កីឡាអន្តរជាតិ
អន្តរជាតិ
Messi-Ronaldo នឹងត្រូវប៉ះគ្នាជាថ្មី រវាង Inter Miami តទល់ Al Nassr នៅអារ៉ាប៊ីសាអូឌីត
12, Dec 2023 , 2:06 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi ដែលលេងឱ្យក្រុម Inter Miami នឹងត្រូវប្រកួតពានរង្វាន់មិត្តភាពចំនួន ២ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅដើមឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ Inter Miami នឹងត្រូវតទល់ក្រុម Al Nassr ដែលមានអតីតគូប្រជែង Cristiano Ronaldo កំពុងប្រកបអាជីព។ នេះបើតាមក្លិបស្ថិតនៅក្នុងក្របខណ្ឌ Major League Soccer បានប្រកាស នាថ្ងៃទី១១ ខែធ្នូ។



Inter Miami ត្រូវចូលរួមការប្រកួតពានរង្វាន់ The Riyadh Season Cup ដែលមាន ៣ក្រុម ត្រូវប្រជែងដណ្តើមពានរង្វាន់ មិត្តភាពអន្តរជាតិលើកដំបូង សម្រាប់ក្រុមស្ថិតក្នុង MLS ផងដែរ។ Inter Miami ត្រូវបន្តដំណើរការប្រកួតមិត្តភាព នៅក្នុងប្រទេសអ៊ែលសាវ៉ាឌ័រ និងទីក្រុងហុងកុង ប្រទេសចិន។
 
ប្រកួតនៅអារ៉ាប៊ីសាអូឌីតក្រុម Miami ត្រូវតទល់នឹងក្រុម Al Hilal នៅក្នុងកីឡដ្ឋាន Kingdom Arena ក្នុងទីក្រុងរីយ៉ាដ នៅថ្ងៃទី២៩ ខែមករា មុនពេលទៅប៉ះក្រុម Al Nassr ក្នុងកីឡដ្ឋានដដែល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។
 
«នេះគឺជាឱកាសដ៏សំខាន់មួយទៀត ដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាមួយនឹងអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តយើង។ យើងពិតជារីករាយដែលមានទំនាក់ទំនងជាមួយនឹងដៃគូសហការថ្មី នៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏សង្ឃឹមថាមនុស្សគ្រប់គ្នានៅលើពិភពលោក ហើយការប្រកួតនឹងក្លាយជាក្តីសុបិនសម្រាប់មនុស្សទាំងអស់សម្រាប់ការប្រកួតដ៏អស្ចារ្យមួយនេះ។»។ លោក Xavier Asensi នាយកផ្នែកជំនួញរបស់ក្លិប Miami បាននិយាយប្រាប់ទៅកាន់អ្នកកាសែតបែបនេះ។
 
រវាង Messi និង Ronaldo អតីតគូប្រជែងគ្នាទាំងពីរ នៅក្នុងក្របខណ្ឌ La Liga បានជួបគ្នាជាង ៣០លើករួចមកហើយ សម្រាប់ការប្រកួតតទល់គ្នា ហើយគិតជាសរុបកីឡាករទាំងពីររូបនេះ បានឈ្នះពានរង្វាន់ Ballon d’Or ដល់ទៅ ១៣លើក។ Messi ឈ្នះ Ballon d’Or ចំនួន ៨លើកក្នុងអាជីព។ 
 
មុនពេល Messi បានចាកចេញពីក្លិប PSG កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានលេងតទល់ជាមួយក្រុម Saudi All Star ដោយក្នុងនោះ ក៏មានវត្តមានរបស់ Ronaldo ហើយក្រុម PSG បានយកឈ្នះការប្រកួតដោយលទ្ធផល ៥-៣។ Messi ទៅកាន់ Inter Miami រូបគេបានជួយក្រុមឈ្នះពានរង្វាន់ League Cup ដែលជាពានរង្វាន់លើកដំបូងសម្រាប់ក្លិបស្ថិតនៅអាមេរិក​ ស្របពេលដែល Ronaldo បានជួយក្រុម Al Nassr ឈ្នះពានរង្វាន់ Arab King Cup ផងដែរ មុនពេលប្រកួតបើករដូវកាលថ្មី៕

Tag:
 Inter Miami
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com