬដុះផ្សិត៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 កសិកម្ម
  វិស្វកម្មប្រព័ន្ធជីវៈកសិកម្ម
  សាកលវិទ្យាល័យភូមិន្ទកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com